តាមប្រភពព័ត៌មានប៊ីប៊ីស៊ី ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៤ មិថុនា ឆ្នាំ២០១៣ បានឱ្យដឹងថា ក្លិបហង្សក្រហម Liverpool ទិញកីឡាករខ្សែប្រយុទ្ធយុវជនអេស្ប៉ាញអាយុក្រោម២១ឆ្នាំ Luis Alberto ពីក្លិប Sevilla ក្នុងតម្លៃខ្លួន ៦,៨លានផោនស្មើនឹងជាង១០លានដុល្លារអាមេរិកជាមួយនឹងកុងត្រារយៈពេលយូរ ។
លោក Brendan Rogers គ្រូបង្វឹកក្លិប Liverpool បាននិយាយថា ៖ កីឡាករ Luis Alberto មានប្រវត្តិបាល់ទាត់ច្បាស់លាស់ និងមានសីលធម៌ល្អស័ក្ដិសមមករស់នៅជាមួយក្លិប Liverpool ។ លោកបានបន្តទៀតថា ខ្ញុំបានចិញ្ចឹមចិត្តប្រមាញ់យកកីឡាកររូបនេះជាយូរមកហើយ ក្នុងគោលបំណងជួយអភិវឌ្ឍន៍បំនិនប្រសប់កីឡាកររូបនេះឱ្យកាន់តែប្រសើរឡើង ។
ក្រោមការដឹកនាំរបស់លោក Brendan Rodgers ក្លិបហង្សក្រហម Liverpool កំពុងតែប្រមាញ់យកកីឡាករល្អៗដើម្បីយកមកពង្រឹងក្លិបសម្រាប់ការប្រកួតរដូវកាលថ្មី២០១២-២០១៣ ។ រហូតមកដល់ពេលនេះក្លិប Liverpool បានទិញកីឡាករ Kolo Toure ពីក្លិប Man City, កីឡាករ Lago Aspas ពីក្លិប Celta និងកីឡាករ Luis Alberto ពីក្លិប Sevilla ហើយកំពុងប្រមាញ់យកកីឡាករខ្សែបម្រើ Henrikh ពីក្លិប Shakhtar ម្នាក់បន្ថែមទៀត ។
គួររំលឹកដែរថា កីឡាករ Luis Alberto អតីតជាកីឡាករក្លិប Sevilla តែត្រូវបានខ្ចីជើងទៅលេងក្នុងក្លិប Barcelona B ក្នុងរដូវកាល២០១៣-២០១៣ មុនពេលលក់មកឱ្យក្លិប Liverpool ។ នៅជាមួយក្លិប Barcelona B កីឡាកររូបនេះធ្លាប់ស៊ុតបាល់បាន 11 គ្រាប់ក្នុងការង្ហាញវត្ដមាន 36 ប្រកួត ៕
ចែករំលែកព័តមាននេះ