ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវទឹកឡើងឆ្នាំនេះ អ្នកភូមិអាំងកុកលែងពិបាកជិះទូកដូចឆ្នាំមុនៗទៀតហើយ

7 ម៉ោង មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជាង២០០គ្រួសារ នៅ​ភូមិ​ស្ទឹង​សន្តិភាព ហៅ​ភូមិ​អាំង​កុក ឃុំ​អ្នក​​លឿង ស្រុក​ពាម​រក៍ កំពុង​តែ​សប្បាយរីករាយ​ជា​ខ្លាំង ដោយសារ​តែ​អាជ្ញាធរ​ស្រុក​បានដាក់​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ធ្វើ​ផ្លូវ​ជូន​ដល់អ្នក​ភូមិ ដែល​ផ្លូវ​នេះ​នឹង​មាន​កម្ពស់​ខ្ពស់​ផុត​ពី​ទឹកអាច​ឲ្យ​ប្រជាពល​រដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​បាន​គ្រប់ពេលវេលា…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជាង២០០គ្រួសារ នៅ​ភូមិ​ស្ទឹង​សន្តិភាព ហៅ​ភូមិ​អាំង​កុក ឃុំ​អ្នក​​លឿង ស្រុក​ពាម​រក៍ កំពុង​តែ​សប្បាយរីករាយ​ជា​ខ្លាំង ដោយសារ​តែ​អាជ្ញាធរ​ស្រុក​បានដាក់​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ធ្វើ​ផ្លូវ​ជូន​ដល់អ្នក​ភូមិ ដែល​ផ្លូវ​នេះ​នឹង​មាន​កម្ពស់​ខ្ពស់​ផុត​ពី​ទឹកអាច​ឲ្យ​ប្រជាពល​រដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​បាន​គ្រប់ពេលវេលា ទោះបីជា​ក្នុង​រដូវ​ទឹក​ឡើង​ក៏​ដោយ ។

អ្នក​ភូមិ​អាំង​កុក​បានឱ្យ​ដឹង​ថា ទោះបី​ភូមិ​របស់​គាត់​ជាទី​ទួល​មិន​មានទឹក​លិច​ក៏​ដោយ ប៉ុន្តែ​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​របស់​គាត់​ជា​ផ្លូវ​ដី និង​ទំនាប ដល់​ពេល​ខែវស្សា​តួ​ផ្លូវបែក​ភក់​ពិបាកធ្វើ​ដំណើរ ហើយ​នៅ​រដូវ​ទឹក​ឡើង ផ្លូវ​ទាំងមូល​ត្រូវ​ទឹក​លិច ចង់ទៅ​ណា​មក​ណា ត្រូវធ្វើ​ដំណើរ​ដោយ​ជិះទូក គឺ​ពិបាក​ខ្លាំង​ណាស់ ពិសេស​ក្មេង​ៗ​សិស្សសាលា និង​អ្នកជំងឺ​ឈឺ​ថ្កាត់​ពេល​យប់​ព្រលប់ ។

លោក ស្វាយ សំ​អុល អនុប្រធាន​ភូមិ​ស្ទឹងស្លូត បានឱ្យ​ដឹង​ថា ផ្លូវ​នេះ​មិន​ត្រឹមតែ​អ្នក​ភូមិ​អាំង​កុក​ជាង ២០០​គ្រួសារ​ប៉ុណ្ណោះ​ទេ អ្នក​ភូមិ​ស្ទឹង​ស្លូត​ជា​ច្រើន​គ្រួសារ​ក៏​ប្រើប្រាស់​ផ្លូវ​នេះ​ដែរ ។ដោយ​មើលឃើញ​ថា ផ្លូវ​នេះ​ត្រូវ​ទឹកជំនន់​ជន់​លិច​រាល់​ឆ្នាំ  ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​ក៏​ស្រប​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ផង​នោះ ទើប​លោក កែវពិសី អភិបាលស្រុក​ពាម​រក៍ បាន​ស្វះស្វែង​កៀរគរ​ប្រមូល​ថវិកា យក​មក​ជួយ​កសាង​ផ្លូវ​នេះ​ជូន​ប្រជាពលរដ្ឋ ។

តាម​គម្រោង ផ្លូវ​នេះ​មាន​បណ្ដោយ​ប្រវែង ១ ០៤០​ម៉ែត្រ កម្ពស់ ២​ម៉ែត្រ ទទឹង​បាត​ក្រោម ១២​ម៉ែត្រ និង​ខ្នង​លើ ៦​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ ដោយ​ចាប់ផ្ដើម​ធ្វើ​នៅ​ដើម​ខែមេសា ឆ្នាំ​២០២៥ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​កសាង​នៅ​មុន​រដូវ​ទឹក​ឡើង​ឆ្នាំ​នេះ ។ អ្នក​ភូមិ​ស្ទឹង​សន្តិភាព ហៅ​ភូមិ​អាំង​កុកបញ្ជាក់ថា ផ្លូវ​មួយ​ខ្សែ​នេះ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ រហូតទៅ​ដល់​ដង​ទន្លេតូច មាន​ប្រវែង ៣​គីឡូម៉ែត្រ​ ។

ពេល​នេះ ​ដោយសារ​តែ​ថវិកា​មាន​កំណត់ អាជ្ញាធរជួយ​កសាង​ផ្លូវ​នេះ​បាន​តែ​ប្រវែង ១ ០៤០​ម៉ែត្រ​ប៉ុណ្ណោះ នៅ​សល់​ប្រមាណ​២​គីឡូម៉ែត្រ​ទៀត​។ដូច្នេះ ពួក​គាត់​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ក៏​ដូច​ជាខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សូម​ជួយ​កសាង​បន្ត​បង្ហើយ​ផ្លូវ​ដែល​នៅ​សល់ និង​ស្នើ​សុំ​កសាង​ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​បេតុង​តែ​ម្ដង ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ