រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺ«សន្តិភាព» ហើយសម្ដេចក៏ជឿជាក់យ៉ាងមុតមាំថា ប្រជាជនថៃ ក៏ចង់បាន«សន្តិភាព»ដូចគ្នាដែរ។
យោងតាមសំណេរក្នុងបណ្តាញសង្គមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា «បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាព ហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃ ក៏ចង់បានសន្តិភាពដូចគ្នាដែរ។ ខ្ញុំនឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ»។
ជាមួយគ្នានេះ សម្ដេចប្រធានព្រឹទ្ធសភា លើកឡើងថា សម្ដេចសង្ឃឹមថានឹងមិនមានជំងឺ និងគ្មានសិទ្ធិឈឺក្នុងពេល ដែលជាតិ និងប្រជាជនកម្ពុជា កំពុងជួបការលំបាក។
ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានសូមកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជា ដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។ និងសូមអរគុណចំពោះអនុព័ន្ធយោធា នៃបណ្តាប្រទេស ដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីកម្ពុជា។
ដោយឡែក សម្តេចតេជោ ក៏បានថ្លែងអរគុណក្រុមអ្នកយកព័ត៌មាន នៃទូរទស្សន៍សិង្ហបុរី CNA ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់៕
ចែករំលែកព័តមាននេះ