ប្រទេសកូរ៉េខាងត្បូង ៖ យោងតាមទិន្នន័យក្រសួងអប់រំរបស់កូរ៉េខាងត្បូង បានបង្ហាញកាលនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឱ្យដឹងថា សាលារៀនជាច្រើនទៀត នឹងត្រូវបិទទ្វារនៅឆ្នាំនេះ ដោយសារតែចំនួនប្រជាជនក្នុងវ័យសិក្សារបស់ប្រទេសនេះបន្តធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Korea Herald និង The Korea Times
ទិន្នន័យក្រសួងអប់រំបង្ហាញថា សាលាបឋម មធ្យម និងវិទ្យាល័យសរុបចំនួន ៤៩ នៅក្នុងទីក្រុង និងខេត្តចំនួន ១៧ នឹងត្រូវបិទនៅឆ្នាំនេះ។ ចំនួនសាលារៀនដែលត្រូវបានបិទទ្វារដោយសារតែកង្វះសិស្សបានកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពោលកើនឡើងពី ២២សាលាក្នុងឆ្នាំ ២០២៣ រហូតដល់ ៣៣សាលាក្នុងឆ្នាំ ២០២៤ ជាមួយនឹងអត្រា ៨៨% នៃសាលារៀនគ្រោងនឹងបិទទ្វារចុងឆ្នាំ ២០២៥ មានទីតាំងនៅទីជនបទ។ ការព្រួយបារម្ភកំពុងកើនឡើងជុំវិញគម្លាត នៃចំនួនប្រជាជនមានអាយុចូលរៀន រាប់ចាប់ពីទីក្រុងសេអ៊ូល រហូតដល់ទីជនបទ។
យោងតាមប្រភពពីសារព័ត៌មានកូរ៉េ Chosun នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានឈានចូលយុគសម័យទំនួលខុសត្រូវប្រជាសាស្ត្រជាផ្លូវការហើយ នៅឆ្នាំនេះ ដែលកម្លាំងពលកម្មធ្លាក់ចុះ ត្រូវបានរំពឹងថានឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារតែអត្រាកំណើតទាប និងចំនួនប្រជាជនវ័យចំណាស់ច្រើន។
កម្លាំងការងារដែលកំពុងធ្លាក់ចុះនេះ អាចនាំទៅរកការជាប់គាំងសេដ្ឋកិច្ចរយៈពេលវែង ដោយសារតែមានមនុស្សកាន់តែតិចចំណាយលើការរស់នៅប្រចាំថ្ងៃ ក៏ដូចជាចំនួនអ្នកបង់ពន្ធផងដែរ។ អ្នកស្រាវជ្រាវម្នាក់ នៅវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) បានលើកឡើងថា ចំនួនប្រជាជនមានការងារធ្វើរបស់កូរ៉េខាងត្បូងត្រូវបានព្យាករណ៍ថានឹងថយចុះពី ១២,០០០នាក់ ទៅដល់ ៦០,០០០នាក់ នៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ដោយសន្មតថាមិនមែនមកពីការផ្លាស់ប្តូរលក្ខខណ្ឌការងារនោះទេ ប៉ុន្តែគឺជាការធ្លាក់ចុះកម្លាំងពលកម្ម ដែលបណ្តាលមកពីអត្រាកំណើតទាប៕
ចែករំលែកព័តមាននេះ