ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​! ល្បិច​ឆបោក​បែប​សម័យ​ថ្មី​​

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កង​រាជ​អា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន​របស់​លោក​ឈ្មោះ (Rath Sreang…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កង​រាជ​អា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន​របស់​លោក​ឈ្មោះ (Rath Sreang រ័​ត្ន ស្រ៊ា​ង​) ស្តី​ពី​ករណី
​បង្ក្រាប​​ជន​ស្បែក​ខ្មៅ​២​នាក់ ប្រើ​ល្បិច​ឆបោក​ជន​រង​គ្រោះ​យក​ប្រាក់​រាប់​លាន​ដុល្លារ ដែល​ត្រូវ​កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​នោះ ។

ជាមួយ​គ្នា​នេះ​ លោក​មេបញ្ជាការ​បាន​ផ្ញើ​សារ​ដាស់តឿន​ក្រើនរំលឹក​​ដល់​ជន​ងាយ​រង​គ្រោះ ក្នុង​អំពើ​លោភ​លាន់​ចង់បាន​ខ្វះ​ក្តី​ពិចារណា ដែល​ខ្លឹម​ទាំងស្រុង​នេះ​មាន​ដូច​តទៅ ៖

​រយៈកាល​កន្លង​មក ខ្ញុំ​បាន​ផ្សព្វផ្សាយ​នូវ​បទ​ពិសោធន៍​អំពី​ការ​ឆបោក​ជា​ច្រើន​រូបភាព តាម​រយៈ​លទ្ធផល​ដែល​ខ្ញុំ​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​បង្ក្រាប​បាន តាំងពី​ខ្ញុំ​នៅ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ រហូត​មក​ធ្វើ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដូច​ជា​ករណី ទម្លាក់​មាស​បញ្ឆោត​ឲ្យ​យើង​ឃើញ​ហើយ​បបួល​យើង​ចែក​គ្នា ដោយ​គេ​យក​គ្រឿងអលង្កា​ឬ​ប្រាក់​ដែល​មាន​ជាប់​ខ្លួន​យើង ហើយ​យើង​យក​មាស​ដែល​គេ​ទម្លាក់​មក​ផ្ទះ​ក្លាយជា​របស់​ក្លែងក្លាយ​, ករណី​អ្នក​មិន​ស្គាល់​ក្លែង​ជា​ជន​សប្បុរស​ឬ​ជា​អ្នក​សុំ​ស្នេហ៍​ពី​យើង ហើយ​ផ្ញើ​របស់របរ​មាន​តម្លៃ​ឬ​ប្រាក់​ពី​ក្រៅប្រទេស​ឲ្យ​យើង បន្ទាប់​មក​ក៏​មាន​អ្នក​ក្លែង​ជា​គយ​ឬ​សមត្ថកិច្ច តេ​ប្រាប់​យើង​ថា​របស់​មាន​តម្លៃ​ឬ​ប្រាក់​ដែល​ផ្ញើ​មក​ពី​ក្រៅប្រទេស​សុទ្ធតែ​ខុសច្បាប់ ហើយ​ក៏​បោក​យើង​ថា​ដើម្បី​យក​របស់​ឬ​ប្រាក់​ទាំងនោះ​បាន ត្រូវ​បង់ប្រាក់​ឲ្យ​គេ ជាដើម តែ​អ្វី​ដែល​ភ្ញាក់ផ្អើល និង​សោកស្តាយ​បំផុត គឺ​បានឃើញ​ល្បិច​ឆបោក​ដដែល​ៗ របស់​ជន​ទុច្ចរិត​នៅ​តែ​មាន​ប្រសិទ្ធិ​ភាព ដោយ​មាន​ជន​រង​គ្រោះ​ម្នាក់​ហើយ​ម្នាក់​ទៀត ត្រូវ​រង​ការ​បោកប្រាស់ និង​ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន។

ថ្ងៃនេះ​ ខ្ញុំ​សូម​លើកយក​រូបភាព​ឆបោក​មួយ​ករណី​ទៀត ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៥ មក​អំពាវនាវ​ជា​ថ្មី ដើម្បី​ឲ្យ​មហាជន​មានការ​ប្រយ័ត្ន។ ជន​រង​គ្រោះ​ម្នាក់ ត្រូវ​បាន​ជនជាតិ​ស្បែក​ខ្មៅ​៥​នាក់​លួងលោម​ថា​ ពួក​គេ​មាន​មាន​ប្រាក់​ប្រឡាក់​ទឹកខ្មៅ​ជា​ច្រើន​លាន​ដុល្លារ​អា​មេ​រិ​ក តែ​ពុំ​អាច​ចាយ​បាន លុះត្រាតែ​មាន​ប្រាក់​ដុល្លារ​ពិតប្រាកដ យក​មក​លាង​ជាមួយ​ម្សៅ ហើយ​យក​ម្សៅ​នោះ​ទៅ​លាង​ជាមួយ​ប្រាក់​ប្រឡាក់​ទឹកខ្មៅ ទើប​ក្លាយជា​ប្រាក់​អាច​ចាយ​បាន ដោយ​ពួក​វា​នឹង​ឲ្យ​ផល​ចំណេញ​មក​ជន​រង​គ្រោះ​វិញ ១​ទ្វេ​ជា​៣ ឬ ១​ទ្វេ​ជា​៥​។

ដំបូង​ឡើយ ជន​រង​គ្រោះ​បាន​យក​ប្រាក់​ដុល្លារ​ពិតប្រាកដ​ចំនួន​២​ពាន់​ដុល្លារ​ឲ្យ​ក្រុម​ឆបោក ដាក់​ចូល​ម៉ាស៊ីន ក្រឡុក​ជាមួយ​ម្សៅ និង​ដាក់​ប្រាក់​ប្រឡាក់​ទឹកខ្មៅ​ចូល​៨​ពាន់​ដុល្លារ តែ​មុន​ពេល
​ក្រឡុក​ក្រុម​ឆបោក​បាន​ឲ្យ​ជន​រង​គ្រោះ​លេបថ្នាំ ដោយ​ប្រាប់​ថា​ ដើម្បី​ការពារ​ការ​ពុល​ម្សៅ​គីមី​ដែល​ក្រឡុក​ប្រាក់ ហើយ​ពួក​វា​ក៏​លេប​ឲ្យ​មើល​មុន​ផង​ដែរ មួយសន្ទុះ​ក្រោយមក​ឃើញ​ថា ប្រាក់​ចេញ​មក​វិញ​ចំនួន១​ម៉ឺន​ដុល្លារ សុទ្ធតែ​ជា​ប្រាក់​ដុល្លារ​ពិតប្រាកដ អាច​ចាយ​បាន​(​ត្រង់នេះ​ជា​ល្បិច​បន្លំ​មួយ​) បន្ទាប់​មក ក្រុម​ឆបោក​ក៏​ប្រគល់​ប្រាក់​ដែល​ទើប​លាង​រួច ឲ្យ​ទៅ​ជន​រង​គ្រោះ​ទាំងអស់
(​ត្រង់នេះ​ជា​ល្បិច​ចិត្តសាស្ត្រ​មួយ​) ក្រោយមក​ជន​រង​គ្រោះ​ក៏​មានការ​ទុកចិត្ត​ជឿ​លង់​ទៅ​លើ​ជន​ឆបោក​ទាំងស្រុង បាន​ប្រគល់​ប្រាក់​ជា​បន្តបន្ទាប់ ឲ្យ​ទៅ​ជន​ឆបោក​ទាំងនោះ រហូត​ដល់​ចំនួន​៧​លាន​ដុល្លារ ដើម្បី​លាង​ប្រាក់​ប្រឡាក់​ទឹកខ្មៅ ចំនួន​២៨​លាន​ដុល្លារ ហើយ​ក្រុម​ឆបោក​បាន​បែងចែក​ឲ្យ​ជន​រង​គ្រោះ​ចំនួន​២៥​លាន​ដុល្លារ គ្រាន់តែ​រៀងរាល់ពេល​ដក​ប្រាក់​ចេញពី​ម៉ាស៊ីន​ក្រឡុក គឺ​ក្រុម​ឆបោក​បាន​វេច​ខ្ចប់​រុំ​ស្កុ​ត​ពណ៌​លឿង និង​ប្រាប់​ថា ​ប្រាក់​ទាំងនេះ មិន​ទាន់​ឲ្យ​ហែក​ភ្លាម​ៗ​ទេ ត្រូវ​ទុក​ច្រើន​ខែ​សិន ទើប​ហែក​ស្កុ​ត​បាន បើ​មិន​អ​ញ្ចឹ​ង នឹង​មិន​អាច​ក្លាយជា​ប្រាក់​ពិតប្រាកដ​
ឡើយ​ ។ ក្រោយមក​១​ខែ ជន​រង​គ្រោះ​មានការ​សង្ស័យ ក៏​បាន​ហែក​ដុំ​ប្រាក់​ទាំងនោះ​មើល ក៏​ឃើញ​ថា ​សុទ្ធតែ​ជា​ប្រាក់​ដុល្លារ​សែនខ្មោច និង​ក្រដាស់​ស​សុទ្ធ​ទាំងអស់ ទើប​ដឹង​ថា ​ចាញ់បោក​គេ​។  

ជា​លទ្ធផល ជន​រង​គ្រោះ​ខាតបង់​ប្រាក់​រហូត​ដល់​៧​លាន​ដុល្លារ (​ត្រង់នេះ គឺ​ក្រុម​ឆបោក​បាន​បន្លំ​ប្តូរ​ប្រាក់ នៅ​ពេល​ដាក់​ចូល​ក្នុង​ម៉ាស៊ីន ដោយ​ត្រឡប់​ប្រាក់​ពិតប្រាកដ​ចុះ​ទៅ​ក្នុង​ប្រអប់​សម្ងាត់​នៅ​បាត​ម៉ាស៊ីន និង​ជំនួស​មក​វិញ​នូវ​ប្រាក់​សែនខ្មោច​) ហើយ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ត្រឹម​ជនជាតិ​ស្បែក​ខ្មៅ​០២​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់ រីឯបក្សពួក​ជនល្មើស​ដែល​នៅ​សេសសល់ កំពុង​ស្រាវជ្រាវ​ស្វែងរក​បន្ត​។

ជា​ថ្មី​ម្តងទៀត ខ្ញុំ​សូម​យក​បទ​ពិសោធន៍​ទាំងនេះ អំពាវនាវ​ដល់​បងប្អូន សូម​មានការ​ត្រិះ​រិះ​ដោយ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត កុំ​ឲ្យ​សេចក្តី​លោភលន់ មក​បិទ​បាំង​ភ្នែក​និង​រារាំង​ដល់​ការ​ពិចារណា​យើង​បាន ព្រោះថា​លើ​លោក​នេះ ពុំ​មាន​ផលប្រយោជន៍​ឯណា រត់​មក​រក​យើង​ដោយ​ឯកឯង​ទេ បើ​គេ​ប្រាប់​យើង​ថា​ អាច​រក​ប្រាក់​បាន​ស្រួល​ដោយ​មិនបាច់​ប្រឹង យើង​ត្រូវ​សួរ​ខ្លួនឯង​ថា ម្តេច​គេ​មិន​សម្ងំ​រក​ម្នាក់ឯង បែរជា​មក​ហៅរក​យើង​ឲ្យ​ចូលរួម​ចែករំលែក​ឬ​កាត់​បន្ថយ​ផលប្រយោជន៍​របស់​គេ តើ​យើង​ត្រូវជា​អ្វី​នឹង​គេ ចុះ​ម្តេច​គេ​មិន​យក​ផលប្រយោជន៍​ទាំងនោះ​ទៅ​ចែករំលែក​ជាមួយ​ប្រពន្ធ​កូន បងប្អូន​សាច់ញាតិ មិត្តភក្តិ​ស្និទ្ធិស្នាល ឬ​ជនរួមជាតិ​គេ?

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ