រាជធានីភ្នំពេញ ៖ ស្ពានអាកាសស្ទឹងមានជ័យ ដែលពលរដ្ឋខ្មែររំពឹងថា នឹងបង្ហាញភាពសង្ហារបស់ខ្លួនចំកោងខ្នងកាច់ស្ទីលលើកសម្រស់រាជធានីភ្នំពេញ ឱ្យកាន់តែឆើតឆាយគួរឱ្យចូលចិត្តនោះ រហូតមកដល់ពេលនេះសាងសង់បានប្រមាណ២០% ក្នុងផែនការរួចរាល់រយៈពេល២៨ខែ ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការជំរុញ និងណែនាំពីលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្រុមការងារជំនាញស្ថាបនាស្ពានអាកាសស្ទឹងមានជ័យ បាននិងកំពុងខិតខំអនុវត្តន៍ការងារនេះយ៉ាងសស្រាក់សស្រាំ ខណៈដែលការសាងសង់ចាប់ដំណើរជាងពាក់កណ្តាលឆ្នាំទៅហើយ ហើយលទ្ធផលនៃការស្ថាបនាបាន២០% និងខិតខំសម្រុកឱ្យបានរួចរាល់តាមផែនការដែលបានគ្រោងទុក គឺមានរយៈពេល២៨ខែចាប់ពីថ្ងៃបើការដ្ឋានទៅ។
បណ្តាញផ្លូវដែលជួយសម្រួលចរាចរណ៍ពីស្ពានអាកាសស្ទឹងមានជ័យនេះ យើងមានស្ថាបនាផ្លូវបេតុង២ខ្សែ អមប្រឡាយមេបឹងសាឡាងប៉ែកខាងត្បូងស្ពានស្ទឹងមានជ័យ រហូតដល់ស្ពានថ្មមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយគោលបំណងរបស់ផ្លូវនេះ គឺជួយសម្រួលចរាចរលើកំណាត់ផ្លូវលេខ២៧១ ក៏ដូចជាផ្លូវតំបន់ស្ពានស្ទឹងមានជ័យ ស្របជាមួយនឹងស្ពានអាកាសនេះកំពុងដំណើរការសាងសង់ ។
យោងតាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសស្ទឹងមានជ័យនេះ មានតួស្ពានចំនួន៤ និងផ្លូវរត់ក្រោមដីចំនួន១ ដែលស្ពានមេសង់តាមបណ្តោយផ្លូវលេខ២៧១ ឆ្លងកាត់ខាងលើវិថីព្រះមុនីរ៉េត មានរាងបត់បែនដែលមួយកំណាត់ជាស្ពានជាប់គ្នា និងមួយកំណាត់ទៀតជាស្ពានបែកពីគ្នា ។ ស្ពានមេទី១ មានប្រវែង៤២៩ម៉ែត្រ ទទឹង៩ម៉ែត្រ ស្ពានមេទី២ មានប្រវែង៣៧៦ម៉ែត្រ ទទឹង៩ម៉ែត្រ ហើយនៅកំណាត់ជាប់គ្នាក្នុងភូមិសាស្ត្រខណ្ឌចំការមន មានទទឹងស្ពាន១៥,២ម៉ែត្រ ។ ចំណែកស្ពានរងចំនួន២ទៀត គឺទី១ សង់ឆ្លងកាត់ប្រឡាយស្ទឹងមានជ័យផ្នែកទី១ មានប្រវែង១៨ម៉ែត្រ ទទឹង១១ម៉ែត្រ និងស្ពានទី២ ឆ្លងកាត់ប្រឡាយស្ទឹងមានជ័យផ្នែកទី២ មានប្រវែង២០ម៉ែត្រ ទទឹង១២,៧ម៉ែត្រ។
រីឯស្ពានបែកខ្នែងរាងពត់កោងភ្ជាប់ពីវិធីព្រះមុនីរ៉េត ទៅចាប់ជាមួយស្ពានមេជាស្ពានឯកទិស មានប្រវែង១១២ម៉ែត្រ ទទឹង៨,៥០ម៉ែត្រ និងផ្លូវរត់ក្រោមដីចំនួន១ខ្សែ គឺរត់ក្រោមវិថីព្រះមុនីរ៉េត ទិសពីក្រៅក្រុងចូលក្នុង រួចបត់ឆ្វេងត្រង់ចំណុចកែងផ្លូវលេខ២៧១ ឆ្ពោះទៅទិសដៅមន្ទីរពេទ្យព្រះកុសុមៈប្រវែង១៥៦ម៉ែត្រ ទំហំពី៨ទៅ១០ម៉ែត្រ ។
សមិទ្ធផលស្ពានអាកាសស្ទឹងមានជ័យ គឺជាស្ពានអាកាសទី៣ បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ និងស្ពានអាកាស៧មករា ក្បែរមន្ទីរពេទ្យព្រះសង្ឃ ក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះចរាចរណ៍ដែលតែងតែកកស្ទះជាញឹកញាប់តាមច្រកផ្លូវសំខាន់ៗក្នុងទីក្រុងស្របពេលដែលចំនួនប្រជាពលរដ្ឋ និងមធ្យោបាយធ្វើដំណើរកើនឡើងឥតឈប់ឈរ ។ ស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានទទួលស្ថាបនាសាងសង់ដោយក្រុមហ៊ុន O.C.I.C ដែលបានថវិកាចំណាយមកពីការជួលដីអភិវឌ្ឍទីក្រុងរណបកោះពេជ្រ និងត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី២៦ វិច្ឆិកា ២០១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយគ្រោងឱ្យរួចរាល់នៅដើមឆ្នាំ២០១៥ (មុនចូលឆ្នាំខ្មែរ)។
មានការកក់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅរាជធានីភ្នំពេញ មានសមិទ្ធផលលេចធ្លោជាច្រើនដែលជាសំណង់ប្រវត្តិសាស្ត្រសាធារណៈរបស់រដ្ឋមិនធ្លាប់មានពីមុនមកក្រោមការដឹកនាំប្រកបដោយគតិបណ្ដិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានស្ពានព្រះមុនីវង្ស, ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា (ស្តុបមន្ទីរពេទ្យព្រះសង្ឃ) ស្ថានីយបូមទឹកកប់ស្រូវ, ស្ពានអាកាសស្ទឹងមានជ័យ , ស្ពានជ្រោយចង្វាទី២, ច្រាំងទន្លេជ្រោយចង្វាត្រើយខាងកើត, ស្ពានឆ្លងដៃសមុទ្រកោះកុង, ស្ពានកោះពស់ខេត្តព្រះសីហនុ, ស្ពានព្រែកព្នៅ, ស្ពានព្រែកតាមាក់, ស្ពានសេកុង, ស្ពានឆ្លងទន្លេបាសាក់ក្រុងតាខ្មៅ, ស្ពានឆ្លងទន្លេបាសាក់ស្រុកស្អាង, ស្ពានឆ្លងទន្លេសាបព្រែកក្តាម និងស្ពានផ្លូវជាច្រើនទៀត… ៕
ចែករំលែកព័តមាននេះ