ខេត្តព្រៃវែង ៖ ព្រឹកថ្ងៃទី២៣ មិថុនា លោកឧកញ៉ា អូស្មាន ហាស្សាន់ ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិហារអ៊ិស្លាមអាល់ហ្វាអ៊ីស ស្ថិតនៅភូមិខ្មែរអ៊ិស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ។
ក្នុងឱកាសនោះមានការអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា សុះ កំវ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា ព្រមទាំងអស់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិក សមាជិកាអង្គការមូលនិធីអភិវឌ្ឍន៍មុស្លិមកម្ពុជា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។តាមរបាយការណ៍របស់លោក អើស្សអារី មូហាំម៉ាត់ទត ប្រធានគណៈកម្មការសាងសង់បានឱ្យដឹងថា វិហារអាល់ហ្វាអ៊ីសដែលបានសម្ពោធនៅពេលនេះមានទំហំ១៥ម៉ែត្រគុណនិង២០ម៉ែត្រ ចំណាយថិវការអស់ចំនួន១១៥.៩០០ដុល្លារអាមេរិក ក្នុងនោះមានថវិកាដែលបានមកពីប្រជាពលរដ្ឋក្នុងភូមិ៤.០០០ដុល្លារអាមេរិក ថវិកាក្រៅភូមិ១.២០០ដុល្លារអាមេរិក ក្រៅពីនោះគឺជាអំណោយរបស់សប្បុរសជនមកពីប្រទេសម៉ាឡេស៊ី គឺលោក WANMUHAMMAD ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ មានប្រសាសន៍ថា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាទីបំផុត ដែលបានឃើញសមិទ្ធផលថ្មីមួយនេះត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ដោយបានមកពីការរួមសហការគ្នារបស់បងប្អូនពលរដ្ឋអ៊ិស្លាមនៅក្នុងនិងក្រៅប្រទេស ។ ទន្ទឹមនឹងនោះ យើងទាំងអស់គ្នាក៏មិនភ្លេចគុណបំណាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចជានិច្ចកាលតែងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងបើកសិទ្ធិយ៉ាងទូលំទូលាយដល់ខ្មែរអ៊ិស្លាម ដើម្បីគោរពប្រតិបត្តិទៅតាមជំនឿ និងសាសនារបស់ខ្លួនហើយសមិទ្ធផលដ៏ស្រស់ស្កឹមស្កៃនេះ ក៏បានកកើតឡើងដោយសារតែការផ្តល់សិទ្ធិសេរីភាព និងទទួលបានពីជំនួយមនុស្សធម៌ពីក្រៅប្រទេសផងដែរ ។
លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា ដោយសារតែភាពស្មោះត្រង់ ការអនុវត្តនូវគោលនយោបាយឈ្នះ=ឈ្នះ ប្រកបទៅដោយគតិបណ្ឌិត គុណធម៌ សច្ចធម៌ ស្មោះត្រង់ របស់គណបក្សប្រជាជនកម្ពុជា ទើបធ្វើឱ្យសំឡេងនៃការគាំទ្រគណបក្សប្រជាជនកម្ពុជាចេះតែកើនឡើងជារៀងរាល់អាណត្តិ ពី៥០កៅអី ដល់៦៤កៅអី ។ បន្ទាប់មកកើនដល់៧៣កៅអី រហូតដល់៩០កៅអី នេះក៏ដោយសារតែគោលនយោបាយឈ្នះ=ឈ្នះរបស់គណបក្សប្រជាជននេះហើយ ដែលប្រជាពលរដ្ឋរស់នៅប្រកបទៅដោយសេចក្តីសុខបរិបូរណ៍ រហូតមកដល់សព្វថ្ងៃនេះនិងមានការរីកចម្រើនលើគ្រប់វិស័យ ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានឱ្យដឹងថា ដើម្បីតបស្នងនូវគុណបំណាច់ យើងជាពលរដ្ឋខ្មែរអ៊ិស្លាម ដែលជាអ្នកប្រកាន់ខ្ជាប់សាសនាអ៊ិស្លាម ត្រូវបន្តការគាំទ្រគណបក្សប្រជាជនកម្ពុជាដែលជាមានគុណមកលើយើង។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឱ្យខ្លួនឯង ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ និងលោកជំទាវក៏បានពាំនាំនូវអំណោយជាគម្ពីរអាល់គួរអានុលការីម បកប្រែជាភាសាខ្មែរចំនួន៦១៦ក្បាល គិតជាថវិកាស្មើនឹង៩.២៤០ដុល្លារ ទៅចែកជូនដល់ប្រជាពលរដ្ឋមកពី៤ភូមិ ក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក និងចែកអង្ករចំនួន៦,៨តោន ជូនដល់ប្រជាពលរដ្ឋចំនួន២៨៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម សិស្សានុសិស្ស៣៨៧នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិក១ដើម ថវិកា៣.០០០រៀល គ្រូបង្រៀនចំនួន១៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល ឧបត្ថម្ភកម្មវិធី៥០ម៉ឺនរៀល ឧបត្ថម្ភកងកម្លាំងការពារ៣៩ម៉ឺនរៀល ។ បន្ទាប់មកលោក ឧកញា៉ និងលោកជំទាវ ក៏បានអញ្ជើញកាត់ខ្សែបូបើកសម្ពោធដាក់ឱ្យប្រើប្រាស់វិហារថ្មីជាផ្លូវការ ៕
ចែករំលែកព័តមាននេះ