រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែររវាងកីឡាករខុសជំនាន់គ្នា២រូប គឺកីឡាករសេង ហៀង ដែលទើបល្បីក្នុងជំនាន់ថ្មី និងកីឡាករចាស់វស្សាល្បីយូរមកហើយ លី ចំរើន បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្នុងស្រទាប់មហាជន និងក្រុមអ្នករៀបចំការប្រកួតដោយផ្ទាល់ប្រចាំនៅប៉ុស្តិ៍បាយ័ន ។ ដោយសារកីឡាករសេង ហៀង មិនចោលទម្លាប់ចាស់ ដែលត្រូវគេចោទថាលក់ខ្លួនទាំងភ្នែកស្រក់នោះ ទើបធ្វើឱ្យការប្រឹងប្រែងរបស់កីឡាករលី ចំរើន ក្លាយជាអសារបង់ដោយត្រូវគេមិនប្រកាសលទ្ធផល ។
តាំងពីទឹកទី១រហូតដល់ទឹកទី៣កីឡាករ សេង ហៀង មកពីក្លិបចាក់អង្រែមានជ័យហាក់មិនព្រមប្រកួតទាល់តែសោះ ដោយគេបានទាំងបញ្ចេញកាយវិការលើកដៃលើកជើងមិនរួច ដូចដែលគេធ្លាប់ធ្វើក្នុងពេលសង្វៀនប៉ុស្តិ៍បាយ័នព្រមានមិនឱ្យឡើងរេញ កាលពីលើកមុននោះទៀតផង ។ ការប្រកួតមិនប្រក្រតីនោះមានតែជើងចាស់មកពីក្លិបរស្មីកុមារកំព្រាលី ចំរើន ប៉ុណ្ណោះ ស្ទុះស្ទាប្រឹងប្រកួត ចំណែកសេង ហៀង ឯណេះវិញ គឺទាល់តែមានការព្រមានខ្លាំងទើបគេឃើញបញ្ចេញស្នៀតខ្លះៗ ។ សេង ហៀង នៅតែមិនចោលគំនិតចាស់ បន្ទាប់ពីលី ចំរើន គ្រាន់តែទាត់ត្រូវជើងក្រោមមួយស្នៀតស្រាប់តែលោតចង់បះជើង ហើយដើរផ្អៀងខ្លួនដើម្បីបង្ហាញខ្លួនត្រូវរបួសជើង ។
កាយវិការនេះបានជំរុញឱ្យ លី ចំរើន កាន់តែបំបុកដើម្បីក្តោបក្តាប់លទ្ធផលផ្តួលឱ្យសេង ហៀង សន្លប់ក្នុងគោលដៅបង្កើនក្រេឌីត ។ នៅទឹកទី៣ ក្នុងពេលដែលសេង ហៀង ងើបលែងរួច ហើយត្រូវរាប់ដល់១០ជើងចាស់ លី ចំរើន សម្តែងអារម្មណ៍ត្រេកអរហួសប្រមាណ ដោយឃើញលោកដើរចុះឡើងៗ ដើម្បីរង់ចាំឱ្យលោកអាជ្ញាកណ្តាលលើកដៃប្រកាសឱ្យឈ្នះ ។ លី ចំរើន ទម្លាក់ទឹកមុខភ្លាមៗ បន្ទាប់ពីត្រូវគេឱ្យចុះដូចគ្នា ទន្ទឹមនឹងមានការប្រកាសថា គូនេះមិនប្រកាសលទ្ធផលព្រោះពួកគេប្រកួតមិនប្រក្រតី ។
លី ចំរើន អាម៉ាស់មុខគួរសម បន្ទាប់ពីមានសំណាងបំបុកគូប្រកួតបានល្អគ្រប់ស្នៀត ប៉ុន្តែបែរជាសេង ហៀង ជាប់ចោទលក់ខ្លួនមិនព្រមតដៃ ។ កីឡាករសេង ហៀង ទទួលការព្រមានទៀតហើយ បើទោះជាគេប្រឹងដោះសាថា ភាពអសកម្មរបស់ខ្លួនបណ្តាលមកពីមានរបួសក្នុងទឹកទី១ និងទី២ ។ កីឡាកររូបនេះ ទំនងរកទីឈរជើងមិនបានដូចមុន បើប៉ុស្តិ៍បាយ័នផ្អាកមិនឱ្យប្រកួត ទន្ទឹមនឹងប៉ុស្តិ៍លេខ៥ ដែលធ្លាប់លើកស្ទួយត្រូវគេដឹងថា គ្មានការប្រដាល់ប្រចាំអាទិត្យរហូតដល់ដំណាច់ឆ្នាំ
២០១៣ ។
ចំពោះគូផ្សេង នាងវី ស្រីឆាយ មកពីក្លិបនាគមានជ័យ ឈ្នះពិន្ទុនាងម៉ុន សម្រស់ មកពីក្លិបមិត្តប៉ូលិស កីឡាករម៉ន លីហួរ មកពីក្លិបព្រែកឯងកីឡាករ ចាញ់កីឡាករផាន់ ពិសិដ្ឋ មកពីក្លិបគជសារកីឡាដោយពិន្ទុ និងកីឡាកររឿម វណ្ណៈ មកពីក្លិបក្រសួងការពារជាតិបានផ្តួលកីឡាករនឿន សាវឌី មកពីក្លិបអេភូថងកីឡា ឱ្យសន្លប់ក្នុងទឹកទី២ទទួលបានការគាំទ្រយ៉ាងលើសលប់ ៕
ចែករំលែកព័តមាននេះ