ទីក្រុងប៉េកាំង ៖ ប្រទេសចិននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា មិនមានការពិភាក្សាណាមួយជាមួយសហរដ្ឋអាមេរិកលើបញ្ហាពន្ធកើតឡើងនោះទេ បើទោះបីជាមានការចង្អុលបង្ហាញពីសេតវិមានក្នុងសប្តាហ៍នេះថានឹងមានការបន្ធូរបន្ថយភាពតានតឹងខ្លះជាមួយចិនយ៉ាងណាក៏ដោយ។ នេះបើតាមប្រភពពីសារព័ត៌មាន CNBC បានចេញផ្សាយ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បានថ្លែងប្រាប់អ្នកយកព័ត៌មានថា «បច្ចុប្បន្ននេះ ពិតជាមិនមានការចរចាទាក់ទងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិកនោះទេ។ រាល់ការអះអាងណាមួយទាក់ទងនឹងដំណើរការនៃកិច្ចពិភាក្សាទ្វេភាគី គឺជារឿងមិនពិត។ ប្រសិនបើអាមេរិកពិតជាចង់ដោះស្រាយបញ្ហាប្រាកដមែន ពួកគេគួរតែលុបចោលវិធានការឯកតោភាគីទាំងអស់លើប្រទេសចិន»។
ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន គឺជាការបន្លឺឡើងពីសម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ដែលបានថ្លែងនៅរសៀលថ្ងៃទី២៤ ខែមេសាថា មិនមានកិច្ចពិភាក្សាណាមួយរវាងប្រទេសចិន និងសហរដ្ឋអាមេរិកលើបញ្ហាពន្ធគយនោះទេ ហើយរាល់ការអះអាងថ្មីៗនេះ គឺជាព័ត៌មានមិនពិត។
លោក Guo Jiakun បានថ្លែងថា «តាមដែលខ្ញុំដឹង ប្រទេសចិន និងសហរដ្ឋអាមេរិក មិនបានពិភាក្សាគ្នា ឬចរចាលើបញ្ហាពន្ធគយនោះទេ»។ លោកបានបន្ថែមទៀតថា «សង្គ្រាមពន្ធគយនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក ហើយជំហររបស់ប្រទេសចិនគឺស្រប និងច្បាស់លាស់៖ យើងនឹងប្រយុទ្ធ ប្រសិនបើយើងចាំបាច់ត្រូវតែធ្វើ។ ទ្វាររបស់យើងបើកចំហ ប្រសិនបើអាមេរិកចង់ពិភាក្សា ដោយការសន្ទនា និងការចរចាត្រូវតែស្មើភាព គោរព និងមានទៅវិញទៅមក»។ នេះបើតាមប្រភពពីកាសែតចិន Global Times បានចេញផ្សាយ។
ការអះអាងបន្តបន្ទាប់ពីភាគីចិន កើតឡើងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ក្នុងសប្តាហ៍នេះ បានបង្ហើបអំពីលទ្ធភាពអាចនឹងមានការបន្ធូរបន្ថយភាពតានតឹងជាមួយនឹងប្រទេសចិន។ ដ្បិតសេតវិមាននៅដើមខែនេះ បានបន្ថែមពន្ធគយរហូតដល់ ១៤៥% លើទំនិញរបស់ចិន ដែលទីក្រុងប៉េកាំងបានឆ្លើយតបជាមួយពន្ធសងសឹងរបស់ខ្លួន និងបង្កើនការរឹតបន្តឹងការនាំចេញសារធាតុរ៉ែសំខាន់ៗទៅកាន់សហរដ្ឋអាមេរិក៕


ចែករំលែកព័តមាននេះ