រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Metfone Cambodian League 2013 ក្រុមចម្ការកៅស៊ូបឹងកេតនៅតែរក្សាតំណែងជួរមុខក្នុងតារាងបានយ៉ាងល្អបំផុត បន្ទាប់ពីយកឈ្នះលើក្រុមអគ្គស្នងការដ្នាននគរបាលជាតិក្នុងលទ្ធផល៣-១ នៅលើទីលានពហុកីឡដ្ឋានជាតិ កាលពីរសៀលថ្ងៃអាទិត្យ ទី២៣ មិថុនា ខណៈក្រុមបៀលប្រាយយូណាយធីតកើនបាន៣ពិន្ទុបន្ថែមទៀត បន្ទាប់ពីប្រកួតឈ្នះក្រុមណាហ្គាខបក្នុងលទ្ធផល ២-១។
ក្រុមចម្ការកៅស៊ូបឹងកេតបានបង្ហាញទម្រង់នៃការលេងយ៉ាងល្អបំផុត បើទោះជានៅក្នុងតង់ទី១ លេងបានត្រឹម៣នាទីដំបូងត្រូវកីឡាករ នៅ សុសិលា ពាក់អាវលេខ២៥ របស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ រកបាន១គ្រាប់នាំមុខមុនក៏ដោយ ព្រោះគេអាចរកគ្រាប់បាល់២គ្រាប់សងវិញភ្លាមៗនៅនាទីទី៩ ដោយកីឡាករ ចាន់ វឌ្ឍនាកា ពាក់អាវលេខ១១ និងកីឡាករ BISAN GOERGE ពាក់អាវលេខ៣៦ នៅនាទីទី៤៥+១ ធ្វើឱ្យចប់ការប្រកួតក្នុងតង់ទី១ ក្រុមចម្ការកៅស៊ូបឹងកេតនាំមុខ
២-១ ។
នៅតង់ទី២ ក្រុមចម្ការកៅស៊ូបឹងកេតព្យាយាមលេងសម្រុករហូតរកបានគ្រាប់បាល់បន្ថែម១គ្រាប់ទៀតនៅនាទីទី៦៤ ដែលរកបានដោយកីឡាករ BISAN GOERGE ពាក់អាវលេខ៣៦ នៅនាទីទី៦៤ ចប់ការប្រកួតក្រុមចម្ការកៅស៊ូបឹងកេតឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងលទ្ធផល ៣-១ ។ ក្រុមចម្ការកៅស៊ូបឹងកេតពេលនេះលេងបាន១៥ប្រកួត ក្នុងនោះឈ្នះ១១ ស្មើ១ និងចាញ់៣ មាន៣៤ពិន្ទុ ស្ថិតនៅលេខរៀងទី១ នៃតារាង ។ រីឯក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិវិញលេងបាន១៦ប្រកួត ឈ្នះ៥ ស្មើ៤ ចាញ់៧ មាន១៩ពិន្ទុ ស្ថិតនៅលេខរៀងទី៧ ក្នុងតារាង ។
ចំណែកឯក្រុមបៀលប្រាយយូណាយធីតវិញ ពេលនេះកើនបាន៣ពិន្ទុទៀតមែន ប៉ុន្តែគេកំពុងតែស្ថិតនៅលេខរៀងទី៦ ក្នុងតារាងនៅឡើយ ដោយប្រកួតបាន១៦លើក ឈ្នះ៧ ស្មើ៣ ចាញ់៦ មាន២៤ពិន្ទុ ។ រីឯក្រុមណាហ្គាខបវិញប្រកួតបាន១៥លើក ឈ្នះ៦ ស្មើ៦ ចាញ់៣ មាន២៤ពិន្ទុ ស្ថិតនៅលេខរៀងទី៤ ក្នុងតារាង ៕
ចែករំលែកព័តមាននេះ