កីឡាការិនីរុស្ស៊ីម៉ារីយ៉ា សារ៉ាប៉ូវ៉ានិងកីឡាការិនីបេឡារុសអាហ្សារេនកាសម្រេចបាននូវជោគជ័យរបស់ខ្លួន១ជំហាននៅក្នុងយុទ្ធនាការដណ្តើមយកពានជើងឯកក្របខ័ណ្ឌធំ Wimbledon ប្រចាំឆ្នាំ ២០១៣ក្រោយពីពួកគេបានឆ្លងផុតជុំទី១កាលពីថ្ងៃចន្ទទី២៤មិថុនាកន្លងមកនេះ។ ដោយឡែកសម្រាប់កីឡាករជើងខ្លាំងរបស់អេស្ប៉ាញរ៉ាហ្វាអែល ណាដាល់ត្រូវហាលអាវទាំងជុំបើកឆាកបន្ទាប់ពីបរាជ័យក្រោមថ្វីដៃកីឡាករលំដាប់ទី១៣៥ពិភពលោកជាតិបែលហ្ស៊ិក Steve Darcis ។ ដូចជាលើកមុនៗដែរ ការប្រកួតក្នុងឆ្នាំនេះធ្វើនៅ All England Tennis Club ស្ថិតក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។
សារ៉ាប៉ូវ៉ាម្ចាស់ពានក្របខ័ណ្ឌនេះឆ្នាំ២០០៤បានយកឈ្នះកីឡាការិនីបារាំងKristina Mladenovicក្នុងលទ្ធផលពិន្ទុ ៧-៦ និង៦-៣ ខណៈនាងអាហ្សារេនកាម្ចាស់ពានក្របខ័ណ្ឌ Australian Openឆ្នាំ២០១៣យកឈ្នះកីឡាការិនីព័រទុយហ្គាល់ Maria Joao Koehlerក្នុងលទ្ធផល ៦-១ និង៦-២ ។ សម្រាប់ណាដាល់ដែលជាជើងឯកឆ្នាំ២០០៨និង២០១០វិញហាក់ដូចជាស៊យបំផុតដែលត្រូវវេចសម្ពាយដើរចេញពីកម្មវិធីទាំងជុំដំបូង ។ អតីតកីឡាករលំដាប់ទី១លើលោករូបនេះ បានបន្ទោសថា របួសក្បាលជង្គង់គឺជាបុព្វហេតុនៃការបរាជ័យលើកនេះ ៕
ចែករំលែកព័តមាននេះ