ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​គ្រោង​បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ​សម្រាប់​ភ្ញៀវ​វ័យ​ចំណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ក្រសួងទេសចរណ៍ គ្រោង​ស្នើ​រាជរដ្ឋាភិបាល និង​សហការ​ជាមួយ​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ ដែល​តំបន់​នោះ​នឹង​គ្រោង​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ដែល​អាច​ជួយ​សម្រាល និង​ព្យាបាល​ជំងឺ​របស់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​បាន​តាម​របៀប​ធម្មជាតិ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ក្រសួងទេសចរណ៍ គ្រោង​ស្នើ​រាជរដ្ឋាភិបាល និង​សហការ​ជាមួយ​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ ដែល​តំបន់​នោះ​នឹង​គ្រោង​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ដែល​អាច​ជួយ​សម្រាល និង​ព្យាបាល​ជំងឺ​របស់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​បាន​តាម​របៀប​ធម្មជាតិ ។

លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​នៅ​ក្រោយ​កិច្ចប្រជុំ​អន្តរក្រសួង ស្តី​ពី ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា កាលពី​ចុងខែ​វិច្ឆិកា កន្លង​មក​ថា ដោយសារ​កម្ពុជា មាន​កំណើន​ឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​វ័យ​ចំណាស់ ដែល​ធនធាន​ថវិកា​ច្រើន បាន​ជ្រើសរើស​យក​កម្ពុជា​ធ្វើ​ជា​គោលដៅ​ធ្វើ​ដំណើរ​ទេសចរណ៍​សម្រាកលំហែរ​កាយ និង​កាត់​បន្ថយ​ភាព​តាន​នៃ​ជំងឺ​តាម​បែប​ធម្មជាតិ កម្ពុជា​នឹង​បង្កើត​គោលដៅ​តំបន់​ទេសចរណ៍​ប្រភេទ​នេះ បាន​ច្រើន​កន្លែង ដើម្បី​រួមចំណែក​លើក​សុខភាព​មនុស្សជាតិ​របស់​ពិភពលោក​។ លោក​បន្ត​ថា ៖« ការ​បង្កើត​តំបន់​ទេសចរណ៍​ដែល​អាច​ឲ្យ​ភ្ញៀវ​បរទេស​មក​សម្រាក​លំហែកាយ​បាន​រយៈពេល​វែង ឬ​រយៈពេល​ខ្លី ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង និង​ព្យាបាល​ជំងឺ​តាម​បែប​ធម្មជាតិ​នេះ ក្រសួង​នឹង​សហការ​បង្កើត​ឲ្យ​មានផ្ទះ​ស្នាក់​ដ៏​ប្រណីត មាន​អាហារ​ហូប​ឆ្ងាញ់ ផ្តល់​សេវា​ពិសេស មាន​ទេសភាព​ស្អាត មាន​ខ្យល់​អាកាសធាតុ​ល្អ ខុស​ពី​ប្រទេស​ដើម​កំណើត​របស់​ភ្ញៀវ ហើយ​នៅ​ក្នុង​តំបន់​នោះ ក៏​នឹង​បង្កើត​មាន​មណ្ឌល​ផ្តល់​សេវា​សុខភាព​ដ៏​ប្រសើរ ជូន​ភ្ញៀវ​ទេសចរ​ទាំង​អស់នោះ​ផង​ដែរ »​។

លោក ទិ​ត ច​ន្ថា បាន​បន្ត​ថា បច្ចុប្បន្ន​ក្រសួងទេសចរណ៍​បាន​និង​កំពុង​សិក្សា​តំបន់​ទេសចរណ៍​មានឈ្មោះ​ថា តំបន់​នាគរាជ​ដែល​មាន​សក្តានុពល​មួយ​កន្លែង​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​អាច​រៀបចំ​បង្កើត​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​ពិសិដ្ឋ និង​អាច​ផ្តល់​សេវា​ព្យាបាល​ជំងឺ​នានា​តាម​បែប​ធម្មជាតិ​បាន​។ លោក​បន្ថែម​ថា ក្រៅពី​នេះ​ក្រសួងទេសចរណ៍ ក៏​បាន​និង​កំពុង​មើលឃើញ​តំបន់​ទេសចរណ៍​ពិសិដ្ឋ​នេះ​ជា​ច្រើន​កន្លែង​ទៀត​ដូច​ជា នៅ​តំបន់​ភ្នំ​បូកគោ តំបន់​ភាគ​ឦសាន​កម្ពុជា ខេត្តសៀមរាប រាជធានី​ភ្នំពេញ តំបន់​នានា​នៅ​តំបន់​បឹង​ទន្លេសាប​ជាដើម ក៏​អាច​បង្កើត​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​ពិសិដ្ឋ​បាន​ដែរ ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​ថ្លែង​ថា គម្រោង​នេះ បើ​បង្កើត​ជាមួយ​ស្ថាប័ន​ជំនាញ និង​មានការ​ចូលរួម​ពី​ក្រសួង​ជំនាញ ទើប​គម្រោង​នេះ​ទាក់ទាញ​និង​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​អ្វី​សំខាន់​គឺ​ការ​ផ្តល់​ទុន​ពី​រាជរដ្ឋាភិបាល ទើប​គម្រោង​នេះ​អាច​ដំណើរការ​បាន​លឿន និង​ជោគជ័យ ។
លោក​បន្ត​ថា ៖« បើ​មានគំនិត​ធ្វើ​ជា​រឿង​ល្អ​មួយ តែបើ​គ្មាន​ថវិកា​គឺ​បរាជ័យ ហេតុនេះ​យើង​ចង់បាន​ការ​ជួយ​ទុន​ពី​រដ្ឋាភិបាល ដើម្បី​ជំរុញ​ឲ្យ​គម្រោង​នេះ​ទទួល​ជោគជ័យ​ប្រកបដោយ​និរន្តរភាព »​។

លោក​បន្ថែម​ថា ៖« ភ្ញៀវ​ទេសចរណ៍​វ័យ​ចំណាស់​មក​ទស្សនា​កម្ពុជា នៅ​មាន​តិចតួច​នៅឡើយ ហេតុនេះ​ដើម្បី​ទាក់ទាញ​ទេសចរ​ប្រភេទ​នេះ យើង​ត្រូវ​មាន​អនាម័យ​អាហារ អនាម័យ​បរិស្ថាន មាន​សុខ​សុវត្ថិភាព និង​រៀបចំ​កន្លែង​ដែល​មាន​លក្ខខណ្ឌ​អាកាសធាតុ​ល្អ​សម្រាប់​ភ្ញៀវ ទើប​យើង​ទទួល​បាន​ទេសចរណ៍​វ័យ​ចំណាស់​ច្រើន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ