ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំចាប់ផ្ដើមបញ្ចេញសារដ៏កម្ររិះគន់លោកពូទីនបន្ទាប់ពីរុស្ស៊ីបន្តវាយប្រហារកាន់តែខ្លាំងទៅ លើអ៊ុយក្រែន។ ត្រាំបានជំរុញឱ្យលោកពូទីនបញ្ឈប់ការវាយប្រហារដ៏ផ្ដាច់ផ្ដិលជីវិតមនុស្សទៅលើទីក្រុងកៀវ។ ត្រាំថាគាត់មិនសប្បាយចិត្តទាល់តែសោះនៅពេលឮថារុស្ស៊ីបន្តវាយប្រហារទីក្រុងកៀវ។ លោកថារុស្ស៊ីគ្មានការចាំបាច់ធ្វើដូច្នេះទេ។
លោកស្នើសុំយ៉ាងទទូចឱ្យលោកពូទីនបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ ទាហានស្លាប់៥ពាន់នាក់ក្នុងមួយសប្ដាហ៍។ លោកស្នើសុំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាបន្ទាន់។ កាលពីយប់មិញ រុស្ស៊ីវាយប្រហារទីក្រុងកៀវដោយមីស៊ីល និងដ្រូនស្លាប់យ៉ាងតិច១២នាក់ និងរបួស៩០នាក់។ នេះជាការស្លាប់មនុស្សដ៏ច្រើនមិនធ្លាប់មាននៅកៀវចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤។
ប្រភពខ្លះថាលោកត្រាំកាន់តែក្រពុលមុខខ្លាំងឡើងៗព្រោះគាត់ធ្លាប់សន្យាថាប្រើពេល២៤ម៉ោងបិទបញ្ចប់សង្គ្រាមអ៊ុយក្រែនឱ្យបាន។ ឥឡូវនេះកុំថាឡើយដល់ទៅកិច្ចព្រមព្រៀងសន្តិភាព សូម្បីតែបទឈប់បាញ់ក៏ធ្វើមិនបានផង។ ភាគីជម្លោះទាំង២និយាយស្ដាប់គ្នាមិនបានដូចចាប់ក្ដាមដាក់ចង្អេរ។ ត្រាំធ្លាប់និយាយថាលោកហ្សេឡិនស្គីពិបាកនិយាយគ្នាជាងរុស្ស៊ីទៅទៀត។
ថ្មីៗនេះ ត្រាំរិះគន់ហ្សេឡិនស្គីយ៉ាងចាស់ដៃបន្ទាប់ពីហ្សេឡិនស្គីប្រកាសប្រឆាំងដាច់ខាតមិនទទួលស្គាល់តំបន់គ្រីម៉េជាទឹកដីរុស្ស៊ីទេ។ ត្រាំថាហ្សេឡិនស្គីចង់ឃើញអំពើកាប់សម្លាប់កើតមានជាបន្តទៀត។ ប៉ុន្តែកាលពីយប់មិញ លោកងាកទៅរិះគន់លោកពូទីនវិញម្ដង។ ត្រាំថាការវាយប្រហារនេះធ្វើឡើងខុសកាលៈទេសៈធ្ងន់ណាស់។ លោកទំនងជាចង់មានន័យថាការធ្វើដូច្នេះគ្មានផលល្អសម្រាប់ការទាមទាររបស់លោកពូទីនដែលចង់បានទឹកដីអ៊ុយក្រែនជាថ្នូរនឹងសន្តិភាពនោះទេ។
នៅពេលជួបនាយករដ្ឋមន្ត្រីន័រវេនៅសេតវិមាន ត្រាំឆ្លៀតរំលេចឱ្យឃើញថារុស្ស៊ីបានតំបន់គ្រីម៉េដោយគ្មានផ្ទុះអាវុធសូម្បីតែមួយគ្រាប់។ ត្រាំថារឿងនេះកើតឡើងតាំងជំនាន់លោកអូបាម៉ា។ លោកចង់មានន័យថាម្ដេចក៏អ៊ុយក្រែន និងអាមេរិកកាលពីជំនាន់នោះមិនព្រួតគ្នាវាយយកគ្រីម៉េមកវិញ? ចំពោះសំណួរថាតើលោកពូទីនគួរធ្វើបែបណាដើម្បីជួយពន្លឿនការចរចាសន្តិភាព? ត្រាំតបថាពូទីនគួរបញ្ឈប់សកម្មភាពលេបត្របាក់ប្រទេសអ៊ុយក្រែនទាំងមូល។ លោកចាត់ទុកថានេះជាការធ្វើសម្បទានដ៏ធំមួយពីរុស្ស៊ី៕
ចែករំលែកព័តមាននេះ