ភ័យខ្លាចមានជំងឺពេលអនាគត! វ៉ាង ស្រីណូ សម្រេចវះកាត់ដកស៊ីលីកូនលើដើមទ្រូងចេញវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងនាង វ៉ាង ស្រីណូ បានសម្រេចចិត្តវះកាត់ដកស៊ីលីកូនដែលនាងបានដាក់ដើម្បីពង្រីកដើមទ្រូងឲ្យធំនោះចេញវិញ ដោយសារតែនាងគិតពីហានិភ័យ និងការបារម្ភភ័យខ្លាចឆ្លងជំងឺផ្សេងៗនាពេលអនាគត ខណៈពេលដែលនាងក៏មានវ័យកាន់តែច្រើនហើយ ។

ជុំវិញរឿងរ៉ាវខាងលើនេះ ត្រូវបាន វ៉ាង ស្រីណូ លើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំដែលនាងបានថែរក្សានូវដើមទ្រូងដ៏ធំរបស់នាង ប៉ុន្តែពេលនេះ នាងសម្រេចធ្វើការវះកាត់ដកដើមទ្រូងដ៏ធំនេះចេញវិញ ។

នាងបន្តថា មូលហេតុដែលនាងធ្វើការវះកាត់ដកចេញវិញនេះ គឺដោយសារតែនាងមានអារម្មណ៍រៀងធ្ងន់ ហើយវ័យកាន់តែច្រើន គីឡូរបស់នាងក៏កាន់តែកើនលើសពីគីឡូដើមអញ្ចឹងវាធ្ងន់ ហើយស្លៀកពាក់អ្វីក៏មិនស្អាតដែរ ក្នុងពេលដែលបច្ចុប្បន្ន ជាសម័យកាលដែលគេនិយមដើមទ្រូងបែបរៀបៗស្មើ ដែលនេះក៏ជាការចូលចិត្តរបស់នាងផងដែរ ។

នាងបញ្ជាក់ថា បច្ចុប្បន្ន វ័យរបស់នាងក៏កាន់តែច្រើន ហើយទៅថ្ងៃមុខ យើងមិនដឹងនឹងមានជំងឺអ្វីកើតឡើងឡើយ អញ្ចឹងទាន់សុខភាព និងរាងកាយនាងនៅល្អ នាងត្រូវសម្រេចចិត្តវះកាត់ដកវាចេញពេលនេះតែម្តង ដែលនេះក៏ជាឱកាសដ៏ល្អសម្រាប់នាងផងដែរ ។

យ៉ាងណា បើនាង វ៉ាង ស្រីណូ ការសម្រេចចិត្តវះកាត់បន្ថយទំហំដើមទ្រូងរបស់នាពេលនេះ គឺធ្វើឡើងនៅក្នុងស្រុកខ្មែរ ដោយសារតែនាងបានស្គាល់វេជ្ជបណ្ឌិតឯកទេសជំនាញមួយ ដែលធ្វើឲ្យនាងអាចទុកចិត្ត និងមិនមានក្តីបារម្ភឡើយ ។

ជាការកត់សម្គាល់ អតីតតារាសម្តែងដែលនិយមសម្ញែងភាពសិចស៊ីនាង វ៉ាង ស្រីណូ ធ្លាប់ជាតារាមួយដួងដែលធ្លាប់លេចឮច្រើនពីការវះកាត់កែសម្រស់ ខណៈពេលដែលការវះកាត់ពង្រីកដើមទ្រូងនេះ ក៏មិនមែនជារឿងថ្មីសម្រាប់រូបនាងនោះឡើយ ។

ពាក់ព័ន្ធនឹងការវះកាត់កែសុដន់នេះដែរ កន្លងមក តារាស្រីរូបនេះក៏ធ្លាប់ទទួលរងនូវពាក្យចចាមអារ៉ាមផងដែរថា នាងបានជួបបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ ដោយគ្រូពេទ្យមិនអាចសង្គ្រោះបានឡើយ ដ្បិតសុដន់របស់នាងត្រូវបានប្រភពមួយទម្លាយថា កើតមហារីក។

ប្រភពនោះបានបញ្ជាក់ថា រយៈពេលដែល វ៉ាង ស្រីណូ បាត់មុខមួយខ្យល់ក្នុងសិល្បៈនោះ គឺជាពេលដែលជំងឺមហារីកសុដន់របស់នាងធ្វើទុក្ខតែម្ដង ប៉ុន្តែបច្ចុប្បន្ននេះ ជំងឺនោះបានស្រាលបន្តិចហើយ ហើយមូលហេតុដែលនាំឲ្យសុដន់ តារាស្រីម្នាក់នេះឈានដល់កើតមហារីក ត្រូវបានប្រភពនោះពន្យល់ថា មកពីសារធាតុស៊ីលីកូន នៅក្នុងសុដន់របស់នាងតែម្ដង ព្រោះតែនាងឧស្សាហ៍កែដើមទ្រូងញឹកញាប់ខ្លាំងពេក។

យ៉ាងណា ជុំវិញបញ្ហាខាងលើនេះ វ៉ាង ស្រីណូ ក៏ធ្លាប់បានមកច្រានចោល ចំពោះការចោទប្រកាន់ខាងលើនេះ ដោយនាងចាត់ទុកថា សំដីចចាមអារ៉ាមនេះ គឺជាការធ្វើឡើងដើម្បី បង្អាប់កេរ្តិ៍ឈ្មោះរបស់នាងតែប៉ុណ្ណោះ។

នាងបញ្ជាក់ថា ប្រសិនបើសុដន់នាងកើតមហារីកមែននេះ មិនមែននៅល្អដូចបច្ចុប្បន្នឡើយ ព្រោះមហារីកនេះកើតនៅកន្លែងណា ត្រូវកាត់ចេញកន្លែងនោះ ដូចនេះនាងសូមស្នើឲ្យទស្សនិកជនថ្លឹងថ្លែងឲ្យបានច្បាស់ មុននឹងសម្រេចចិត្តជឿទៅលើរឿងអ្វីមួយ ៕
ចែករំលែកព័តមាននេះ