សហរដ្ឋអាមេរិក ៖ យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ Canalys បានបង្ហាញឱ្យដឹងថា ប្រទេសឥណ្ឌា និងវៀតណាមបានវ៉ាដាច់ប្រទេសចិន ដើម្បីក្លាយជាអ្នកនាំចេញស្មាតហ្វូនកំពូលទៅកាន់សហរដ្ឋអាមេរិក ដោយឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មឆ្ងាយពីប្រទេសចិន ចំពេលមានភាពមិនប្រាកដប្រជាពន្ធគយ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNBC ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ស្មាតហ្វូនដែលបានដំឡើងនៅក្នុងប្រទេសឥណ្ឌាមានចំណែករហូតដល់ ៤៤% នៃការនាំចូលរបស់អាមេរិក នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួនត្រឹម ១៣% ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ស្របពេលដែលវៀតណាមមានចំណែក ៣០% ជាការកើនឡើងពី ២៤% ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ចំណែកឯប្រទេសចិនធ្លាប់ឈរនៅចំណុចកំពូលជាមួយចំណែករហូតដល់ ៦១% កាលពីឆ្នាំមុន បានធ្លាក់ចុះមកនៅត្រឹម ២៥% នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ។
ការកើនឡើងការនាំចេញពីប្រទេសឥណ្ឌាត្រូវបានជំរុញពីក្រុមហ៊ុន Apple ដោយលោក Sanyam Chaurasia អ្នកវិភាគសំខាន់នៅ Canalys បានលើកឡើងថា ការផ្លាស់ប្តូរដ៏លឿនឆ្ពោះទៅរកប្រទេសឥណ្ឌា កើតឡើងក្នុងពេលដែលមានភាពមិនច្បាស់លាស់ខាងពាណិជ្ជកម្មកើនឡើងរវាងសហរដ្ឋអាមេរិក និងចិន ហើយនេះក៏ជាលើកទីមួយផងដែរ ដែលឥណ្ឌានាំចេញទូរស័ព្ទទំនើបទៅសហរដ្ឋអាមេរិកច្រើនជាងចិន។
ក្រុមហ៊ុន Apple ត្រូវបានរាយការណ៍ថាបាននឹងកំពុងតែពន្លឿនផែនការក្នុងការផលិត iPhone ភាគច្រើនរបស់ខ្លួន ដែលលក់នៅសហរដ្ឋអាមេរិកនៅរោងចក្រប្រទេសឥណ្ឌាក្នុងឆ្នាំនេះ ដោយមានគោលបំណងផលិតប្រហែលមួយភាគបួននៃ iPhone ទាំងអស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគំរាមក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក Apple ជាមួយការដាក់ពន្ធបន្ថែម និងបានជំរុញឱ្យនាយកប្រតិបត្តិក្រុមហ៊ុននេះ គឺលោក Tim Cook ផលិត iPhone នៅក្នុងស្រុក ប៉ុន្តែអ្នកជំនាញអះអាងថា ស្ទើរតែមិនអាចទៅរួចទេ ព្រោះវានឹងជំរុញឱ្យតម្លៃ iPhone ឡើងថ្លៃ។ ខណៈដែលផលិតផលស្នូលជាច្រើនរបស់ក្រុមហ៊ុន Apple រួមទាំង iPhone និងកុំព្យូទ័រយួរដៃ Mac បានទទួលការលើកលែងពីពន្ធទៅវិញទៅមករបស់លោក ត្រាំ ក៏ពិតមែន ប៉ុន្តែមន្ត្រីបានព្រមានថាវាអាចជាការបន្ធូរបន្ថយបណ្តោះអាសន្នប៉ុណ្ណោះ។
យោងតាមសេចក្តីរាយការណ៍របស់ Canalys ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Motorola ក៏បានខិតខំផ្លាស់ប្តូរខ្សែសង្វាក់ដំឡើងស្មាតហ្វូនរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាផងដែរ បើទោះបីជាការផ្លាស់ប្តូររបស់ពួកគេមានភាពយឺតយ៉ាវខ្លាំង បើធៀបនឹងក្រុមហ៊ុន Apple យ៉ាងណាក៏ដោយ៕ ប្រភព ៖ CNBC

ចែករំលែកព័តមាននេះ