រាជធានីភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ថា ក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា (ក.អ.ក) នៅតែកត់សម្គាល់ឃើញថា ការផ្សព្វផ្សាយព័ត៌មានមួយចំនួន នៅតែផ្សាយខុសពីការពិតទាក់ទងទៅនឹងស្ថានការណ៍ នៃជម្លោះតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ ពិសេសទាក់ទងនឹងបទឈប់បាញ់ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
ក.អ.ក បានតាមដានដោយយកចិត្តទុកដាក់ ហើយកត់សម្គាល់ឃើញថា ការផ្សាយដោយសារព័ត៌មានមួយចំនួននៅប្រទេសថៃ ដូចជា Khaosod និង The Nation Thailand បាននឹងកំពុងផ្សព្វផ្សាយព័ត៌មានខុសពីការពិត ហើយការផ្សាយបែបនោះ មិនគ្រាន់តែបង្ហាញឱ្យឃើញពីការខ្វះវិជ្ជាជីវៈ ដែលនាំឱ្យទៅដល់ការបាត់ជំនឿលើសារព័ត៌មាននៅក្នុងកាលៈទេសៈដ៏សំខាន់នេះទេ ប៉ុន្តែវានាំឱ្យមានការ ភាន់ច្រឡំ និងប៉ះពាល់ដល់ស្ថានភាពពិតនៅតាមតំបន់ព្រំដែន និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការស្វែងរកដំណោះស្រាយសន្តិភាព ដោយមានការគាំទ្រពីអន្តរជាតិ ។
ក.អ.ក សូមអំពាវនាវដោយទទួចដល់សារព័ត៌មានថៃមួយចំនួននោះ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយភាពតានតឹង នៃជម្លោះ តាមរយៈអត្ថបទព័ត៌មាន ដែលមិនញុះញង់បែបជាតិនិយម ឬប្រកាន់ពូជសាសន៍ជាដើម ប៉ុន្តែអាចជួយជំរុញ និងលើកទឹកចិត្តដល់ការសន្ទនា ឬការព្រមព្រៀងជាវិជ្ជមានរវាងប្រទេសទាំងពីរ ។
ក្លិបអ្នកកាសែតកម្ពុជា បន្តចូលរួមជាមួយអ្នកសារព័ត៌មានទាំងពីរប្រទេស ដែលកំពុងធ្វើការផ្សព្វផ្សាយ ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងបន្តការប្តេជ្ញាចិត្តក្នុងការការពារសេរីភាពសារព័ត៌មាន និង ប្រឆាំងព័ត៌មានមិនពិត (ព័ត៌មានក្លែងក្លាយ) ៕


ចែករំលែកព័តមាននេះ