រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណចំពោះអនុព័ន្ធយោធា នៃបណ្តាប្រទេស ដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីកម្ពុជា ។
សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ថា សម្តេចបានបន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ថ្ងៃទី២ ។
សម្តេច ក៏បានសូមកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជា ដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ ។
សម្តេចតេជោ បានបញ្ជាក់ថា ៖ “សូមអរគុណចំពោះអនុព័ន្ធយោធា នៃបណ្តាប្រទេស ដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីកម្ពុជា” ។
សម្តេចតេជោ ក៏បានសូមអរគុណផងដែរ ដល់ក្រុមអ្នកយកព័ត៌មាន នៃទូរទស្សន៍សិង្ហបុរី CNA ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់ ។
សម្តេចគូសបញ្ជាក់ថា ៖ “បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាព ហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃ ក៏ចង់បានសន្តិភាពដូចគ្នាដែរ។ ខ្ញុំនឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានជំងឺ និងគ្មានសិទ្ធិឈឺក្នុងពេល ដែលជាតិ និងប្រជាជនកម្ពុជា កំពុងជួបការលំបាក” ៕





ចែករំលែកព័តមាននេះ