ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ភាគរយ​ខ្ពស់​ជា​ម្ចាស់​ប្រាក់​១២​ម៉ឺន​ដុល្លារ បន្ថែម​ពីលើ​១៨​ម៉ឺន​ដុល្លារ​ក្នុង​ហោ​ប៉ៅ​​ស្រាប់

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​បង្កើត​រឿង​ភ្ញាក់ផ្អើល និង​ភាព​រីករាយ​ខ្លាំង​ដល់​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​នៅ​តាម​គេហដ្ឋាន បន្ទាប់​ពី​បាន​បំបាក់​ក្រុម​ជើង​ខ្លាំង​មី​យ៉ា​ន់​ម៉ា Shan United លទ្ធផល…

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​បង្កើត​រឿង​ភ្ញាក់ផ្អើល និង​ភាព​រីករាយ​ខ្លាំង​ដល់​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​នៅ​តាម​គេហដ្ឋាន បន្ទាប់​ពី​បាន​បំបាក់​ក្រុម​ជើង​ខ្លាំង​មី​យ៉ា​ន់​ម៉ា Shan United លទ្ធផល ៦​ទល់​នឹង​២ សម្រាប់​ការ​ប្រកួត​ជើង​ទី​១ វគ្គ​៨​ក្រុម​ចុង​ក្រោយ ពានរង្វាន់ AFC Challenge League រដូវ​កាល ២០២៤-២៥ កាលពី​យប់​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៥​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Cristian Roque បង្ហាញ​ទម្រង់​លេង​ដ៏​ទាក់ទាញ​បំផុត​នៅ​លើ​ទីលាន ក្រោយ​រកបាន​៣​គ្រាប់​ម្នាក់ឯង​ក្នុង​ចំណោម​៦​គ្រាប់​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​យកឈ្នះ​លើ​ភ្ញៀវ Shan United ស្រប​ពេល​កីឡាករ​សញ្ជាតិ​ជប៉ុន Roy Fujii រកបាន​១​គ្រាប់ កីឡាករ មិន រតនៈ ១​គ្រាប់ ព្រមទាំង​១​គ្រាប់​ទៀត​ជា​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​ពី​សំណាក់​ខ្សែការពារ​ក្រុម​ភ្ញៀវ​។

តាម​រយៈ​លទ្ធផល​នេះ ជា​ទុន​ដ៏​សំខាន់​សម្រាប់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៅ​ជើង​ទី​២ ធ្វើ​ឡើង​នៅ​ទឹកដី​មី​យ៉ា​ន់​ម៉ា នា​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៥ ដ្បិត​ក្រុម​ជើង​ខ្លាំង​កម្ពុ​ជាមួយ​នេះ មាន​ភាគរយ​ខ្ពស់​ជាង​ក្រុម Shan United សម្រាប់​ដំណើរ​ឆ្ពោះទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

គិត​ត្រឹម​ពេល​នេះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​រកបាន​ប្រាក់​រង្វាន់ ១៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ដាក់​ក្នុង​ហោប៉ៅ​រួច​ហើយ នឹង​ត្រៀម​ក្លាយជា​ម្ចាស់​ប្រាក់​រង្វាន់ ១២​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ប្រសិនបើ​ឈ្នះ Shan United បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ដោយហេតុ​ថា ការ​ប្រកួត​ពានរង្វាន់​កម្រិត​ទី​៣ ប្រចាំ​តំបន់​អាស៊ី AFC Challenge League រដូវ​កាល ២០២៤-២៥ ចំណាយ​លើ​ប្រាក់​រង្វាន់​សរុប​ចំនួន ៤,៤២០,០០០​ដុល្លារ​។

១៨ក្រុម​ចូល​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​នីមួយ​ៗ ទទួល​បាន​ប្រាក់​រង្វាន់ ១០​ម៉ឺន​ដុល្លារ​។ ក្រុម​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន ៨​ម៉ឺន​ដុល្លារ​បន្ថែម​។ ក្រុម​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បាន ១២​ម៉ឺន​ដុល្លារ​បន្ថែម​។ ចំណែក​ក្រុម​រងជើង​ឯក​បាន​ប្រាក់​រង្វាន់ ៥០​ម៉ឺន​លាន​ដុល្លារ ខណៈ​ក្រុម​ជើងឯក​បាន​ប្រាក់​រង្វាន់ ១​លាន​ដុល្លារ​។ ដូច្នេះ​ក្រុម​ឈ្នះ​ជើងឯក​នឹង​ទទួល​ប្រាក់​រង្វាន់​សរុប​ចំនួន ១,៣​លាន​ដុល្លារ រីឯ​ក្រុម​រងជើង​ឯក​រកបាន​សរុប​ចំនួន ៨០​ម៉ឺន​ដុល្លារ​។

សូម​ជម្រាប​ជូន​ថា AFC Challenge League រដូវ​កាល ២០២៤-២៥ ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី AFC បែងចែក​ជា​២​តំបន់ តំបន់​ខាងកើត និង​តំបន់​ខាងលិច ដោយ​ប្រកួត​វគ្គ​ចែក​ពូ​ល​ទៅ​តាម​តំបន់​រៀងខ្លួន ដើម្បី​ចម្រាញ់​យក​ក្រុម​បន្ត​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ រហូត​ដល់​រក​ឃើញ​មួយ​ក្រុម​ពី​តំបន់​ខាងកើត និង​មួយ​ក្រុម​ពី​តំបន់​ខាងលិច ដើម្បី​ទូទាត់​គ្នា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

វគ្គ​៨​ក្រុម​ចុង​ក្រោយ តំបន់​ខាងកើត ៖
-​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង (​កម្ពុជា​) ប៉ះ​ក្រុម Shan United (​មី​យ៉ា​ន់​ម៉ា​)
-​ក្រុម Tainan City (​ឆាយ​នី​ស​តៃប៉ិ​) ប៉ះ​ក្រុម Madura United (​ឥណ្ឌូ​ណេ​ស៊ី​)
វគ្គ​៨​ក្រុម​ចុង​ក្រោយ តំបន់​ខាងលិច ៖
-​ក្រុម Al-Arabi (​គុយ​វ៉ែត​) ប៉ះ​ក្រុម Al-Seeb (​អូ​ម៉​ង់​)
-​ក្រុម East Bengal (​ឥណ្ឌា​) ប៉ះ​ក្រុម Arkadag (​តួ​ក​ម៉េ​នី​ស្ថាន​)៕ រូបភាព ៖ Preah Khan Reach Svay Rieng FC និង AFC Challenge League

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ