ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាលី ៖​ TIMBUKTU ក្រុង​បុរាណ​ចម្លែក​នៅ​តំបន់អាហ្វ្រិក​ភាគខាងលិច

11 ឆ្នាំ មុន

ស្ថិត​នៅ​ប្រទេស​ម៉ាលី​ អាហ្វ្រិក​ភាគ​ខាង​លិច​ ក្រុង​បុរាណ​ Timbuktu តាម​ពិត​ពី​មុន​មក​មិន​សូវ​បាន​ពិភព​លោក​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ​ ទាល់​តែ​ពេល​មួយ​អ្នក​ឯក​ទេស​ជន​ជាតិ​អេស្ប៉ាញ​២នាក់​ បន្ទាប់​មក​អ្នក​ឯក​ទេស​បារាំង​៦​នាក់​ទៀត​ ត្រូវ​ពួក​ភេរវ​ករ​ AQim (គឺ​ពួក​អាល់​កៃដា​ក្នុង​ប្រទេស​ម៉ាលី)​ ចាប់​ខ្លួន​ ហើយ​មាន​ដំណឹង​ថា​ កំពុង​ត្រូវ​បង្ខាំង​ទុក​ជិត​ក្រុង​បុរាណ​ Timbuktu ទើប​ក្រុង​មួយ​

ស្ថិត​នៅ​ប្រទេស​ម៉ាលី​ អាហ្វ្រិក​ភាគ​ខាង​លិច​ ក្រុង​បុរាណ​ Timbuktu តាម​ពិត​ពី​មុន​មក​មិន​សូវ​បាន​ពិភព​លោក​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ​ ទាល់​តែ​ពេល​មួយ​អ្នក​ឯក​ទេស​ជន​ជាតិ​អេស្ប៉ាញ​២នាក់​ បន្ទាប់​មក​អ្នក​ឯក​ទេស​បារាំង​៦​នាក់​ទៀត​ ត្រូវ​ពួក​ភេរវ​ករ​ AQim (គឺ​ពួក​អាល់​កៃដា​ក្នុង​ប្រទេស​ម៉ាលី)​ ចាប់​ខ្លួន​ ហើយ​មាន​ដំណឹង​ថា​ កំពុង​ត្រូវ​បង្ខាំង​ទុក​ជិត​ក្រុង​បុរាណ​ Timbuktu ទើប​ក្រុង​មួយ​នេះ​ចាប់​ផ្តើម​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​, សារ​ព័ត៌​មាន​នៅ​អឺរ៉ុប​ និង​អាមេរិក​ខាង​ជើង​ចុះ​ផ្សាយ​និយាយ​រៀប​រាប់​ហូរ​ហែ​ ។

ក្រុង​ Timbuktu ស្ថិត​ត្រង់​ផ្លូវ​បំបែក​ជា​៥​អន្តរ​ជាតិ​ ដែល​ជន​ជាតិ​អារ៉ាប់​ធ្វើ​ចរា​ចរ​លក់​ដូរ​ហូរ​ហែ​តាំង​ពី​សតវត្ស​ទី៨​មក​ ។ វា​ជា​ក្រុង​មួយ​ដែល​កសាង​ដំបូង​ដោយ​ជន​ជាតិ​ Tuareg ហើយ​ចេះ​តែ​អ៊ូ​អរ​បន្តិច​ម្តងៗ​រហូត​ដល់​សតវត្ស​ទី​១១​ និង​រុង​រឿង​ខ្លាំង​ក្នុង​សម័យ​អធិរាជ​ Songhai នា​សត​វត្ស​ទី​១៥​ ។ ក្រោយ​មក​ ក្រុង​ Timbuktu ត្រូវ​ជន​ជាតិ​ម៉ារ៉ុក​ បន្ទាប់​មក​ជន​ជាតិ​បារាំង​ចូល​កាន់​កាប់​ត្រួត​ត្រា​ ។ ឆ្នាំ​១៩៦០​ ពេល​ប្រទេស​ម៉ាលី​ដណ្តើម​បាន​ឯក​រាជ្យ​រួច​ផុត​ពី​នឹម​អាណា​និគម​បារាំង​ ទើប​ក្រុង​ Timbuktu បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ជន​ជាតិ​ម៉ាលី​វិញ​ ។

ក្នុង​ក្រុង​ Timbuktu សព្វ​ថ្ងៃ​មាន​កន្លែង​ជា​ច្រើន​នៅ​រក្សា​បាន​ឯក​សារ​មាន​តម្លៃ​ពាក់​ព័ន្ធ​ដល់​សមុទ្រ​ខ្សាច់​សាហា​រ៉ា​ភាគ​ខាង​ត្បូង​ ។ ជន​ជាតិ​នានា​នៅ​ទីនោះ​ ដូច​យ៉ាង​ជន​ជាតិ​ Tuareg, Songhai, អារ៉ាប់​ជា​ដើម​ ថ្វី​បើ​រស់​ចុះ​សម្រុង​គ្នា​ធម្មតា​ តែ​ជន​ជាតិ​នីមួយៗ​រក្សា​ខ្ជាប់​ប្រពៃណី​រៀងៗ​ខ្លួន​ មិន​បាត់​បង់​ឡើយ​ ។ គ្រួសារ​ខ្លះ​ខិត​ខំ​ថែ​រក្សា​ឯក​សារ​ចាស់ៗ​រាប់​រយ​ឆ្នាំ​ ពាក់​ព័ន្ធ​វង្ស​ត្រកូល​ខ្លួន​ ឬ​ពាក់​ព័ន្ធ​នឹង​ក្រុង​ បាន​យ៉ាង​ល្អ​ ដែល​ជា​ហេតុ​ជួយ​បង្ក​ភាព​ងាយ​ស្រួល​ច្រើន​ដល់​អ្នក​ស្រាវ​ជ្រាវ​ ។

ប្រការ​ដែល​ចម្លែក​ គឺ​ប្រជា​ជន​ក្នុង​ក្រុង​ Timbuktu សព្វ​ថ្ងៃ​ អ្នក​ណា​ «ទាន់​សម័យ​គឺ​ទាន់​សម័យ​មែន​ទែន»​ ស្លៀក​ពាក់​ឆើត​ឆាយ​ ប្រើ​របស់​ទំនើបៗ​ ដូច​ខ្លួន​កំពុង​នៅ​បស្ចិម​ប្រទេស​, អ្នក​ណា​ «បុរាណ​គឺ​បុរាណ»​ នៅ​តែ​រក្សា​គំរូ​ពុម្ព​ស្បែក​ជើង​របស់​ព្យាការី​ជន​ជាតិ​ Tuareg ក្នុង​សតវត្ស​ទី​១៧​ សម្រាប់​គោរព​បូជា​, រៀន​តែ​អក្សរ​ជន​ជាតិ​ខ្លួន​ និង​រៀន​តែ​បញ្ញត្តិ​ផ្សេងៗ​ក្នុង​គម្ពីរ​កូរ៉ាន​ប៉ុណ្ណោះ​ ៕   តាមឯកសារបរទេស