ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​អំពាវ​នាវ​ឱ្យ​ក្រុម​ហាម៉ាស់​ចុះ​ចាញ់​ដើម្បី​ឆាប់​បញ្ចប់​វិបត្តិ​នៅ​ហ្កា​ហ្សា

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​អំពាវ​នាវ​ឱ្យ​ក្រុម​ហាម៉ាស់​ទម្លាក់​អាវុធ​ចុះ​ចាញ់ និង​ដោះ​លែង​ចំណាប់​ខ្មាំង និង​ប្រគល់​សាក​សព​ចំណាប់​ខ្មាំង​គ្រប់​ចំនួន​ត្រឡប់​មក​វិញ​។ លោក​បាន​ផ្ញើ​សារ​នយោបាយ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​។ លោក​សរ​សេរ​រៀប​រាប់​ថា​វិធី​លឿន​បំផុត​ដើម្បី​បិទ​បញ្ចប់​វិបត្តិ​មនុស្ស​ធម៌​ (ការ​អត់​-​ឃ្លាន​) នៅ​តំបន់​ហ្កាហ្សា​គឺ​ក្រុម​ហាម៉ាស់​ត្រូវ​​ចុះ​ចាញ់ និង​ដោះ​លែង​ចំណាប់​ខ្មាំង​។​ ការ​សរ​សេរ​រៀប​រាប់​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ធំ​ៗ​ខ្លះ​ដូច​ជា​បារាំង…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​អំពាវ​នាវ​ឱ្យ​ក្រុម​ហាម៉ាស់​ទម្លាក់​អាវុធ​ចុះ​ចាញ់ និង​ដោះ​លែង​ចំណាប់​ខ្មាំង និង​ប្រគល់​សាក​សព​ចំណាប់​ខ្មាំង​គ្រប់​ចំនួន​ត្រឡប់​មក​វិញ​។ លោក​បាន​ផ្ញើ​សារ​នយោបាយ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​។ លោក​សរ​សេរ​រៀប​រាប់​ថា​វិធី​លឿន​បំផុត​ដើម្បី​បិទ​បញ្ចប់​វិបត្តិ​មនុស្ស​ធម៌​ (ការ​អត់​-​ឃ្លាន​) នៅ​តំបន់​ហ្កាហ្សា​គឺ​ក្រុម​ហាម៉ាស់​ត្រូវ​​ចុះ​ចាញ់ និង​ដោះ​លែង​ចំណាប់​ខ្មាំង​។​

ការ​សរ​សេរ​រៀប​រាប់​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ធំ​ៗ​ខ្លះ​ដូច​ជា​បារាំង អង់គ្លេស និង​កាណាដា​​​ជា​ដើម​ថ្លែង​ថា​​​ពួក​គេ​នឹង​ប្រកាស​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេ​ស្ទីន​នៅ​ក្នុង​​ការ​ប្រារព្វ​ខួប​ទី​៨០​ឆ្នាំ​នៃ​ការ​បង្កើត​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​នៅ​ក្នុង​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​នា​ខែ​កញ្ញា​ខាង​មុខ​នេះ​។​ ពួកគេ​យល់​ថា​ស្ថាន​ការណ៍​នៅ​តំបន់​ហ្កា​ហ្សា​មើល​ទៅ​ហាក់​ដូច​ជា​វេទនា​ភ្នែក​ណាស់​ មនុស្ស​រក​អ្វី​សម្រាប់​បរិភោគ​គ្មាន​។

ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​ទទួល​បន្ទុក​កិច្ច​ការ​មជ្ឈិម​បូព៌ា លោក​ស្ទីវ​វីតខូស (Steve Witkoff) ក៏​កំពុង​ធ្វើ​ដំណើរ​ទៅ​អ៊ី​ស្រា​អែល​ផង​ដែរ​ដើម្បី​ពិភាក្សា​អំពី​បទ​ឈប់បាញ់​ និង​ដោះ​ស្រាយ​បញ្ហា​មនុស្ស​ធម៌​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​។ ក្រុម​អ្នក​សង្កេត​ការណ៍​ព្រមាន​ថា​បើ​មិន​ខិត​ខំ​ដោះ​ស្រាយ​ទេ ប្រជា​ជន​ប៉ាឡេស្ទីន​នឹង​ជួប​នឹង​គ្រោះ​ទុរ​ភិក្ស​ជា​មិន​ខាន​​ឡើយ​។

ការ​ចរ​ចា​គ្នា​ដោយ​ប្រយោល​​ (ប្រើ​អន្តរ​ការី​នាំ​ពាក្យ​ទៅ​វិញ​ទៅមក) នៅ​ទី​ក្រុង​ដូហា ប្រទេស​កាតា​រវាង​អ៊ីស្រា​អែល និង​ហា​ម៉ាស់​បាន​បិទ​បញ្ចប់​កាល​ពី​សប្ដាហ៍​មុន​ដោយ​គ្មាន​ដំណោះ​ស្រាយ​។ ពួក​គេ​ទម្លាក់​កំហុស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ​​ភាគី​ទាំង​២​មិន​ទាន់​ត្រូវ​គ្នា​ទេ​ព្រោះ​មាន​ចំណុច​ផ្ទុយ​គ្នា​ច្រើន​ណាស់​។ ក្នុង​នោះ​ក៏​មាន​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​ទាម​ទារ​ឱ្យ​អ៊ី​ស្រា​អែល​ដក​កង​ទ័ព​ពី​តំបន់​ហ្កា​ហ្សា​ផង​ដែរ​។

សព្វ​ថ្ងៃ​នេះ​នៅ​សល់​ចំណាប់ខ្មាំង​ដែល​នៅ​រស់​ ឬ​សាក​សព​ចំណាប់​ខ្មាំង​សរុប​៥០​នាក់​ទៀត​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​។ ប្រភព​ខ្លះ​ថា​​លោក​ស្ទីវ​វីត​ខូស​អាច​នឹង​ជំរុញ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក​ណឺតាន់​យ៉ាហ៊ូ​ ធ្វើ​សម្បទាន​ខ្លះ​ៗ​ដើម្បី​ទាញ​ក្រុម​ហាម៉ាស់​ឱ្យ​វិល​មក​រក​តុ​ចរ​ចា​ឡើង​វិញ។ ចំពោះ​ការ​អំពាវ​នាវ​របស់​លោក​ត្រាំ​នោះ​ គេ​មិន​ទាន់​ឃើញ​ប្រតិ​កម្ម​ពី​ក្រុម​ហាម៉ាស់​នៅ​ឡើយ​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ