រាជធានីភ្នំពេញ៖ យោធិនពលី ទទួលបានការលុបចោលកម្ចីរហូតដល់ ៨០លានរៀល និងលុបចោលកម្ចីរហូតដល់១០លានរៀល របស់យោធិនពិការ ហើយនិងផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសខ្លួន, ពលករ និងយោធិនជួរមុខ។ នេះបើយោងតាមសេចក្ដីណែនាំរបស់ធនាគារជាតិ នៃកម្ពុជា ចុះផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
បើតាមឯកសារនោះ បានឱ្យដឹងថាដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់ យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា ក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចដាក់ចេញនូវណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសខ្លួន ដោយលើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ និងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។
ឯកសារដដែលនោះ បានឱ្យដឹងទៀតថា មានការណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៖
លើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានរយៈពេល ៦ខែ គិតចាប់ពី ថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការ ដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធនិងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើ ប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។ បន្ថែមលើពីនេះ លុបចោលឥណទានរហូតដល់ចំនួន ១០លានរៀល របស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន ហើយនិងលុបចោលឥណទានរហូតដល់ចំនួន ៨០លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។
ជាមួយគ្នានេះតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំពោះអតិថិជន ផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន និងលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀត តាមលទ្ធភាព ជាក់ស្តែងដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ៕
ចែករំលែកព័តមាននេះ