ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រាប់​លោក​ត្រាំ​ថា បើ​ចង់​ចរចា​ពាណិជ្ជកម្ម អា​មេ​រិ​ក​គួរ​លុប​ពន្ធ​ប្រឆាំ.ង​នឹង​ចិន​សិន

8 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​លុប​ចោលការ​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ខ្លួន ដើម្បី​ជា​សញ្ញា​បង្ហាញ​ថា លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ (Donald Trump) ពិតជា​មានការ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ការ​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​ទាំង​ពីរ​។…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​លុប​ចោលការ​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ខ្លួន ដើម្បី​ជា​សញ្ញា​បង្ហាញ​ថា លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ (Donald Trump) ពិតជា​មានការ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ការ​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​ទាំង​ពីរ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC បាន​ចេញផ្សាយ​។

អ្នកនាំពាក្យ​ក្រសួង​បរទេស និង​ក្រសួងពាណិជ្ជកម្ម​ចិន កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ បាន​ថ្លែង​ចំពោះ​មុខ​បណ្តា​អ្នក​សារព័ត៌មាន​ថា រហូត​មក​ទល់​ពេល​នេះ មិន​មាន​កិច្ចចរចា​ពាណិជ្ជកម្ម​ណាមួយ​ជាមួយ​សហរដ្ឋអាមេរិក​កើតឡើង​នោះ​ទេ បើ​ទោះបីជា​មានការ​ផ្ដល់​សញ្ញា​បន្ធូរបន្ថយ​សង្គ្រាម​ពាណិជ្ជកម្ម​ពី​រដ្ឋបាល​លោក ត្រាំ យ៉ាងណា​ក៏​ដោយ​។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ពីរ​របស់​ពិភពលោក​បាន​នឹង​កំពុង​កើនឡើង​ប្រៀប​ដូច​ភ្នំភ្លើង​រង់ចាំ​តែ​ពេល​ផ្ទុះ​ទៅ​ហើយ ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ​នេះ ស្រាប់​លោក ត្រាំ ហាក់​បន្ទន់​ជំហរ​របស់​លោក​ចំពោះ​ចិន ដោយ​បង្ហើប​ថា ពន្ធ​ដែល​លោក​បាន​ដាក់​លើ​ការ​នាំ​ចូល​ទំនិញ​របស់​ចិន​នឹង​ត្រូវ​កាត់​បន្ថយ​ច្រើន ប៉ុន្តែ​មិន​ធ្លាក់​ដល់​អត្រា​សូន្យ​ឡើយ​។ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ដោយ​លោក ត្រាំ បាន​ដាក់​ពន្ធ​នាំ​ចូល​រហូត​ដល់ ១៤៥% លើ​ទំនិញ​ចិន ហើយ​ជា​ការ​ឆ្លើយ​តប​ទីក្រុង​ប៉េ​កាំ​ង​បាន​វាយបក​វិញ​ជាមួយនឹង​ពន្ធ​សងសឹក ១២៥% លើ​ទំនិញ​នាំ​ចូល​ពី​អា​មេ​រិ​ក​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដ៏​រឹង​មាំ​បំផុត​មួយ​របស់​ចិន កាលពី​ថ្ងៃ​ទី​២៤ ខែមេសា កន្លង​ទៅ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក He Yadong បាន​ថ្លែង​ថា សហរដ្ឋអាមេរិក​គួរតែ​ដក​ចេញ​នូវ​វិធានការ​ពន្ធ​ឯកតោភាគី​ទាំងអស់​ប្រឆាំង​នឹង​ប្រទេស​ចិន​ជា​មុន​សិន ប្រសិនបើ​ពួក​គេ​ពិតជា​ចង់​ដោះស្រាយ​បញ្ហា​។ លោក​បាន​បន្ថែម​ថា «​អ្នក​ដែល​ចង​កណ្ដឹង​ត្រូវ​តែ​ស្រាយ​វា​ដោយ​ខ្លួនឯង​»​។

ដោយឡែក អ្នកនាំពាក្យ​ក្រសួងការបរទេស លោក Guo Jiakun ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​មិន​បាន​ធ្វើការ​ពិភាក្សា ឬ​ចរចា​ណាមួយ​លើ​បញ្ហា​ពន្ធគយ​នោះ​ទេ ដោយ​លោក​បាន​បន្ថែម​ថា រាល់​របាយការណ៍​ណាមួយ​ដែល​អះអាង​អំពី​ដំណើរការ​ចរចា​រវាង​ប្រទេស​ទាំង​ពីរ គឺជា​រឿង​មិន​ពិត​។

កាលពីមុន លោក ត្រាំ បាន​លើក​ឡើង​ថា ការ​ចរចារ​រវាង​ប្រទេស​ទាំង​ពីរ​គឺ​លេច​រូបរាង ហើយ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ​រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក លោក Scott Bessent ដែល​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣ ខែមេសា​ថា ពួក​គេ​មិន​ទាន់​បាន​ចាប់ផ្តើម​ការ​ចរចា​ជាមួយ​ចិន​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ