ខេត្តកំពង់ចាម៖ គម្ពីរអាល់គួរអានចំនួន១.៧៥២ក្បាល បានចែកជូនដល់សាសនិកអ៊ិស្លាមចំនួន៩៥២គ្រួសារមកពី៣ឃុំគឺ ឃុំអង្គរបាន ឃុំពាមជីកង និងឃុំរកាគយ ដែលពិធីប្រគល់នេះប្រារព្ធឡើងក្រោមអធិបតីភាពលោក មិន ឃិន ប្រធានគណៈពង្រឹងមូលដ្ឋានចុះជួយស្រុកកងមាស នាបរិវេណសាលារៀនអ៊ិស្លាមហ៊ីយ៉ាស់ ភូមិសាច់សូរ ឃុំពាមជីកង ស្រុកកងមាស កាលពីរសៀលថ្ងៃទី២២ មិថុនា ។
លោក សុះ មុះសឹន ប្រធានសមាគមគ្រូពេទ្យអ៊ិស្លាមកម្ពុជាបានមានប្រសាសន៍ថា គម្ពីរអាល់គួរអានចំនួន១.៧៥២ក្បាល បានចែកចាយជូនប្រជាពលរដ្ឋសាសនិកអ៊ិស្លាម មកពីស្រុកចំនួន៥ ក្នុងខេត្តកំពង់ចាម ក្នុងនោះស្រុកកងមាសចំនួន៩៥២គ្រួសារមកពី៣ឃុំគឺ ឃុំអង្គរបាន ឃុំពាមជីកង និងឃុំរកាគយ ។ ដោយឡែកស្រុកកោះសូទិនមានវិហារអ៊ិស្លាម៥ទទួលបានគម្ពីរអាល់គួរអានចំនួន៥០០ក្បាល ស្រុកកំពង់សៀមមានវិហារអ៊ិស្លាមមួយទទួលបានចំនួន១០០ក្បាល ស្រុកព្រៃឈរមានវិហារអ៊ិស្លាមមួយទទួលបានចំនួន១០០ក្បាល និងស្រុកស្រីសន្ធរមានវិហារអ៊ិស្លាមមួយទទួលបានចំនួន១០០ក្បាល ។
លោកមិន ឃិន មានប្រសាសន៍ថា សាសនាទាំងអស់គឺត្រូវតែមានគម្ពីរក្បួនច្បាប់របស់ខ្លួនក្នុងការប្រៀនប្រដៅអប់រំអ្នកដែលជឿតាមនោះឲ្យប្រព្រឹត្តតែអំពើល្អ ហើយមានភាពសុខដុមរមនារវាងសាសនាទាំងអស់នៅកម្ពុជា បានបង្កឲ្យមានលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីការវិវត្តទៅមុខជានិច្ច ។
លោកប្រធានក្រុមការងារបានសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរ-អ៊ិស្លាមទាំងអស់ត្រូវចេះសហការគ្នា និងយោគយល់គ្នាដើម្បីរួមគ្នាអភិវឌ្ឍន៍នៅតាមវិហាររបស់ខ្លួនឲ្យបានសមរម្យ និងត្រូវចេះគោរពច្បាប់សាសនា ក៏ដូចជាច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យបានត្រឹមត្រូវ ៕
ចែករំលែកព័តមាននេះ