ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ឥណ្ឌា​បក​ក្រោយ​វិញ​ជា​បន្ទាន់​ដោយ​សារ​បញ្ហា​បច្ចេក​ទេស

19 ម៉ោង មុន

ទី​ក្រុង​ញូដេលី៖ បន្ទាប់​ពី​មាន​ឧប​ទ្ទវ​ហេតុ​ធ្លាក់​យន្ត​ហោះ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ​ស្លាប់​ជាង​២៤០​នាក់​ អាកាស​យានិក​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ឥណ្ឌា​​ចាប់​ផ្ដើម​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ ថ្ងៃ​នេះ គ្រាន់​តែ​មើល​សភាព​ការណ៍​មិន​សូវ​ស្រួល​ អាកាស​យានិក​របស់​យន្ត​ហោះ​ខ្នាត​យក្ស​​​បូអ៊ីង​៧៨៧​ឌ្រីម​ឡាញណឺ (Boeing 787-8 Dreamliner)…

ទី​ក្រុង​ញូដេលី៖ បន្ទាប់​ពី​មាន​ឧប​ទ្ទវ​ហេតុ​ធ្លាក់​យន្ត​ហោះ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ​ស្លាប់​ជាង​២៤០​នាក់​ អាកាស​យានិក​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ឥណ្ឌា​​ចាប់​ផ្ដើម​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ ថ្ងៃ​នេះ គ្រាន់​តែ​មើល​សភាព​ការណ៍​មិន​សូវ​ស្រួល​ អាកាស​យានិក​របស់​យន្ត​ហោះ​ខ្នាត​យក្ស​​​បូអ៊ីង​៧៨៧​ឌ្រីម​ឡាញណឺ (Boeing 787-8 Dreamliner) បាន​បញ្ជា​យន្ត​ហោះ​ថយ​ក្រោយ​ទៅ​រកអាកាស​យាន​ដ្ឋាន​នៃ​ទី​ក្រុង​ហុងកុង​​វិញ​ជា​បន្ទាន់​​បន្ទាប់​ពី​ចាក​ចេញ​ដំណើរ​បាន​ត្រឹម​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​។

តាម​គម្រោង​ យន្ត​ហោះ​នេះ​ត្រូវ​ចាក​ចេញ​ដំណើរ​ពី​ទី​ក្រុង​ហុង​កុង​ឆ្ពោះ​ទៅ​​រដ្ឋ​ធានី​ញូដេលី​​។ សារ​ព័ត៌​មាន​ឥណ្ឌា​ចុះ​ផ្សាយ​ថា​អាច​ដោយ​សារ​បញ្ហា​រអាក់​រអួល​ខ្លះ​ៗ​ផ្នែក​បច្ចេក​ទេស​។ ​តាម​រយៈ​របាយ​ការណ៍​ស្ដី​ពី​ការ​ហោះហើរ​ គេ​ឃើញ​ថា​អាកាស​យានិក​នៃ​ជើង​ហោះ​ហើរ​លេខ​អេ​អាយ​៣១៥ (Flight AI315) ចេញ​ដំណើរ​ពី​ហុង​កុង​បាន​៣០​នាទី​​ក៏​បក​ក្រោយ​វិញ​ជា​បន្ទាន់​។

អ្នក​នាំ​ពាក្យ​​​អាកាស​យាន​ដ្ឋាន​ទី​ក្រុង​ហុងកុង​ថ្លែង​ថា​យន្ត​ហោះដឹក​អ្នក​ដំណើរ​ដែល​ជា​របស់​ក្រុមហ៊ុន​អ៊ែរ​ឥណ្ឌា (Air India) ​ត្រូវ​វិល​ទៅ​ហុង​កុង​វិញ​ និង​ស្នើ​សុំ​ចុះ​ចត​នៅ​ម៉ោង​១​រសៀល​។ យន្ត​ហោះ​អាច​ចុះ​ចត​ដោយ​សុវត្ថិ​ភាព​នៅ​ម៉ោង​១:១៥​រសៀល​។ រាល់​ប្រតិ​បត្តិ​ការ​ហោះ​ហើរ​នៅ​អាកាស​យាន​ដ្ឋាន​​ទី​ក្រុង​ហុង​កុង​នោះ​អាច​ដំណើរ​ការ​ជា​ធម្ម​តា​ដោយ​គ្មាន​ការ​រំខាន​ទេ។

ហេតុ​ការណ៍​នេះ​កើត​ឡើង​ក្រោយ​ការ​ធ្លាក់​យន្ត​ហោះ​ឥណ្ឌា​ដែល​ចេញ​ដំណើរ​ទើប​តែ​បាន​ជាង​៣០​វិនាទីប៉ុណ្ណោះ​ក៏​​​ធ្លាក់​ចុះ​មក​វិញ និង​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។ មនុស្ស​២៤១​នាក់​ស្លាប់​ គិត​ទាំង​អ្នក​ជិះ​នៅ​ក្នុង​យន្ត​ហោះ និង​អ្នក​ស្នាក់​នៅ​ក្នុង​អគារ​ដែល​យន្ត​ហោះ​នេះ​ធ្លាក់​ពី​លើ​។ នៅ​ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​អស់​មាន​តែ​ម្នាក់​គត់​ដែល​នៅ​រស់​។​

ក្រុម​ហ៊ុន​អ៊ែរ​ឥណ្ឌា​ (Air India) ថ្លែង​ថា​ខ្លួន​កំពុង​អនុ​វត្ត​តាម​គោល​ការណ៍​ណែ​នាំ​របស់​អាកាស​ចរណ៍​ស៊ីវិល​ឥណ្ឌា​ដើម្បី​ត្រួត​ពិនិត្យ​មើល​​យន្ត​ហោះ​ម៉ាក​បូអ៊ីង​៧៨៧​របស់​ខ្លួន​ទាំង​អស់​។ អ៊ែរ​ឥណ្ឌា​បាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៅ​ក្នុង​យន្ត​ហោះ​ប្រភេទ​នេះ​បាន​៩​គ្រឿង​រួច​ហើយ​ ហើយ​កំពុង​ពិនិត្យ​មើល​យន្ត​ហោះ​ដែល​នៅ​សេស​សល់​ចំនួន​​២៤​គ្រឿង​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ