ទីក្រុងតូក្យូ៖ ជប៉ុនអំពាវនាវឱ្យប្រជាជនជាង២លាននាក់ប្រញាប់ជម្លៀសខ្លួនជាបន្ទាន់ចេញពីតំបន់គ្រោះថ្នាក់ដែលប្រឈមនឹងរលកយក្សស៊ូណាមី។ ជាពិសេស អ្នករស់នៅកោះហុកកៃដូ និងតូហូគូ (Hokkaido, Tohoku)។ ទោះជាយ៉ាងណាក្ដី សម្រាប់ទីតាំងដទៃទៀត អាជ្ញាធរបានបញ្ចុះកម្រិតអាសន្នមកទាបជាងមុន។ មានន័យថាលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមីប្រហែលជាគ្មានទេ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានហេតុការណ៍រញ្ជួយដីកម្រិត៨,៨រ៉ិចទ័រនៅតំបន់ចុងបូព៌ាប្រទេសរុស្ស៊ីដែលមានចំណុចចាប់ផ្ដើមចេញពីជម្រៅដី១៨គីឡូម៉ែត្រ (យោងតាមក្រុមភូមិសាស្ត្រអាមេរិក)។ ក្រោយការរញ្ជួយដីដែលកើតមាននៅតំបន់ជ្រោយឧបទ្វីបកាំឆាត់ការ (Kamchatka) ក្បែរតំបន់ប៉េត្រូវប៉ាឡូស (Petropavlovsk) ប្រទេសខ្លះដែលជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិចដូចជាជប៉ុន ឥណ្ឌូណេស៊ី ហ្វ៊ីលីពីន កោះហាវ៉ៃ។ល។ បានចេញសេចក្ដីប្រកាសអាសន្ន ឬចេញសេចក្ដីណែនាំ។
នៅជប៉ុន អាជ្ញាធរប្រកាសថារលកសមុទ្រនៅតំបន់ខ្លះអាចនឹងមានកម្ពស់បីម៉ែត្រ។ ហេតុនេះ ប្រជាជននៅតំបន់មាត់សមុទ្រខាងកើតត្រូវបង្កើនការប្រុងប្រយ័ត្ន។ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃពុធ មនុស្សជាង២លាននាក់រស់នៅលើទីតាំងចំនួន២២៩បានទទួលការណែនាំឱ្យជម្លៀសខ្លួន។ ពួកគេគួរតែរត់ទៅរកទីកន្លែងខ្ពស់ៗ និងបន្តស្នាក់នៅទីនោះជាបណ្ដោះអាសន្ន។ នេះបើតាមការប្រកាសរបស់ទីភ្នាក់ងារពន្លត់អគ្គិភ័យ និងគ្រប់គ្រងគ្រោះមហន្តរាយ។
សេវាឧតុនិយមជប៉ុនប្រកាសថារលកយក្សស៊ូណាមីចាប់ផ្ដើមកើតមាននៅផ្នែកខ្លះនៃតំបន់ជាប់មហាសមុទ្រប៉ាស៊ីហ្វិច។ អាជ្ញាធរកត់សម្គាល់កម្ពស់រលកសមុទ្រដូចតទៅនេះ
– នៅកំពង់ផែឃូជី (Kuji) នៃខេត្តអ៊ីវ៉ាតិ (Iwate) មានរលកកម្ពស់១,៣ម៉ែត្រ
– នៅទីក្រុងនេមូរ៉ុ (Nemuro) នៃកោះហុកកៃដូ (Hokkaido) មានរលកកម្ពស់០,៨ម៉ែត្រ
– នៅកំពង់ផែអ៊ីស៊ីណូម៉ាគី (Ishinomaki) នៃខេត្តមីយ៉ាហ្គី (Miyagi) មានរលកកម្ពស់០,៧ម៉ែត្រ
ជប៉ុនយល់ថាខ្លួនមិនអាចមើលស្រាលចំពោះរលកយក្សស៊ូណាមីបានឡើយ ហើយជប៉ុននឹងបន្តឃ្លាំមើលសភាពការណ៍រយៈពេលមួយថ្ងៃទៀតយ៉ាងហោចណាស់។ បញ្ហាប្រឈមខ្លាំងគឺរលកសមុទ្រធំៗ និងខ្ពស់ៗ។ ដូច្នេះ អាជ្ញាធរសូមជំរុញឱ្យប្រជាជនដែលបានជម្លៀសខ្លួនទាំងជាង២លាននាក់នោះកុំទាន់ចល័តទៅទីកន្លែងផ្សេង។ សូមនៅមួយកន្លែងដែលបងប្អូនគិតថាមានសុវត្ថិភាពហើយ ហើយស្ដាប់ការជូនដំណឹង។ បើអាជ្ញាធរប្រកាសថាអស់អីហើយចាំបងប្អូនត្រឡប់ទៅវិញចុះ៕
ចែករំលែកព័តមាននេះ