រាជធានីភ្នំពេញ ៖ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងផ្ដល់ក្របខណ្ឌទៅដល់សាច់ញាតិយោធិនពលី និងយោធិនពិការមួយរូប បានចូលបម្រើប្រទេសជាតិ នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ។

សម្តេចបវរធិបតី បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលីរបួស ពិការ ក៏ដូចជា ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹក មិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន ។

សម្តេចបវរធិបតី លើកឡើងថា សម្រាប់យោធិន និងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិគ្រួសារយោធិនពលី របួស ពិការរាជរដ្ឋាភិបាលបានរៀបចំ និងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស ពិការ ។
សម្តេចបានគូសបញ្ជាក់ថា៖«ខ្ញុំបានចេញបទបញ្ជាឲ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្ត ពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ ។

ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិ នៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលី ឬធ្លាក់ខ្លួនពិការ» ។
ជាមួយគ្នានោះដែរ សម្តេចក៏បានឲ្យដឹងថា សម្រាប់យោធិន និងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស ពិការ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកផងដែរ៕
ចែករំលែកព័តមាននេះ