ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចពុក​​ និងសម្តេចមហាបវរធិបតី ប្រកាសរឿងល្អសម្រាប់ពលករត្រឡប់មកពីថៃ ដែលនៅជំពាក់បំណុលធនាគារ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​យើង​ដឹង​ហើយ​ថា កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​គាំទ្រ​លើ​សេចក្តី​អំពាវនាវ​របស់​សម្តេច នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ ដូច​យើង​ដឹង​ហើយ​ថា កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​គាំទ្រ​លើ​សេចក្តី​អំពាវនាវ​របស់​សម្តេច នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ​ដែល​ត្រលប់​មក​ពី​ថៃ​វិញ ។

ឆ្លើយ​តប​នឹង​ការ​កាយវិការ​គាំទ្រ​របស់​សមាគម​ទាំង​ពីរ​ខាងលើ សម្តេច​មហា​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥​នេះ​បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​សូម​អរគុណ​ចំពោះ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែល​បាន​បង្ហាញ​នៅ​ឆន្ទៈ​ជា​វិជ្ជមាន ទៅ​នឹង​ការ​អំពាវនាវ​របស់ខ្ញុំ ក្នុង​ការ​ពិនិត្យ​លទ្ធភាព​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ​ដែល​ត្រលប់​មក​ពី​ថៃ​វិញ ចំពោះ​អ្នក​ដែល​មាន​ជាប់ជំពាក់​បំណុល​ជាមួយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ។ នេះ គឺ​បង្ហាញ​អំពី​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ក្នុង​ស្មារតី​សាមគ្គី​ឯកភាព​ជាតិ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ពេល​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ប្រឈម​នឹង​បញ្ហា​។​»

គួរ​រំលឹក​ថា សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និង​សមាគម​មីក្រូ​ហិរញ្ញ វត្ថុ​កម្ពុជា (CMA) សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​អំពាវនាវ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​សមាគម​ទាំង​ពីរ «​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ​ដែល​ត្រលប់​មក​ពី​ប្រទេស​ថៃ​វិញ​ចំពោះ​អ្នក​ដែល​មាន​ជាប់ជំពាក់​កម្ចី​ជាមួយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៅ​តាម​លទ្ធភាព ឬ ក្នុង​មួយ​រយៈពេល​កំណត់​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន​» ។

សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បន្ត​ថា ការ​អំពាវនាវ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ជម្រៅ​ទឹកចិត្ត និង​កាយវិការ​ដ៏​ល្អ​ប្រពៃ​ក្នុង​ភាព​ជា​អ្នកដឹកនាំ​គំរូ​របស់​សម្តេច​ដែល​តែងតែ​យកចិត្តទុកដាក់ រួមសុខ​រួមទុក្ខ ផ្តល់​ភាព​កក់ក្តៅ និង​គិតគូរ​អំពី​ជីវភាព​រស់នៅ​របស់​បងប្អូន​ខ្មែរ​យើង​នៅ​គ្រប់​ទិស​ទី​ក្នុង​គ្រប់​កាលៈទេសៈ ។ សមាគម​ទាំង​ពីរ​សង្កត់ធ្ងន់​ថា គ្រឹះស្ថាន​សមាជិក​នៃ​សមាគម​ទាំង​ពីរ​នឹង ពិនិត្យ​ឱ្យ​អស់​លទ្ធភាព​ចូលរួម​ដាក់​ចេញ​នូវ​វិធានការ​សម​ស្រប ក្នុង​ការ​បន្ធូរបន្ថយ​បន្ទុក​ហិរញ្ញវត្ថុ សម្រាប់​បងប្អូន​ប្រជា​ពលករ តាម​រយៈ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ដែល​ជា​យន្តការ​របស់​សមាគម​បាន និង​បន្ត​អនុវត្ត ។

ក្នុង​ករណី​មាន​តម្រូវការ​ជាក់ស្តែង​ក្នុង​រៀបចំ​ឥណទាន​ឡើង​វិញ ក៏​ដូច​ជា សំណើសុំ​ផ្តល់​ការ​គាំទ្រ​ផ្សេង​ៗ​សមាគម​ស្នើ​សុំ​បងប្អូន​ប្រជា​ពលករ​ទាំងអស់​ដែល​ជា​អតិថិជន ទាក់ទង​ផ្ទាល់​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណ​បណ្ណ ឯកសារ​ឥណទាន បណ្ណ​/​សៀវភៅ​ការងារ និង​លិខិត​ពាក់ព័ន្ធ​នានា ដើម្បី​ពិភាក្សា​រិះរក​ដំណោះ ស្រាយ​ដ៏​សមរម្យ ។

សមាគម​ទាំង​ពីរ​នឹង​បន្ត​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​តែ​ចូលរួម​យ៉ាង​ពេញលេញ និង​ទូលំទូលាយ​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ និង​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាជន ទៅ​ទៅ​តាម​លទ្ធភាព​ជាក់ស្តែង និង​ការ​ដឹកនាំ​ចង្អុល បង្ហាញ​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​រាជរដ្ឋាភិបាល ។

គួរ​កត់សម្គាល់​ដែរ​ថា នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា កម្ពុជា​បាន​ប្រកាស​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ ឬ​ធ្វើការ​នៅ​ប្រទេស​ថៃ​ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់ ព្រោះ​ជា​ពេលវេលា​ដ៏​សាក​សម ខណៈ​វិវាទ​ព្រំដែន​ខ្មែរ​-​ថៃ មិន​ងាយ​នឹង​បញ្ចប់​ឆាប់​ៗ​បាន​ឡើយ ហើយ​យើង​ក៏​មិន​អាច​នៅ​អែអង់​រង់ចាំ​ឲ្យ​ក្រុម​ជ្រុលនិយម​ថៃ​មួយ​ចំនួន​បន្ត​ប្រមាថ​មក​លើ​បងប្អូន​បាន​ឡើយ ។

ម្យ៉ាង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ជា​ពលករ​ទាំងអស់ ក៏​មិន​អាច​បន្ត​រស់​ពឹងពាក់​គេ​អស់​មួយ​ជីវិត​ដូច​គ្នា​នោះ​ដែរ គួរតែ​ត្រឡប់​មក​ផ្ទះ​យើង​វិញ ដោយ​សម្តេច​តេ​ជោ បាន​ធានា​អះអាង​ថា បច្ចុប្បន្ន​ឱកាស​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង គឺ​មាន​ច្រើន​រាប់​សិប​ម៉ឺន​កន្លែង ដូច្នេះ​កុំ​បារម្ភ​រឿង​ខ្វះ​ការងារ​ធ្វើ​អោយ​សោះ ទាំង​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​វិស័យ​សំណង់​ជាដើម ។

ដោយឡែក​ទាក់ទង​ទៅ​នឹង​វិល​ត្រឡប់​មក​វិញ ដែល​តែង​មានការ​លើក​ឡើង​ភ្ជាប់​ជាមួយ​បញ្ហា​បំណុល​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​របស់​សមាគម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​ទទួលយក​សំណូមពរ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​សម្របសម្រួល ឬ​បន្ធូរបន្ថយ​សម្រាប់​ការ​បង់​ធនាគារ​របស់​ពលរដ្ឋ​ត្រឡប់​មក​កម្ពុជា ប៉ុន្តែ​មិនមែន​ន័យ​ថា អោយ​តែ​វិល​ត្រលប់​មក​វិញ​បាន​រួច​ផុត​ពី​បំណុល ធនាគារ​នោះ​ទេ​៕

កែសម្រួលដោយ