ខេត្តព្រះសីហនុ ៖ កាលពីល្ងាចថ្ងៃទី២១មិថុនា នៅសាកលវិទ្យាល័យឡាយហ្វ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ២ក្រុង-ខេត្តព្រះសីហនុ បានប្រារព្ធធ្វើពិធីសច្ចាប្រណិធានរបស់ណៃធីងហ្គែលលើកទី៦ដែលរៀបចំឡើងដោយមហាវិទ្យាល័យគិលានុបដ្ឋាកនិងឆ្មបឆ្នាំទី២ ។ ពិធីនេះមាននិស្សិតចំនួន៨៥នាក់ បានធ្វើពិធីសច្ចាប្រណិធានដោយសន្យាជាឱឡារិកនៅចំពោះមុខព្រះជាម្ចាស់ និងវត្តមានគណៈអធិបតីព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត ។
អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីនេះមានលោកស្រីលឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លោកស្រីបណ្ឌិតឈីង ស៊ុកសុង(Dr. Chin Suk Sung)សាកលវិទ្យាធិការរងតំណាងលោកដេ វីដឃូ(Rev.Dr.David Koo) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឡាយហ្វ លោកសេង សុផុន ព្រឹទ្ធបុរសមហាវិទ្យាល័យគិលានុបដ្ឋាកនិងឆ្មប លោកគ្រូគង្វាល ស្រ៊ុន ជីវ័ន ព្រឹទ្ធបុរសការិយាល័យសិក្សានៃសាកលវិទ្យាល័យឡាយហ្វ ។ ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសតំណាងប្រធានផ្នែកថៃទាំនៃមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យបង្អែកខេត្តតាកែវ មន្ទីរពេទ្យបង្អែកគិរីវង់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តកំពត និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងមាតា បិតា អាណាព្យាបាល និស្សិត ព្រមទាំងនិស្សិតនៅក្នុងសាកលវិទ្យាល័យឡាយហ្វសរុបប្រមាណ៥០០នាក់ ផងដែរ ។
លោកស្រីបណ្ឌិត ឈីង ស៊ុកសុង (Dr.Chin Suk Sung) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យឡាយហ្វបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកស្រីលឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងតំណាងមន្ទីរពេទ្យដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាទៅវិញទៅមក សំដៅលើកស្ទួយវិស័យសុខាភិបាល ដើម្បីបម្រើសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា រួមជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតជាប្រមុខដឹកនាំ ។
លោកស្រីបណ្ឌិត ឈីង ស៊ុកសុង(Dr.Chin Suk Sung) មានប្រសាសន៍បន្តទៀតថា ពិធីសច្ចាប្រណិធានខាងលើនេះត្រូវបានចរិតទុកជាប្រវត្តិសាស្ត្រតាំងពីឆ្នាំ១៨៩៣ និងបានរៀបចំធ្វើជារៀងរាល់ឆ្នាំនៅតាមសាលាថែទាំវេជ្ជសាស្ត្រទំនើបៗជាច្រើនក្រោមអធិបតីភាពរបស់លោកស្រីណៃ ធីងហ្គែល និងបន្តធ្វើរហូតមកដល់សព្វថ្ងៃនេះ ។
និស្សិតមហាវិទ្យាល័យគិលានុបដ្ឋាក និងឆ្មបបាននាំគ្នាអុជភ្លើងទៀនធ្វើពិធីសច្ចាប្រណិធានដែលមានខ្លឹមសារដូចខាងក្រោមនេះ
ខ្ញុំសូមសន្យាជាឱឡារិកនៅចំពោះមុខព្រះជាម្ចាស់និងវត្តមាននៃពិធីខាងលើនេះថា យើងខ្ញុំទាំងអស់គ្នា នឹងប្រគល់ជីវិតរបស់ខ្ញុំដោយបរិសុទ្ធ និងដើម្បីអនុវត្តវិជ្ជាជីវៈរបស់ខ្ញុំដោយស្មោះត្រង់ខ្ញុំនិងចៀសវាងនូវអ្វីៗដែលមិនសុចរិតហើយនិងមិនប្រើប្រាស់ ឬផ្តល់ឱ្យនូវឱសថណាដែលដឹងថាធ្វើឱ្យអន្តរាយនោះឡើយ ។ ខ្ញុំនឹងធ្វើអ្វីៗទាំងអស់ក្នុងអំណាចរបស់ព្រះ ដើម្បីថែរក្សានិងលើកកម្ពស់មាត្រដ្ឋាននៃវិជ្ជាជីវៈរបស់ខ្ញុំ ដោយបេ្តជ្ញារក្សាការសម្ងាត់រាល់បញ្ហាបុគ្គល ព្រមទាំងរឿងរ៉ាវក្រុមគ្រួសារដែលបានដឹងក្នុងការអនុវត្តការងារ ដោយភក្តីភាពនិងខិតខំព្យាយាមជួយកិច្ចការគ្រូពេទ្យដោយលះបង់ខ្លួនដើម្បីសុខុមាលភាពដល់អ្នកដែលទទួលការថែទាំ ។
លោកស្រីលឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានថ្លែងអំណរគុណចំពោះសាកលវិទ្យាធិការ សាកលវិទ្យាធិការរង សាស្ត្រចារ្យ បុគ្គលិកនៃសាកលវិទ្យាល័យឡាយហ្វទាំងអស់ ជាពិសេសលោកសេក ផុន ព្រឹទ្ធបុរសមហាវិទ្យាល័យគិលានុបដ្ឋាក និងឆ្មបដែលកន្លងមកបានយកចិត្តទុកដាក់ខ្ពស់ ខិតខំបង្ហាត់បង្រៀនដល់និស្សិតឱ្យទទួលបានលទ្ធផលគួរជាទីមោទនៈ និងស្របទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាលថែមទៀតផង ។ ឮ
ជាមួយគ្នានេះលោកស្រីក៏បានផ្តាំផ្ញើដល់ក្មួយៗ និស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ទុកជាទុន ជាធនធានមនុស្សដែលប្អូនមិនអាចខ្វះបានក្នុងពេលចេញទៅបំពេញការងារក្នុងវិស័យសុខាភិបាលដែលជាការរួមចំណែកលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នាពេលបច្ចុប្បន្នក៏ដូចជាទៅថ្ងៃអានាគត ដែរ ៕
ចែករំលែកព័តមាននេះ