ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​មីន ដឹកនាំ​យុទ្ធនាការ​អប់រំ​ហានិភ័យ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ដល់​ជនភៀសសឹក​នៅ​ឧត្តរមានជ័យ

22 ម៉ោង មុន

ខេត្តឧត្តរមានជ័យ ៖ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ថ្លែង​ថា “​ប្រទេស​កម្ពុជា សម័យ​តេ​ជោ​ធិ​បតី…

ខេត្តឧត្តរមានជ័យ ៖ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ថ្លែង​ថា “​ប្រទេស​កម្ពុជា សម័យ​តេ​ជោ​ធិ​បតី នឹង​មិន​ទុក​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ បន្ត​រងគ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ដែល​នៅ​សេសសល់ ក្រោយ​សង្គ្រាម​ឡើយ​” ។

ការ​ថ្លែង​បែប​នេះ ក្នុង​ឱកាស​ដែល ឯកឧត្តម​បណ្ឌិត លី ធុ​ជ តាង​នាម​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ដឹកនាំ​យុទ្ធនាការ​ចុះ​អប់រំ ផ្សព្វផ្សាយ​អំពី​ហានិភ័យ នៃ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ដែល​នៅ​សេសសល់​ពី​ការ​វាយប្រហារ​របស់​យោធា​ថៃ មក​លើ​ប្រទេស​កម្ពុជា ដល់​ជនភៀសសឹក ដែល​កំពុង​ស្នាក់​នៅ​តាម​ទីតាំង​មាន​សុវត្ថិភាព នៅ​ក្នុង​ខេត្តឧត្តរមានជ័យ នា​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា បងប្អូន​ជនភៀសសឹក បាន​រួច​ជីវិត​ពី​សង្គ្រាម ហើយ​ទោះបីជា​រស់នៅ​ក្នុងអំឡុងពេល នៃ​សង្គ្រាម​ក៏​ដោយ ក៏​នៅ​តែ​រស់នៅ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ​។ បងប្អូន​ជនភៀសសឹក បាន​ចាកចោល​ផ្ទះសំបែង​ពិតមែន តែ​មិនមែន​មក​ពី​ការ​ចុះចាញ់​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ពី​ក្តី​ស្រលាញ់ ពោល​គឺ​ស្រលាញ់​កូន ស្រលាញ់​ឪពុក​ម្តាយ និង​ស្រលាញ់​អនាគត​។ កម្លាំងចិត្ត​របស់​បងប្អូន​នេះ​ហើយ ដែល​បាន​រក្សា​ជាតិ​របស់​យើង ឱ្យ​នៅ​រួបរួម​គ្នា ទោះបីជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​យ៉ាងណា​ក្តី ។

ឯកឧត្តម បន្ត​ទៀត​ថា បច្ចុប្បន្ន ការ​ប្រយុទ្ធ​គ្នា​បាន​ឈប់​ទៅ​ហើយ ប៉ុន្តែ​មិន​មាន​ន័យ​ថា លែង​មាន​គ្រោះថ្នាក់​នោះ​ទេ ព្រោះថា ដី​ដែល​យើង​ធ្លាប់​រស់នៅ មិនមែន​ជា​ដី​ដូច​មុន​ទៀត​ឡើយ ដោយ​វា​អាច​នឹង​បង្កប់​នៅ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ហើយ​សំណល់​ពី​សង្គ្រាម​ទាំងនោះ នឹង​រង់ចាំ​យើង​ដោយ​ស្ងៀមស្ងាត់​បំផុត រហូត​ដល់​ថ្ងៃ​ណាមួយ ដែល​យើង​អាច​នឹង​ទៅ​ប៉ះពាល់​វា ហើយ​បង្ក​ជា​គ្រោះថ្នាក់​ដល់​ជីវិត​។ ជាមួយ​គ្នា​នោះ ឯកឧត្តម​បាន​ស្នើ​សុំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច និង​សំខាន់​បំផុត​ត្រូវ​ស្វែង​យល់ និង​មានចំណេះ​ដឹង​គ្រប់គ្រាន់​អំពី​ប្រភេទ និង​ហានិភ័យ​នៃ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទាំងនោះ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ក្រុមការងារ​អប់រំ​ផ្សព្វផ្សាយ​សកម្ម​ភា​មីន​នេះ មិនមែន​មក​ត្រឹមតែ​បង្រៀន​បងប្អូន​ជនភៀសសឹក​នោះ​ទេ តែ​គឺជា​ការ​ផ្តល់​នូវ​អាវុធ​ការពារ​ខ្លួន​ដ៏​សំខាន់​មួយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ហើយ​វា​គឺជា​ចំណេះដឹង ផង​ដែរ​។ ឯកឧត្តម​គូសបញ្ជាក់​ទៀត​ថា កូន​ក្មេង​ដែល​ចេះ​ចៀស​ចេញពី​គ្រោះថ្នាក់ គឺ​មាន​ន័យ​ថា ក្មេង​នោះ​ត្រូវ​បានការ​ពារ​រួច​ទៅ​ហើយ ហើយ​ឪពុក​ម្តាយ ដែល​បាន​បង្រៀន​កូន​ឱ្យ​យល់​ដឹង​អំពី​គ្រោះថ្នាក់ និង​មាន​ភាព​ប្រុង​ប្រយ័ត្ន ឪពុក​ម្តាយ​នោះ បាន​ជួយ​សង្គ្រោះ​ជីវិត​កូន​រួច​ទៅ​ហើយ​។ អ្វី​ដែល​បងប្អូន​បាន​រៀនសូត្រ ស្វែង​យល់​នៅ​ថ្ងៃនេះ នឹង​អាច​ការពារ​អាយុជីវិត​ខ្លួន និង​កូនចៅ​របស់​ខ្លួន ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​ដែល​យើង​មិន​ចង់​ជួប​ប្រទះ​ក្នុង​ជីវិត ។

ឯកឧត្តម បាន​លើក​ឡើង​ដែរ​ថា ការ​អប់រំ​នេះ គឺ​សំខាន់​ណាស់​សម្រាប់​កូន​ក្មេង​តូច​ៗ ព្រោះ​ក្មេង​តែងតែ​ចង់​ដឹង ចង់​ប៉ះពាល់ ចង់​លេង ដែល​អាច​ធ្វើ​ឱ្យ​កូន​ក្មេង​ងាយ​នឹង​រងគ្រោះថ្នាក់ ហេតុនេះ​ហើយ យើង​ត្រូវ​តែ​ធានា​ឱ្យ​បាន​ថា កូន​ក្មេង​តូច​ៗ នឹង​រស់នៅ ហើយ​ធំ​លូតលាស់​ប្រកបដោយ​សុវត្ថិភាព ។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា បេសកកម្ម​ថ្ងៃនេះ អាច​កើត​មាន​ឡើង ដោយសារ​កម្ពុជា​មាន​ឯកភាព​ជាតិ ហើយ​យើង​ទាំងអស់​គ្នា គឺជា​គ្រួសារ​ខ្មែរ​តែ​មួយ រស់​ក្រោម​ទង់ជាតិ​តែ​មួយ ដែល​ទាំងនេះ ជា​លទ្ធផល​សម្រេច​បាន​ក្រោម​ចក្ខុវិស័យ​ដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ប្រែក្លាយ​សង្គ្រាម ទៅ​ជា​សន្តិភាព ហើយ​បច្ចុប្បន្ន សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្តេជ្ញា​មោះមុត បន្ត​ថែរក្សា​សន្តិភាព​នេះ ឱ្យ​គង់វង្ស​។ ឯកឧត្តម​គូសបញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​របស់​សម្តេច​ទាំង​ពីរ រាជរដ្ឋាភិបាល នឹង​មិន​អង្គុយ​នៅ​ស្ងៀម​ឡើយ ហេតុនេះ​ហើយ ទើប​ឯកឧត្តម និង​ក្រុមការងារ​មក​ដល់ទី​នេះ នៅ​ជាមួយ​បងប្អូន​ជនភៀសសឹក មិន​ថា​ពេល​ណា ឬ​កន្លែង​ណា ។

ជា​ចុង​ក្រោយ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​បងប្អូន​ជនភៀសសឹក​ថា ក្តី​សង្ឃឹម​នឹង​នៅ​ជាមួយ​យើង​ទាំងអស់​គ្នា ហើយ​អាជ្ញាធរ​មីន នឹង​មិន​បោះបង់​បងប្អូន​ជនភៀសសឹក​ចោល​នោះ​ទេ​ពោល​គឺ នឹង​នៅ​ជាមួយ​គ្នា​រហូត​ទាល់តែ​ភូមិឋាន​មាន​សុ​ត្ថិ​ភាព​កូន​ក្មេង​តូច​ៗ​ទាំងអស់​ត្រូវ​បានការ​ពារ​ពី​គ្រោះថ្នាក់ ហើយ​ទាំងអស់​គ្នា អាច​រស់នៅ​បាន​ដោយ​ស្ងប់​សុខ​។ ឯកឧត្តម​សង្កត់ធ្ងន់​ថា ពិភពលោក អាច​នឹង​មើល​រំលង​បងប្អូន​ជនភៀសសឹក តែ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​មិន​មើល​រំលង​ជា​ដាច់ខាត ហើយនឹង​បន្ត​នៅ​ជាមួយ​គ្នា​រហូត​ទាល់តែ​គ្រោះថ្នាក់​ទាំងអស់ បាត់​ចេញពី​ទឹកដី​របស់​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ