ខេត្តកំពង់ឆ្នាំង ៖ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេសដែលភាគច្រើនជនជាតិបារាំង បានអញ្ជើញទៅទស្សនាការផលិតកុលលាភាជន៍ និងការផលិត សេរាម៉ិច នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់់ ស្រុករលាប្អៀរ ដែលនេះជាលើកទី១ហើយ ដែលចំនួនភ្ញៀវបរទេសមាន ចំនួនច្រើនទៅទស្សនាទីតាំងខាងលើនេះដែលពុំធ្លាប់មានពីមុនមក ។

ម្ចាស់សិប្បកម្ម កុលលាភាជន៍ និងសេរ៉ាម៉ិច លោកស្រី យ៉ុង សុខា បានឱ្យដឹងថា ថ្ងៃនេះ លោកស្រីមានអារម្មណ៍ប្លែកក្នុងចិត្ត ដោយសារភ្ញៀវទេសចរបរទេសមកយ៉ាងច្រើន មកទស្សនាការផលិត ស្មូនឆ្នាំង ក្នុងភូមិបាញ់ឆ្កោល ហើយបានមកដល់រោងសិប្បកម្មរបស់លោកស្រី ។

លោកស្រីបានពន្យល់អំពីការផលិតស្មូតឆ្នាំង ដល់ខាងមគ្គុទេសទេសចរណ៍ ដើម្បីជួយបកប្រែជូនភ្ញៀវបរទេស ដោយបានណែនាំអំពីរបៀបផលិតស្មូនឆ្នាំង ពីការដុតដី មានកម្ដៅឱ្យខ្លាំង រហូតដល់ក្លាយជាសេរ៉ាម៉ិច និងរបៀបស្មូនឱ្យក្លាយជារូបរាងដែលយើងត្រូវការ និងតាមអតិថិជនកុម្មង់ ។

ថ្ងៃនេះ ទាំងលោកស្រីទាំងប្រជាពលរដ្ឋរស់នៅភូមិបាញ់ឆ្គោល មានក្តីរីករាយសប្បាយចិត្ត ព្រោះពុំដែលបានឃើញភ្ញៀវបរទេសមកច្រើនបែបនេះ ។ ជាមួយគ្នានេះភ្ញៀវទេសចរបរទេសគ្រប់ៗគ្នាបានសម្ដែងទឹកចិត្តរាយពេលបានទស្សនាវត្ថុអនុស្សាវរីយ៍ផលិតផលពីដីឥដ្ឋនិងសេរ៉ាម៉ិច ដែលពួកគាត់ពុំដែលឃើញពីមុនមក ។

ក្រោយពេលទស្សនា ភ្ញៀវខ្លះក៏បានជួយទិញវត្ថុអនុស្សាវរីយ៍ធ្វើពីដីឥដ្ឋ ទិញវត្ថុអនុស្សាវរីយ៍ ជាសេរ៉ាម៉ិច និងរបស់ប្រើប្រាស់ផ្សេងៗ ។
សូមបញ្ជាក់ថា ភូមិបាញ់ឆ្គោល ឃុំជ្រៃយបាក់ ស្រុករលាប្អៀរ គឺជាភូមិមួយដែលតាំងពីបុរាណកាលមកផលិតស្មូនឆ្នាំង ដោយដុតដីឥដ្ឋមានក្អមឆ្នាំង ចង្ក្រាន ហើយក្រោយមកក៏បានវិវត្តន៍ចេះ ផលិតវត្ថុអនុស្សាវរីយ៍ មិនដឹងផ្ទះខ្លះចេះដុតដីឥដ្ឋឱ្យក្លាយជាសេរ៉ាម៉ិច ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន ។

ដោយឡែក មគ្គុទេសទេសចរណ៍ ដែលដឹកនាំភ្ញៀវមកទស្សនានៅភូមិបាញ់ឆ្កោលបញ្ជាក់ថា ភ្ញៀវជើងនេះមានជាង១០០នាក់ភាគច្រើនជាជនជាតិបារាំង បន្ទាប់មកអាល្លឺម៉ង់ និងអង់គ្លេស។ ពួកគាត់នឹងធ្វើដំណើរតាមកប៉ាល់ពីផ្សារក្រោមខេត្តកំពង់ឆ្នាំង ទៅខេត្តសៀមរាបបន្តទៀត ។

ចែករំលែកព័តមាននេះ