សោម ដារ៉ា ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឆ្នាំទី៤ និងជាអ្នកជាប់ទៅបន្តការសិក្សាថ្នាក់បណ្តុះបណ្តាលផ្នែក Machinery Farm ក្នុងប្រទេសអីុស្រាអែល បានចែករំលែកបទពិសោធន៍ដល់យុវវ័យថា រូបគេធ្លាប់បរាជ័យច្រើនដងមកហើយ ក្នុងការប្រឡងអាហារូបករណ៍សិក្សាក្រៅប្រទេស និងវគ្គបណ្តុះបណ្តាលជាច្រើន ប៉ុន្តែភាគច្រើនពេលជួបប្រទះជាមួយបញ្ហា ឬទុក្ខលំបាក គេមិនដែលបោះបង់ការព្យាយាមឡើយ។ ប្រសិនបើយើងជួបបរាជ័យ ហើយមកដេកកើតទុក្ខ តើវាបានអ្វី? សូមក្រោកឈរឡើង ដើម្បីតស៊ូជាមួយបញ្ហា និងឧបសគ្គ ជីវិតដែលអាក្រក់ និងប្រែក្លាយទៅជាល្អវិញ ព្រោះបរាជ័យជាមេរៀន ជាបទពិសោធន៍ដែលនាំផ្លូវឱ្យយើងឈានទៅរកជោគជ័យ ។
ដារ៉ា បន្តថា មានតែសេចក្តីសង្ឃឹម និងកម្លាំងចិត្តប៉ុណ្ណោះ ដែលធ្វើឱ្យជីវិតរបស់យើងប្រែក្លាយពីអាក្រក់ទៅជាល្អប្រែក្លាយពីចាញ់មកឈ្នះ ហើយធ្វើឱ្យជីវិតយើងផ្លាស់ប្តូរទៅជាល្អប្រសើរបាន។ ជីវិតត្រូវមានការសាកល្បងតស៊ូម្តងហើយម្តងទៀត បើបរាជ័យក្នុងសមរភូមិជីវិតនេះ ក្រោកឈរឡើង ហើយសាកល្បងតស៊ូម្តងទៀត ។ សេចក្តីសង្ឃឹម និងកម្លាំងចិត្តមានដូចគ្នានៅលើមនុស្សទាំងអស់ ហើយបើយើងយកការបៀមទុក្ខឈឺចាប់ខ្លោចផ្សាមកដាក់ខ្លួន… តើធ្វើអ្វីកើត? ទោះក្នុងជីវិតមានរឿងហេតុជាច្រើនដែលកើតឡើង ជួបទុក្ខលំបាកក្នុងរាងកាយ ឬកម្លាំងចិត្តក៏ដោយ ក៏ត្រូវកែខៃដោយការគិតពិចារណា គ្រប់គ្រងចិត្តឱ្យបានស្ងប់ ស្រាយចិត្តពីមោហ៍បាំងឱ្យមានពន្លឺសេចក្តីសុខឡើងវិញ ។
យុវជន ប៊ុនធឿន និស្សិតសាកលវិទ្យាល័យឯកជនមួយជិតដល់ឆ្នាំបញ្ចប់ទៅហើយ បានចែករំលែកបទពិសោធន៍ថា ខ្ញុំទទួលបានអាហារូបករណ៍៣ឆ្នាំផ្ទួនៗគ្នា ដោយសារអ្វី? គឺការតស៊ូជាមួយទុក្ខលំបាកដែលកើតមានក្នុងជីវិត ដើម្បីស្វែងរកសេចក្តីសុខ និងសម្រេចគោលបំណងនៃការសិក្សានេះឯង ហើយទទួលបានជោគជ័យដូចជាការទទួលបានអាហារូបករណ៍នេះជាដើម។ ប៊ុនធឿន បញ្ជាក់ថា ចូរមិត្តយុវវ័យទាំងឡាយផ្លាស់ប្តូរវិធី គំនិតថ្មីៗ ទាត់ចោលគំនិតដែលជាចំណុចខ្សោយរបស់ខ្លួនចេញឱ្យអស់ ហើយមិនត្រូវដេកចាំត្រាំត្រែងបៀមទុក្ខសោក បោះបង់ចោលការស្រាយចំណងជីវិតនោះ ទេ ត្រូវកសាងកម្លាំងចិត្តដោយខ្លួនឯង ផ្តល់ឱកាសឱ្យខ្លួនឯង ក្រោកឡើងធ្វើការតស៊ូជាថ្មី ទើបបានសម្រេចបំណង៕
ចែករំលែកព័តមាននេះ