ខេត្តស្វាយរៀង ៖ បុរសជនជាតិយួនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ មិថុនា ២០១៣ នៅក្នុងផ្ទះជួលស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ពីបទចែកចាយគ្រឿងញៀន ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះយិន យ៉ាំងធៀង ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅកន្លែងចាប់ខ្លួនខាងលើ។ សមត្ថកិច្ចបន្តថា ជនល្មើសបានប្រព្រឹត្តការជួញដូរគ្រឿងញៀនជាច្រើនលើកច្រើនសា ច្រើនខែមកហើយ។ ប្រតិបត្តិការបង្ក្រាបលើកនេះរឹបអូសបានវត្ថុតាងជាក់ស្តែងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម្សៅក្រាមពណ៌ស៤កញ្ចប់តូច ទម្ងន់០,០៣ក្រាម ទូរស័ព្ទ១ និងម៉ូតូម៉ាកវ៉េវអាល់ហ្វា១គ្រឿងជិះធ្វើសកម្មភាព ។
សមត្ថកិច្ចប្រឆាំងការជួញដូរគ្រឿងញៀននៅព្រឹកថ្ងៃទី២៥ មិថុនា ២០១៣នេះ ចាត់ការបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តស្វាយរៀង រួចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារនាវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ មិថុនា ២០១៣ ៕
ចែករំលែកព័តមាននេះ