ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​ពិនិត្យផ្ទៀងផ្ទាត់ស្ថានភាព​ព្រំដែន​នៅ​តំបន់​ភូមិ​ព្រៃ​ចាន់

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ថា ៖…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ថា ៖ នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​៨:២៥​នាទី​ព្រឹក ក្រុម​សម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ភូមិ​ព្រៃ​ចាន់ ខេត្តបន្ទាយមានជ័យ លើ​ការ​គោរព និង​អនុវត្ត​វិធានការ​ទាំងអស់​ក្នុង​សេចក្តី​ប្រកាស​រួម ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចុះ​សង្កេតការណ៍​លើក​នេះ គឺជា​បេសកកម្ម នៃ​ការ​ចុះ​សង្កេតការណ៍​ប្តូរ​វេន​រវាង​ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍​ចប់​អាណត្តិ​ម៉ា​ឡេ​ស៊ី ដែល​នឹង​ត្រូវ​ផ្ទេរ​ជូន​ប្រទេស​ហ្វី​លី​ពី​ន ដឹកនាំ​បន្ត ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន និង​ជា​ប្រធាន​ដឹកនាំ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) បន្ត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា នៅ​តែ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ