រាជធានីភ្នំពេញ ៖ ផ្ទះឈើមួយខ្នង នៅភូមិវិមានទ្រុង សង្កាត់ក្រាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាឲ្យរងការខូចខាតទាំងស្រុង ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ហើយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលហេតុ គាត់ឃើញភ្លើងបានឆាប់ឆេះផ្ទះឈើប្រក់ក្បឿងមួយខ្នង យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង នាំគ្នាជួយពន្លត់ និងជញ្ជូនអីវ៉ាន់ចេញខ្លាចភ្លើងឆេះរាដាលដល់ផ្ទះរបស់ខ្លួនព្រមទាំង ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍គ្រោះ អគ្គិភ័យនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០៥គ្រឿង ក្នុងនោះរថយន្តការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើនឹង១២ម៉ែត្រគូប ហើយគ្រប់គ្រងបានទាំងស្រុងនៅម៉ោង០៨និង៤០នាទីយប់ថ្ងៃខែឆ្នាំដដែល ។
តាមនគរបាលបានឲ្យដឹងទៀតថា អគ្គិភ័យនេះ បណ្ដាលឲ្យផ្ទះធ្វើអំពីឈើប្រក់ក្បឿង ទំហំ ៤ម៉ែត្រ គុណ៥ម៉ែត្រ ០១ខ្នង ត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង រួមទាំងសម្ភារៈអស់ទាំងស្រុង តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។
មូលហេតុ នៃការកើតមានអគ្គិភ័យនេះ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ៕







ចែករំលែកព័តមាននេះ