ប្រទេសចិន ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជំរុញបណ្តាមន្ត្រីក្រោមឱវាទឱ្យរក្សាភាពស្ងប់ស្ងាត់ ចំពេលមានបញ្ហាប្រឈមក្នុងស្រុក និងពិភពលោក ដែលបង្ហាញសញ្ញាថា ទីក្រុងប៉េកាំងនឹងធ្វើការថ្លឹងថ្លែង ចំពោះការរឹតបន្តឹងពាណិជ្ជកម្ម និងការវិនិយោគថ្មី ក្រោមរដ្ឋបាលដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។ នេះបើតាមប្រភពពីគេហទំព័រ Bloomberg ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួរ (Xinhua) នៅថ្ងៃទី២៦ ខែកុម្ភៈ បានរាយការណ៍ថា លោក ស៊ី បានប្រាប់បណ្តាមន្ត្រីកំពូលរបស់លោក រួមទាំងការិយាល័យគោលនយោបាយ និងសមាជិកក្រុមប្រឹក្សារដ្ឋផងដែរថា ប្រទេសចិនត្រូវតែពង្រឹងសមត្ថភាពនយោបាយរបស់ខ្លួន និងឆ្លើយតបយ៉ាងស្ងប់ស្ងាត់ ចំពោះបញ្ហាប្រឈមនានា ដែលនាំមកដោយការផ្លាស់ប្តូរនៃស្ថានភាពក្នុងស្រុក និងក្រៅប្រទេស។
ការអត្ថាធិប្បាយរបស់លោកធ្វើឡើងស្របពេលលោក ត្រាំ ចាត់វិធានការដ៏ខ្លាំងក្លាបំផុតប្រឆាំងនឹងប្រទេសចិនក្នុងអាណត្តិទីពីររបស់លោក ដោយបង្កើនហានិភ័យទំនាក់ទំនងអាចនឹងកាន់តែអាក្រក់ទៅៗក្នុងពេលឆាប់ៗនេះ។ ទីក្រុងវ៉ាស៊ីនតោនបានបង្កើនសម្ពាធដោយរឹតបន្តឹងការចំណាយរបស់ចិនក្នុងវិស័យយុទ្ធសាស្ត្ររបស់អាមេរិក ដូចជា បច្ចេកវិទ្យា និងថាមពលជាដើម ដោយជំរុញឱ្យប្រទេសម៉ិកស៊ិកដាក់ពន្ធផ្ទាល់ខ្លួនលើការនាំចូលរបស់ចិន និងដំឡើងថ្លៃលើនាវាពាណិជ្ជកម្មផលិតក្នុងប្រទេសចិន ដើម្បីទប់ទល់នឹងភាពលេចធ្លោរបស់ប្រទេសនេះ លើការផលិតនាវា។
សេតវិមានក៏កំពុងធ្វើការលើការរឹតបន្តឹងគ្រឿងអេឡិចត្រូនិកឱ្យកាន់តែតឹងរឹងជាងមុន និងជំរុញឱ្យសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន បង្កើនដែនកំណត់ផ្ទាល់ខ្លួនលើឧស្សាហកម្មបន្ទះឈីបរបស់ចិនក្នុងគោលបំណងទប់ស្កាត់ភាពជឿនលឿននៃបច្ចេកវិទ្យារបស់ទីក្រុងប៉េកាំង។ តាមរយៈភាពតានតឹងកំពុងតែកើនឡើងនេះ បានធ្វើឱ្យអ្នកវិនិយោគទូទាំងពិភពលោកមានការភ្ញាក់ផ្អើលខ្លាំង និងបានអូសទាញភាគហ៊ុនចិនធ្លាក់ចុះផងដែរ។
នៅក្នុងសុន្ទរកថាចុងក្រោយ លោក ស៊ី ក៏បានអំពាវនាវដល់មន្ត្រីកំពូលឱ្យរក្សាស្ថិរភាពសង្គម លើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់កម្រិតជីវភាពប្រជាជនជាលំដាប់ផងដែរ។
សូមជម្រាបថា ប្រទេសចិនកំពុងព្យាយាមដើម្បីបិទបញ្ចប់ការធ្លាក់ចុះសេដ្ឋកិច្ច ដែលអូសបន្លាយដោយការនាំចេញដ៏សំខាន់របស់ខ្លួន ប្រឈមនឹងសម្ពាធកើនឡើងពីភាពតានតឹងពាណិជ្ជកម្មនៅបរទេស។ កាលពីថ្មីៗនេះ លោក ស៊ី ទើបតែជួបពិភាក្សាការងារជាមួយសហគ្រិនឯកជនកំពូលៗរបស់ប្រទេសចិន នៅក្នុងអ្វីដែលអ្នកវិភាគមើលឃើញថា គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារទំនុកចិត្តក្នុងវិស័យឯកជន។ ស្របពេលអ្នកសេដ្ឋកិច្ចរំពឹងថា កិច្ចប្រជុំសភាជាតិនាពេលខាងមុខនេះ រដ្ឋាភិបាលចិន នឹងដាក់ចេញនូវវិធានការថ្មីៗ ដើម្បីជំរុញការប្រើប្រាស់៕

ចែករំលែកព័តមាននេះ