មៀនប៉ៃលិន ឬតាង៉ែនជាង១០០ដើម កំពុងផ្កានិងក្តិប បានដួ.លរលំដោយសារភ្លៀង១មេធំលាយខ្យល់កន្ត្រាក់
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ ដើមមៀនប៉ៃលិន ហៅតាង៉ែន ជាង១០០ដើម ត្រូវបានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បោកបក់ដួលរលំគួរឱ្យអាណិតកសិករម្នាក់ ខណៈពេលកំពុងផ្កា និងក្តិប បណ្តាលឱ្យខាតអស់ថវិការាប់ពាន់ដុល្លារ ដែលហេតុការណ៍ដួលរលំដើមមៀនប៉ៃលិននេះ ស្ថិតនៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមប្រភពព័ត៌មាន ពីបុរសម្នាក់ ឈ្មោះ អាត ចិន អាយុ៦០ឆ្នាំ ជាមេការចំការខាងលើ បានរៀបរាប់ឱ្យដឹងថា ៖ បន្ទាប់ពីសង្កេតឃើញផ្ទៃមេឃអួរអាប់ក្លាយទៅជាខ្មៅងងឹតស្លុប មើលអ្វីស្ទើរមិនឃើញ ស្រាប់តែបង្កទៅជាភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បក់មកពីទិសខាងលិច ដោយកម្លាំងខ្យល់កួចវក់វីធ្វើរលំដើមមៀនប៉ៃលិន ហៅតាង៉ែនរបស់ម្ចាស់ចំការឈ្មោះ អាង នាង ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ប្រភពបន្តទៀតថា បញ្ហាភ្លៀងលាយខ្យល់កន្ត្រាក់ ធ្វើឱ្យដួលរលំដើមមៀននេះ ខណៈដែលដើមមៀនប៉ៃលិនកំពុងតែបញ្ចេញផ្កា និងក្តិបយ៉ាងច្រើន បន្ទាប់ពីម្ចាស់បានដាក់អ័រម៉ូនរួចរាល់កាលពីប៉ុន្មានខែមុន ធ្វើឱ្យបាត់បង់ថវិការាប់ពាន់ដុល្លារ។
ប្រភពដដែលបញ្ជាក់ទៀតថា ការដួលរលំដើមមៀនប៉ៃលិន ដោយទទួលរងការវាយប្រហាររបស់ខ្យល់កន្ត្រាក់នេះ គឺធ្វើឱ្យដើមមៀនប៉ៃលិនដួលចន្លោះពីមួយដើមទៅមួយដើម ដោយដើមខ្លះដាច់គល់ចេញពីឫសតែម្តង។ តែដើមឈើខ្លះទៀត គ្រាន់តែដួលប៉ុណ្ណោះ អាចនឹងរកវិធីទល់ដើមឱ្យឈរត្រង់ឡើងវិញបានខ្លះ។ ទោះបីជាយ៉ាងណា ការដួលរលំដើមមៀនប៉ៃលិននេះ មិនសង្ឃឹមថា អាចជួយស្រង់ជីវិតដើមរុក្ខជាតិនេះ ឱ្យរស់បានទាំងស្រុងឡើងវិញនោះទេ ព្រោះដើមឈើនេះ មានមែកធាងច្រើនលំបាកក្នុងជួយ ពោលគឺអាចនឹងត្រូវការកាត់មែកខ្លះចោលទុកតែដើមមៀនប៉ៃលិនប៉ុណ្ណោះ។
គាត់បញ្ជាក់ថា ខ្យល់កាលពីល្ងាចថ្ងៃទី២៣ ខែមេសានេះ ពិតជាមានកម្លាំងខ្លាំងខុសពីធម្មតា បើសិនជាបោកបក់ប៉ះចំមនុស្ស ឬសត្វ អាចនឹងប៉ើងហើរដូចសត្វស្លាបជាក់ជាមិនខាន។ តែបញ្ហាខ្យល់នេះ មិនបានប៉ះពាល់ដល់ដំបូលផ្ទះប្រជាពលរដ្ឋ ឬធ្វើឱ្យបាត់បង់អាយុជីវិតមនុស្ស ឬសត្វណាមួយឡើយ ព្រោះនៅឆ្ងាយពីទីប្រជុំជន ពោលគឺប៉ះចំវាលចំការប៉ុណ្ណោះ។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងប៉ៃលិន កាលពីម្សិលម៉ិញ ក៏មានការភ័យខ្លាចនឹងករណីភ្លៀងលាយខ្យល់កន្ត្រាក់នេះយ៉ាងខ្លាំងដែរ ព្រោះជាភ្លៀងធំ ហើយខ្យល់បោកបក់មានកម្លាំងខុសលើសពីធម្មតា។ តែមិនបានធ្វើឱ្យប៉ើងដំបូលផ្ទះរបស់ប្រជាពលរដ្ឋ និងមិននាំឱ្យខូចខាតនោះឡើយ ខណៈដែលផ្លេកបន្ទោរ បានបញ្ចេញពន្លឺយ៉ាងខ្លាំង ធ្វើឱ្យអ្នកភូមិរត់ចូលឈប់ជ្រកក្នុងផ្ទះគ្រប់ៗ គ្នា ដើម្បីការងារហានីភ័យដែលកើតឡើងជាយថាហេតុ ដោយសាររន្ទះផងដែរ៕




















ចែករំលែកព័តមាននេះ