ពិតមែនតែគេឃើញប៉ូលិស ប៉េអឹម និងសមត្ថកិច្ចផ្សេងទៀតបង្ក្រាបបោសសំអាតប្រមែប្រមូលចាប់ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកជួញដូរទាំងទ្រង់ទ្រាយធំ និងទ្រង់ទ្រាយតូច ដើម្បីលុបបំបាត់ចរាចរគ្រឿងញៀននៅកម្ពុជាយ៉ាងណាក៏ដោយ ក៏បញ្ហាគ្រឿងញៀននេះនៅតែមានចរាចរ និងស្មុគស្មាញដដែល… នៅថ្ងៃទី២៧ មិថុនា ២០១៣ ជាទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងចូលមកដល់ តើអ្នកយល់ឃើញយ៉ាងណាចំពោះទិវាប្រឆាំងគ្រឿងញៀននេះ? តើអ្នកមានគោលបំណងចង់លុបបំបាត់គ្រឿងញៀនចោលឱ្យអស់ដែរទេ?
លោកចាន់ វាន្នី ជាជំនួយការមេធាវីបានយល់ឃើញថា ទិវាប្រឆាំងគ្រឿងញៀន គឺល្អ ពីព្រោះវាជួយពញ្ញាក់ដល់មន្ត្រីអនុវត្តច្បាប់ ឬមន្ត្រីសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនឱ្យបង្កើនធ្វើការទប់ស្កាត់ និងចុះទៅបង្ក្រាប ដើម្បីលុបបំបាត់ឱ្យអស់នៅក្នុងប្រទេសកម្ពុជា ។ លើសពីនេះលោកចាន់ វាន្នី មានគោលបំណងចង់លុបបំបាត់គ្រឿងញៀនចោលឱ្យអស់ ដោយសារគ្រឿងញៀនបានបំផ្លាញសង្គមខ្មែរ ពោលគឺយុវវ័យភ្លើតភ្លើនសេពគ្រឿងញៀនបានធ្វើឱ្យភ្លេចការសិក្សា និងបំផ្លាញទ្រព្យសម្បត្តិឪពុកម្តាយ ហើយបានធ្វើឱ្យសង្គមអសន្តិសុខផងដែរ។
ចំណែកនិស្សិត ជួន សូនី សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកចិត្តវិទ្យាបាននិយាយថា ទិវាប្រឆាំងគ្រឿងញៀនគឺរំលឹកឡើង ដើម្បីពញ្ញាក់ដល់ប្រជាពលរដ្ឋខ្មែរ ចៀសវាងការប្រើប្រាស់គ្រឿងញៀន ពីព្រោះគ្រឿងញៀនបានប៉ះពាល់ដល់សង្គមខ្មែរដែលជាហេតុកើតមានក្រុមបងធំ បងតូច ក្មេងទំនើងប៉ះពាល់សណ្តាប់ធ្នាប់ ឬអសន្តិសុខសង្គម។ លោកយិន គិរី នាយរងលេខាធិការដ្ឋាន ស្នងការដ្ឋាន ប្រភពកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលើកឡើងថា បញ្ហាគ្រឿងញៀន គឺជាការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ានទាំងអស់ ។
សម្រាប់កម្ពុជាដែលបានបង្កើតទិវាប្រឆាំងគ្រឿងញៀននេះឡើង ខ្ញុំគាំទ្រ និងសូមលើកទឹកចិត្តដល់អ្នកបង្កើតទិវានេះ ពីព្រោះគ្រឿងញៀនបានធ្វើឱ្យសង្គមជាតិជួបបញ្ហាជាច្រើន អ្នកដែលបានប្រើប្រាស់វាធ្វើឱ្យប៉ះពាល់សុខភាព សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងធ្វើឱ្យកើតមានបទល្មើសជាច្រើនដោយសារគ្រឿងញៀន។
លោកវេជ្ជបណ្ឌិត មាស វីរិទ្ធិ ប្រធានមន្ទីរពិសោធន៍គ្រឿងញៀន និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញប្រាប់ទស្សនាវដ្តីមហាគ្រួសារថា ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនពិតជាមានសារសំខាន់ណាស់ ចំពោះប្រទេសកម្ពុជា ដោយយើងសង្កេតឃើញអាជ្ញាធរពាក់ព័ន្ធបានធ្វើការផ្សព្វផ្សាយអប់រំជាច្រើនឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់គ្រឿងញៀននេះ ។
ប្រទេសកម្ពុជាមិនមែនជាអ្នកផលិតគ្រឿងញៀនឡើយ ហើយចំពោះការប្រើប្រាស់វិញ គឺពលរដ្ឋជាអ្នករងគ្រោះទៅវិញទេ ដោយសារតែពួកគាត់មិនទាន់យល់ច្បាស់លាស់ពីផលអវិជ្ជមានមកលើសុខភាព និងប្រព័ន្ធសរសៃប្រសាទខួរក្បាល និងផលប៉ះពាល់សង្គម ដូច្នេះប្រសិនបើពួកគាត់យល់ច្បាស់ពីផលវិបាកនៃគ្រឿងញៀន យើងនឹងអាចលុបបំបាត់បានហើយ៕
ចែករំលែកព័តមាននេះ