ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​នឹក​រឿង​ឈឺចាប់​»​សម្តេច​តេ​ជោ​ស្រក់​ទឹកភ្នែក​នៅ​ឥណ្ឌូ​នេ​ស៊ី

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ចាប់ផ្តើម​និយាយ​រឿងរ៉ាវ​ដែល​ឆ្លងកាត់​ដ៏​ជូរ​ចត់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ស្រក់​ទឹកភ្នែក​ខណៈ​ពេល​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​«​ទស្សនៈ និង​បទ​ពិសោធន៍​នៃ​ការ​កិច្ច​ខិតខំ​កសាង​សន្តិភាព​នៅ​កម្ពុជា​»​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ចាប់ផ្តើម​និយាយ​រឿងរ៉ាវ​ដែល​ឆ្លងកាត់​ដ៏​ជូរ​ចត់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ស្រក់​ទឹកភ្នែក​ខណៈ​ពេល​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​«​ទស្សនៈ និង​បទ​ពិសោធន៍​នៃ​ការ​កិច្ច​ខិតខំ​កសាង​សន្តិភាព​នៅ​កម្ពុជា​»​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។

សម្ដេច​តេ​ជោ ហ៊ុន សែន ស្ថា​និក​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ជា​អ្នក​ពន្លត់ភ្លើង​សង្គ្រាមកម្ពុជា​​ដែល​អូស​បន្លាយ​ជា​យូរ​ខែ​ឆ្នាំ​ហើយ ដែល​បច្ចុប្បន្នភាព​ប្រធាន​ព្រឹទ្ធសភា​របស់​កម្ពុជា បាន​មាន​ប្រសាសន៍​​ទាំង​អួល​ដើម​.​ក និង​ស្រក់​ទឹកភ្នែក​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​អាស៊ាន​នានា​នៅ​ពេល​នឹក​ដល់​រឿងរ៉ាវ​ឈឺចាប់​របស់​ប្រទេស​កម្ពុជា​ដែល​មាន​សង្គ្រាមរ៉ាំរ៉ៃ និង​ពិសេស នៅ​ពេល​សម្ដេច​ធ្វើ​ដំណើរ​ទៅ​ស្វែងរក​ជំនួយ​គាំទ្រ​ពី​ភាគី​វៀតណាម ដើម្បី​ផ្ដួលរំលំ​របប​ខ្មែរក្រហម ។

ថ្លែង​បាឋកថា​ក្នុង​សិក្ខាសាលា​ស្តី​ពី «​ទស្សនៈ​និង​បទ​ពិសោធន៍​នៃ​កិច្ច​ខិតខំ​កសាង​សន្តិភាព​នៅ​កម្ពុជា​»​រៀបចំ​ដោយ​វិទ្យាស្ថាន​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូព៌ា នៅ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៥ នាទី​ក្រុង​ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ថា នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ស្វែងរក​ការ​ជួយ​គាំទ្រ ដើម្បី​ផ្ដួលរំលំ​របប​ខ្មែរក្រហម​ជាមួយ​យុទ្ធ​មិត្ត​នោះ សម្ដេច​ក៏​ធ្លាប់​គិត​ប៉ុង​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ផង​ដែរ នៅ​ពេល​ទៅ​ដល់​ប្រទេស​វៀតណាម ហើយ​វៀតណាម​ចាប់ខ្លួន​សម្ដេច​ប្រគល់​មក​ឲ្យ​ខ្មែរក្រហម​វិញ តាម​រយៈ​ម្ជុល​១២​ដើម ដើម្បី​ចាក់​បំពង់​.​ក ។

សម្តេច​ថា ដោយសារ​តែ​ទ្រាំ​មិន​បានជា​មួយ​ទ​ង្វើ​ឃោរឃៅ​ព្រៃផ្សៃ​របស់​របប​ខ្មែរក្រហម ដែល​កាប់សម្លាប់​មនុស្ស​ជាង​៣​លាន​នាក់​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​កាលនោះ​មាន​ឋានៈ​ជា​មេបញ្ជាការ​កងវរសេនាធំ​គ្រប់គ្រង​លើ​កម្លាំង​កងទ័ព​ជាង​២​ពាន់​នាក់ បាន​សម្រេច​ចាកចេញ​ទៅ​ប្រទេស​វៀតណាម ប្រថុយ​ជាមួយនឹង​ជម្រើស​ចុង​ក្រោយ ដើម្បី​រំដោះជាតិ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត​។

បើ​តាម​ការ​រៀបរាប់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ថា នៅ​យប់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៩ សម្ដេច​ក្នុង​វ័យ​២៥​ឆ្នាំ រួម​ជាមួយ​យុទ្ធ​មិត្ត​ចំនួន​៤​នាក់​ផ្សេង​ទៀត បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ក្នុងភូមិ​សាស្ដ្រ​ស្រុក​មេមត់ ខេត្តកំពង់ចាម ចោល​ប្រពន្ធ និង​កូន​ក្នុង​ផ្ទៃ ដើម្បី​ធ្វើ​ដំណើរ​ឆ្លង​ទៅ​កាន់​ប្រទេស​វៀតណាម ។ ក្នុង​ដំណើរ​កណ្ដាលរាត្រី​ដ៏​គ្រោះថ្នាក់ សម្ដេច​កាលនោះ​បាន​ត្រៀម​នូវ​ជម្រើស​មួយ​ចំនួន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ពួក​ខ្មែរក្រហម ប៉ុន្ដែ​សម្ដេច​សម្រេចចិត្ត​ឆ្លង​ព្រំដែន ដើម្បី​ស្នើ​សុំ​វៀតណាម​ជួយ​រំដោះប្រទេស ដែល​នេះ​ជា​ជម្រើស​ល្អ​បំផុត​នៅ​ក្នុង​គ្រាហ៍​ដ៏​លំបាក​នេះ​។

អ្វី​ដែល​ជា​ជម្រើស​នៅ​ពេល​នេះ ត្រូវ​បាន​សម្ដេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់​ថា មាន​រហូត​ដល់​ទៅ​៤​ជម្រើស ក្នុង​នោះ ទី​១-​ប្រើ​កងទ័ព​នៅ​ក្នុង​ដៃ​ជាង​២​ពាន់​នាក់ ដើម្បី​វាយ​កាន់កាប់​តំបន់​មួយ​ចំនួន ប៉ុន្ដែ​នេះ​ជា​ជម្រើស​ដ៏​គ្រោះថ្នាក់ ដោយសារ​កងទ័ព​រប​ស់ប៉ុល ពត មាន​ចំនួន​ច្រើន​ជាង ។ ទី​២-​ដកខ្លួន​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ជួយ​រំដោះប្រទេស ។ ទី​៣-​មិន​ធ្វើ​អ្វី​ទាំងអស់ ដោយ​ទុក​ឲ្យ​ពួក​ខ្មែរក្រហម​ចាប់​យក​ទៅ​សម្លាប់ និង​ទី​៤-​ធ្វើ​អត្តឃាត​ខ្លួនឯង ។

យ៉ាងណា​ក្តី សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា «​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​មិនមែន​ជា​ជម្រើស​ល្អ​ទេ ប៉ុន្ដែ​ខ្ញុំ​បាន​ត្រៀម​ធ្វើ​អត្តឃាត​ខ្លួន ប្រសិនបើ​ខ្ញុំ​ឆ្លង​ទៅ​វៀតណា​ម វៀត​ណាម​ចាប់​បញ្ជូន​ខ្ញុំ​មក​កម្ពុជា​វិញ ពេល​នោះ ខ្ញុំ​នឹង​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​។ ខ្ញុំ​បាន​ទុក​ម្ជុល​ចំនួន​១២​ដើម នៅ​ក្នុង​ហោប៉ៅ​ខោ​របស់ខ្ញុំ ប្រសិនបើ​វៀតណាម​ចាប់​បញ្ជូន​ខ្ញុំ​មក​ឲ្យ ប៉ុ​ល ពត ពេល​នោះ​ខ្ញុំ​នឹង​ម្ជុល​ទាំង​១២​ដើម បុក​បំពង​ក​របស់ខ្ញុំ​ដើម្បី​ធ្វើ​អត្តឃាត ខ្ញុំ​មិន​ឲ្យ​ខ្មែរក្រហម​សម្លាប់​ខ្ញុំ​ទេ​»​។

ត្រង់​ចំណុច​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ទាញ​នូវ​ការ​ចាប់អារម្មណ៍ ដោយ​សង្កត់ធ្ងន់​ថា ក្នុង​វ័យ​២៥​ឆ្នាំ ត្រូវ​ចាកចោល​ប្រពន្ធ​កំពុង​មាន​ផ្ទៃពោះ ហើយ​កូន​នៅ​ក្នុង​ផ្ទៃ​ពេល​នោះ គឺជា​នាយក​រដ្ឋមន្ដ្រី​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​បាន​អះអាង​ថា ទឹកភ្នែក​រាប់​សែន រាប់​លាន​ដំណក់​របស់​សម្ដេច គឺជា​ការ​ឈឺចាប់ ដោយសារ​ការ​ព្រាត់ប្រាស់​ពី​ប្រទេស​ជាតិ ព្រោះ​សម្ដេច​មិនមែន​គិតតែ​ប្រពន្ធ​កូន​ឡើយ ពោល​ទាំង​ប្រជាជន​កម្ពុជា​ទាំងមូល​។

ក្រោយ​ភ្លៀង​មេឃ​ក៏​ប្រែ​ស្រឡះ នៅ​ពីក្រោយ​ការ​លះបង់​ដ៏​ធំធេង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត​ទាំង​៤​នាក់​ទៅ​កាន់​ប្រទេស​វៀតណាម​ហើយ​នោះ ភាគី​វៀតណាម​បាន​ទទួល​ស្ដាប់​នូវ​អ្វី​ដែល​សម្ដេច​បាន​រៀបរាប់ ហើយ​យល់ព្រម​ក្នុង​ការ​ជួយ​រំដោះប្រទេស និង​ប្រជាជន​កម្ពុជា ពី​កណ្ដាប់ដៃ​ដ៏​ឃោរឃៅ​របស់​ពួក​ខ្មែរក្រហម ។ ដោយសារ​ការ​លំបាក​មិន​អាច​កាត់ថ្លៃ​បាន​នេះ​ហើយ ទើប​សម្ដេច​ប្ដូរផ្ដាច់​ខាត​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ មិន​អាច​ឲ្យ​អ្នក​ណា​មក​បំផ្លាញ​សន្ដិភាព​របស់​កម្ពុជា​នៅ​ពេល​នេះ​បាន​ឡើយ ។

សម្តេច​បាន​លើក​ឡើង​ថា ក្រោយ​ថ្ងៃ​រំដោះ ៧ មក​រា ១៩៧៩ យើង​ត្រូវ​រែកពន់​ការ​កសាង​ប្រទេស​ឡើង​វិញ​ពី​បាតដៃ​ទទេរ ដោយ​ដៃ​ម្ខាង យើង​ត្រូវ​ការពារ​ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​ខ្មែរក្រហម ការពារ​អាយុជីវិត របស់​ប្រជាពលរដ្ឋ និង​ម្ខាង​ទៀត យើង​ត្រូវ​ខិតខំ​រក​ស្បៀងអាហារ​ផ្គត់ផ្គង់​ដល់​ប្រជាជន​ដែល​កំពុង​ស្រេកឃ្លាន កសាង​ស្ថាប័ន​គ្រប់គ្រង​ជាតិ និង​កសាង​សេដ្ឋកិច្ចជាតិ​ឡើង​វិញ ជាមួយ​ធនធានមនុស្ស​របស់​យើង​ត្រូវ​បាន​កាប់សម្លាប់​ដល់​ឫសគល់ ។

មិន​ថា ស្ថានភាព​ក្នុងស្រុក​មាន​ភាព​លំបាក​បំផុត​, សូ​ម្បី​តែ​ស្ថានភាព​អន្តរជាតិ​ក៏​មិន​អំណោយផល​ដល់​យើង​ដែរ ដោយ​យើង​ត្រូវ​រង​នូវ​ការ ឡោម​ព័ទ្ធ និង​ទណ្ឌកម្ម​យ៉ាង​អយុត្តិធម៌​ជាទី​បំផុត​, ទាំង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​ការទូត ។ សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ដែល​បាន​រំដោះជាតិ​នោះ​ទេ ហើយ​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ត្រូវ​បាន​កាន់កាប់​ដោយ​ពួក​ខ្មែរក្រហម​អស់​រយៈកាល​១២​ឆ្នាំ ។

សម្តេច​បញ្ជាក់​ថា​«​ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ក្នុង​វ័យ​២៧​ឆ្នាំ ខ្ញុំ​ពិតជា​មានការ​ឈឺចាប់ និង​មិន​ទាន់​ភ្លេច​នៅឡើយ​! ដំណើរការ​ស្វែងរក​សន្តិភាព ការ​រ​កែទម្រង់​នយោបាយ និង សេដ្ឋកិច្ច​កម្ពុជា ក្រោយ​ពេល​រំដោះប្រទេស​ពី​ខ្មែរក្រហម គឺជា​ពេលវេលា​គ្រោះថ្នាក់​បំផុត​សម្រាប់​ខ្លួន​ខ្ញុំ ព្រោះថា ទី​១-​ស្ថានភាព​ផ្ទៃក្នុង​របស់​យើង​មិន​ទាន់​មានការ​ឯកភាព​គ្នា​ទាំងស្រុង​នោះ​ទេ ហើយ​ការ​លើក​ស្នើ​គោលនយោបាយ ដូច​ជា​ការ​ស្វែងរក​ការ​ចរចា​ជាមួយ​ភាគី​ខ្មែរ​ដទៃ​ទៀត​, ការ​បញ្ចូល​ទិដ្ឋភាព​សេដ្ឋកិច្ច​ទីផ្សារ ដូច​ជា​កម្មសិទ្ធិ​ដីធ្លី នៅ​ក្នុង​ដំណើរ​គ្រប់គ្រង​សេដ្ឋកិច្ច ពិតជា​មាន​ភាព​រសើប​ខ្លាំង​, ទី​២-​យើង​ត្រូវ​ដឹង​ថា យើង​កំពុង​តែ​គ្រប់គ្រង​ប្រទេស ដែល​មាន​វត្តមាន​កងទ័ព​វៀតណាម​នៅ​កម្ពុជា និង​ទី​៣-​អតីត​សហភាព​សូវៀត គឺជា​អ្នក​ផ្តល់​ជំនួយ​ដល់​កម្ពុជា​»​។

យ៉ាងណា​ក្តី សម្តេច​បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​ចង់​បញ្ជាក់​ថា ទាំង​វៀតណាម និង​សូ​វៀត បាន​គោរព​ឯករាជ្យ​អធិបតេយ្យ​របស់​កម្ពុជា នៅ​ក្នុង​ការ​សម្រេច​ជោគវាសនា​អនាគតជាតិ​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ