ខេត្តកណ្ដាល ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវគិតគូរបន្ថែមទៀតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមតំបន់ទីក្រុង និងទីប្រជុំជនសំខាន់ៗឱ្យស្របតាមកំណើនប្រជាជន និងការរីកចម្រើនរបស់ប្រទេសជាតិ ។
ថ្លែងនាឱកាសបើកការដ្ឋានសាងសង់ «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ» នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍ ដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធ ចម្រោះ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅទីក្រុង និងទីប្រជុំជនធំៗ ដោយធានាឱ្យមានសន្តិភាពទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅទីនោះ។
សម្តេចបវរធិបតីគូសបញ្ជាក់ថា«ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវគិតគូរបន្ថែមទៀតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមតំបន់ទីក្រុង និងទីប្រជុំជនសំខាន់ៗ ឱ្យស្របតាមកំណើនប្រជាជន និងការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេស ការគ្រប់គ្រងឱ្យបាននូវការបញ្ចេញសំណល់រឹង សំណល់រាវ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង»។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា ក្នុងន័យនេះ ខ្ញុំសូមគាំទ្រ និងជំរុញការសិក្សាគម្រោងអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុង ដើម្បីបង្កើនសមត្ថភាពចម្រុះទឹកកខ្វក់ សំដៅឆ្លើយតបតាខ្មៅជំហានទី២ឱ្យបានឆាប់រហ័ស ទៅនឹងតម្រូវការជាក់ស្ដែងឱ្យកាន់តែប្រសើរ ។
លើសពីនេះ សម្តេចបវរធិបតីក៏បានណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវរួមគ្នា សិក្សាវាយតម្លៃអំពីលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធចម្រុះ និងប្រព្រឹត្តកម្មទឹកកខ្វក់ ក្រោមយន្តការភាពជាដៃគូរ រវាងរដ្ឋ និងឯកជន ដើម្បីពន្លឿនការអភិវឌ្ឍបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកាត់បន្ថយហានិភ័យ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាដែលមានការនវានុវត្តខ្ពស់ ។
សម្តេចបវរធិបតីបានលើកឡើងទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធិជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍដើម្បីបន្តបញ្ជ្រាបការយល់ដឹងអំពីសារប្រយោជន៍ និងរបៀបរស់នៅបែបថ្មីឱ្យបានទូលំទូលាយ និង ជំរុញការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជននៅមូលដ្ឋាន ក្នុងការប្រើប្រាស់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរទឹកកខ្វក់ឱ្យបានត្រឹមត្រូវ ដោយធ្វើយ៉ាងណា កៀរគរបងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសហការតភ្ជាប់បណ្ដាញលូនៅតាមលំនៅឋានរបស់ខ្លួនជាមួយបណ្តាញលូសាធារណៈ៕
ចែករំលែកព័តមាននេះ