រង់ចាំរយៈពេល១០ឆ្នាំ! ទីបំផុត ខេម ត្រៀមទទួលស្វាគមន៍កូនដំបូងហើយ
- ភ្នំពេញ
តារាចម្រៀងលោក ខេម បានបង្ហាញក្តីរីករាយ ក្នុងពេលដែលលោកនឹងភរិយាត្រៀមទទួលស្វាគមន៍កូនដំបូង ដែលជាចំណងដៃរបស់អ្នកទាំងពីរ ដែលនឹងចាប់កំណើតឃើញពន្លឺព្រះអាទិត្យនៅក្នុងរយៈពេលប្រមាណ២ខែទៀតប៉ុណ្ណោះ ។

ចំណងដៃកូនដំបូងនាពេលនេះ ត្រូវបានតារាចម្រៀង ខេម ចាត់ទុកថា ជាការទន្ទឹងរង់ចាំអស់រយៈពេល១០ឆ្នាំហើយ សម្រាប់លោក និងភរិយា បន្ទាប់ពីអ្នកទាំងពីរបានចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយៈពេលជាច្រើនឆ្នាំមកនេះ ។
ជាមួយនឹងវីដេអូបង្ហោះលើបណ្តាញសង្គមបង្ហាញពីសកម្មភាពការពិនិត្យផ្ទៃពោះភរិយា តារាចម្រៀងលោក ខេម បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការភ្ជាប់ជាមួយសំណេរខ្លីថា ប៉ាម៉ាក់រង់ចាំកូន១០ឆ្នាំហើយ២ខែទៀតជួបគ្នាកូន ។

តាមរយៈការបង្ហោះខាងលើនេះ គេឃើញមានទស្សនិកជន មិត្តភក្តិ ជាពិសេស បណ្តាអ្នកគាំទ្ររូបលោកជាច្រើននាក់បានចូលទៅខមមិន ដោយម្នាក់ៗសម្តែងការអបអរសាទរទៅកាន់តារាចម្រៀងរូបនេះ និងភរិយាចំពោះចំណងដៃកូនលើកដំបូងនាពេលនេះ ខណៈពេលដែលពួកគេ ក៏បានជូនពរឲ្យភរិយារបស់លោកសម្រាលបានជោគជ័យ និងមានសុខភាពល្អទាំងម្តាយ និង
កូន ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ តារាចម្រៀង ខេម និងភរិយា បានរៀបការកសាងគ្រួសារជាមួយគ្នាអស់រយៈពេល១០ឆ្នាំមកហើយ ក្នុងពេលដែលចំណងគ្រួសាររបស់អ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែមពីរមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាកន្លងមកតារាចម្រៀងរូបនេះ ហាក់មិនសូវបង្ហាញមុខភរិយាតាមបណ្តាញសង្គមក៏ដោយ ។

មុនពេលបង្ហោះ ពីការមានកូនជាលើកដំបូងនាពេលនេះ តារាចម្រៀង ខេម ក៏បានរៀបចំពិធីខួបអាពាហ៍ពិពាហ៍របស់លោក និងភរិយាកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅដែរ ដោយក្នុងអំឡុងពេលនោះ លោកក៏បានបង្ហើបពីការយកកូនក្នុងពេលឆាប់ៗនេះផងដែរ ។
តារាចម្រៀង ខេម ក៏ធ្លាប់លើកឡើងថា តាមពិតក្រោយរៀបការជាប្តីប្រពន្ធនោះមក លោក និងភរិយាតែងតែប្រថ្នាចង់បានកូនជាចំណងដៃដែរ ដោយភរិយាលោកមិនដែលប្រើវិធីការពារណាមួយឡើយ ប៉ុន្តែទើបតែពេលនេះលោក និងភរិយាទើបទទួលបាន ។
យ៉ាងណា បើតាមតារាចម្រៀងរូបនេះ ចំពោះភេទកូនដែលជាកូនប្រុស ឬក៏ស្រីនោះ លោកសុំមិនទាន់អាចបញ្ជាក់បានឡើយ ប៉ុន្តែសម្រាប់លោក និងភរិយាបើទោះបីកូនដំបូងនាពេលនេះជាកូនស្រី ឬប្រុសក៏អ្នកទាំងពីរនៅតែស្រឡាញ់ដូចគ្នា ៕








ចែករំលែកព័តមាននេះ