រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានឹងបើកយុទ្ធនាការមួយនៅខេត្តកែប ក្រោមប្រធានបទ«កែបសំអាតកែប» (Kep Kep Clean) នៅថ្ងៃទី២៩ មិថុនា ខាងមុខនេះ ។ក្នុងឱកាសនោះនឹងមានការអញ្ជើញចូលរួមពីសំណាក់ប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គឺ លោក ចម ប្រសិទ្ធ រួមជាមួយលោក ទេព រិទ្ធិវិទ្ធ ជាអគ្គលេខាធិការសហព័ន្ធ លោកអភិបាលខេត្តកែប ព្រមទាំងទូតសុច្ឆន្ទៈរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា គឺបវរកញ្ញាជប៉ុន២នាក់បងប្អូនកញ្ញា Hisae Arai បវរកញ្ញាឆ្នាំ២០១១ និងប្អូនស្រី Kiko Arai បវរកញ្ញាឆ្នាំ២០១២ នឹងចូលរួមក្នុងយុទ្ធនាការនេះដែរ ។
នេះជាយុទ្ធនាការមួយដើម្បីបង្ហាញពី បរិស្ថាន-កីឡា និងរមណីយដ្ឋានស្អាត ។ យុទ្ធនាការនេះក្រៅពីមានការចូលរួមពីសំណាក់កីឡាករ-កីឡាការិនីវាយកូនបាល់ក្មេងៗនោះ ក៏មានការចូលរួមពីសំណាក់សិស្សសាលាជាច្រើននាក់ទៀតផងដែរ ។ សម្រាប់ទីតាំងដែលត្រូវអនុវត្តយុទ្ធនាការនេះ គឺនៅចំណុចផ្សារក្តាម សាលាខេត្តកែប ផ្សារកែប និងតាមបណ្តោយឆ្នេរដែលកម្មវិធីនេះចាប់ផ្តើមនៅវេលាម៉ោង៧និង៣០នាទីព្រឹក និងបញ្ចប់នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល ៕
ចែករំលែកព័តមាននេះ