ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ៖ លិខិតផ្លូវការ​របស់​កម្ពុជា បាន​ទៅ​ដល់​ដៃ​ក្រឡាបញ្ជី​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ហើយ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា លិខិតផ្លូវការ​របស់​កម្ពុជា ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា លិខិតផ្លូវការ​របស់​កម្ពុជា ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​វិវាទ​តំបន់​ចំនួន​៤ បាន​ទៅ​ដល់​ដៃ​លោក​ក្រឡាបញ្ជី​ហើយ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​សម្តេច នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥​ថា
ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ទើប​រាយការណ៍​មក​ថា នៅ​ថ្ងៃ​ចន្ទ ទី​១៦ មិថុនា ២០២៥ វេលា​ម៉ោង ១១:៣០​នាទី​ព្រឹក នៅ​ទីក្រុង​ឡា​អេ (​ត្រូវ​នឹង​ម៉ោង ៤:៣០​នាទី​ល្ងាច​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​) លិខិតផ្លូវការ​របស់​កម្ពុជា ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​វិវាទ​ព្រំដែន នៅ​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ត្រូវ​បាន​លោក​ជំទាវ គឹ​ម​សួគ៌ សុ​វ​ណ្ណា​រី ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ហូ​ឡង់ ប្រគល់​ដោយ​ផ្ទាល់​ដៃ​ជូន​លោក​ក្រឡាបញ្ជី Philippe Gautier នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ។

សម្តេច​បវរ​ធិ​បតី បាន​អះអាង​ថា កម្ពុជា​មិន​ដកថយ​ទេ ពី​ការ​ប្រើប្រាស់​យន្តការ​ច្បាប់ តាម​រយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ។

សម្តេច​បវរ​ធិ​បតី​បញ្ជាក់​ថា ៖ “​រាជរដ្ឋាភិបាល នឹង​បន្ត​ធ្វើ​កិច្ចការ​នេះ​ប្រកបដោយ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការពារ​បូរណភាព​ទឹកដី ក៏​ដូច​ជា​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​ខ្មែរ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ