ទីក្រុងម៉ូស្គូ៖ ប្រទេសរុស្ស៊ីត្រៀមខ្លួនជានិច្ចដើម្បីសម្រុះសម្រួលបញ្ហាទំនាស់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ ម៉្យាងទៀត រុស្ស៊ីស្ម័គ្រចិត្តទទួលយកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ដើម្បីទុកដាក់ឱ្យបានស្រួលនៅរុស្ស៊ី។ ខាងលើនេះជាការអះអាងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង។ ការថ្លែងដូច្នេះបន្ទាប់ពីអ៊ីរ៉ង់នៅតែនិយាយយ៉ាងទទូចថាខ្លួនត្រូវតែមានសិទ្ធិចម្រាញ់សារធាតុវិទ្យុសកម្មនៅក្នុងបុព្វហេតុសន្តិភាព។ ប៉ុន្តែការដែលអ៊ីរ៉ង់អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរឆាប់រហ័សពេកធ្វើឱ្យក្រុមបស្ចិមប្រទេសព្រួយបារម្ភថាប្រទេសនេះប្រហែលជាចង់ផលិតអាវុធនុយក្លេអ៊ែរ។
តាមពិត មិនមែនទើបតែពេលនេះទេដែលរុស្ស៊ីចង់ជួយឈឺឆ្អាលបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ រុស្ស៊ីធ្លាប់ជួយជ្រោមជ្រែងឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ប៉ុន្តែលោកត្រាំដកខ្លួនពីកិច្ចព្រមព្រៀងនោះវិញ ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ចអ៊ីរ៉ង់ជាថ្មី។ តាំងពីមុនផ្ទុះអាវុធមកម៉្លេះ រុស្ស៊ីធ្លាប់ស្នើសុំរុះរើសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ទៅដាក់នៅរុស្ស៊ីដើម្បីបម្លែងទៅជាវិទ្យុសកម្មកម្រិតធម្មតាសម្រាប់ផលិតអគ្គិសនី។ នេះជាផ្នែក១នៃកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីដើម្បីបន្ធូរបន្ថយភាពតានតឹង។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស ថ្លែងថារុស្ស៊ីនៅតែប្រកាន់ខ្ជាប់នូវសំណើនេះជានិច្ច។ គ្រាន់តែថានៅពេលភាគី ទាំង២បន្តវាយប្រហារគ្នាទៅវិញទៅមកដូចសព្វថ្ងៃនេះ សភាពការណ៍ហាក់ដូចជាមានភាពស្មុគស្មាញកាន់តែខ្លាំង។ ទោះជាយ៉ាងណាក្ដី លោកត្រាំនៅតែមានសុទិដ្ឋិនិយមថាសន្តិភាពនឹងកើតមានឆាប់ៗនេះ ហើយលោកពូទីនអាចនឹងចូលរួមចំណែកជួយដោះស្រាយបញ្ហានេះ។
លោកប៉េស្កូសថ្លែងថារុស្ស៊ីត្រៀមខ្លួនជានិច្ចបើសិនមានសំណូមពរ។ ប៉ុន្តែបញ្ហាសំខាន់នៅត្រង់ថាគេត្រូវតែដោះស្រាយនូវអ្វីដែលជាឫសគល់នៃបញ្ហា។ ទាល់តែរកឱ្យឃើញឫសគល់ទើបអាចដោះស្រាយចេញ។ ប៉ុន្តែ រុស្ស៊ីយល់ថាការដែលអ៊ីស្រាអែលប្រើប្រាស់កម្លាំងយោធាវាយប្រហារយ៉ាងដូច្នេះធ្វើឱ្យវិបត្តិនេះកាន់តែចុះដុនដាបបន្ថែមទៀត។ ដូច្នេះមិនមែនងាយស្រួលស្ដារឡើងវិញនោះឡើយ។
អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថារដ្ឋាភិបាលទីក្រុងម៉ូស្គូបានឃើញបទសម្ភាសលោកណឺតាន់យ៉ាហ៊ូនៅលើទូរទស្សន៍ហ្វក់ (Fox) រួចហើយ។ ក្នុងនោះ លោកណឺតាន់យ៉ាហ៊ូថ្លែងថាយុទ្ធនាការយោធារបស់អ៊ីស្រាអែលលើកនេះអាចនឹងឈានដល់ការដួលរលំរបបដឹកនាំអ៊ីរ៉ង់សព្វថ្ងៃ។ វិមានក្រឹមឡាំងមិនឆ្លើយតបទៅនឹងពាក្យសម្ដីរបស់លោកណឺតាន់យ៉ាហ៊ូដោយត្រង់ទេ។ ក្រឹមឡាំងថ្លែងថាខ្លួនសូមថ្កោលទោសប្រតិបត្តិការយោធាទាំងឡាយណាដែលបង្កភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់៕
ចែករំលែកព័តមាននេះ