រាជធានីភ្នំពេញ ៖ ទើបតែលក់ដូរបាន៣ថ្ងៃ ស្ត្រីម្នាក់បានទាញកាំបិតដេញចាក់បុរសម្នាក់ ចោទថាបុរសខាងលើតាំងខ្លួនជាមនុស្សរបស់សាលាខណ្ឌ និងបានទះកំផ្លៀងគាត់ កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅក្បែរស្ពានហង្សកោះពេជ្រ សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺជាជម្លោះរវាងអ្នកក្រីក្រលក់ដូរតិចតួចតាមផ្លូវ និងអ្នកត្រួតត្រាមើលការរបៀបរៀបរយតាមទីតាំងលក់ដូរ ។
តាមប្រភពព័ត៌មានពីស្ត្រីអ្នកលក់ដូរបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានមកលក់ដូរនៅក្បែរចិញ្ចើមផ្លូវ បន្ទាប់មកក៏មានបុរសម្នាក់ស្លៀកពាក់ស៊ីវិល ដោយតាំងខ្លួនជាកូនចៅសាលាខណ្ឌ បានមកសួរនាំគាត់អំពីការលក់ដូរ និងសួរនាំគាត់តើនរណាជាអ្នកឲ្យលក់ដូរទីនេះ ទើបបង្កជាជម្លោះពាក្យសម្តី ឈានដល់ការប្រើហិង្សាតែម្តង ។
ស្ត្រីខាងលើបានបន្តទៀតថា ការលក់ដូរតាមចិញ្ចើមផ្លូវនេះ គាត់ទើបតែមកលក់ដូរនោះទេ ហើយលក់ក្រោយគេថែមទៀត ដោយដាក់បាយម្ហូប ត្រី ស៊ុត ១កូនតុតែប៉ុណ្ណោះ ដើម្បីចិញ្ចឹមក្រពះ និងគ្រួសាររបស់គាត់ ។ ចំណែកអ្នកផ្សេង បានលក់ដូរដូចគ្នា និងលក់ធំៗជាងគាត់ទៀត ហេតុអ្វីមិនទៅរករឿង ហេតុអ្វីបានជារករឿងកន្លែងគាត់? ឬមកពីគាត់មិនបង់លុយ? ឬដោយសារគេកន្លែងធំជាងមានលុយបង់ ហើយគាត់អត់បានបង់ទើបរករឿងបែបនេះ ។ និយាយរួច បុរសខាងលើបានប្រើប្រាស់ហិង្សាមកលើគាត់ ដោយទះកំផ្លៀងគាត់ ទើបគាត់យកកាំបិតមកការពារខ្លួន ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។
តាមការរៀបរាប់ពីបុរសស៊ីវិលដែលតាំងខ្លួនជាកូនចៅសាលាខណ្ឌបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានសួរនាំស្ត្រីខាងលើថា «ពីណាគេអោយគាត់មកលក់អីនៅហ្នឹង ហើយដាក់លក់ ដាក់ឡើងលើអោយផុតៗទៅ កុំដាក់ផ្លូវកែងផ្លូវបត់អ៊ីចឹង! តែស្ត្រីរូបនោះបានសួរគាត់ថាអ្ហែងមកពីណា? អ្ហែងមកសួរនាំអញហ្នឹង អ្ហែងមានសិទ្ធិអី?» ។
បុរសខាងលើបានបន្តថា ស្ត្រីខាងលើបានយកកាំបិតដេញចាក់គាត់ ដោយឃើញដូចនេះគាត់ក៏ថយក្រោយ តែស្ត្រីខាងលើនៅតែបន្តរុលដាក់គាត់ទៀត ទើបគាត់ទះចេញតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់នាំនាក់ទាំង២ទៅប៉ុស្តិ៍ នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរនាំនិងដោះស្រាយតាមនីតិវិធី ជាចុងក្រោយស្ត្រីខាងលើ និងបុរសស៊ីវិលខាងលើបានសុំស្មើគ្នា ដោយស្ត្រីខាងលើប្រញាប់ទៅលក់ដូរវិញ ក៏បញ្ចប់ស្មើគ្នាតែម្តង ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕






ចែករំលែកព័តមាននេះ