ខេត្តកំពង់ស្ពឺ ៖ ជនរហ័សដៃកាច់សោ.កម៉ូតូម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ បានត្រូវប៉ូលិសព្រហ្មទណ្ឌខេត្ត សហការជាមួយប៉ូលិសមូលដ្ឋានចាប់ខ្លួនកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២១ មិថុនា នៅក្នុងភូមិត្រពាំងកក់ ឃុំក្រាំងអំពិល ស្រុកសំរោង ។ ការចាប់ខ្លួនបាននេះគឺក្រោយពីក្រុមជនខាងលើបានកាច់សោ.កម៉ូតូមួយគ្រឿងនៅមុខមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត យកទៅលក់ស៊ីចាយអស់ ហើយក៏ជាម៉ូតូទីងដែរ ។
លោកវរសេនីយ៍ត្រី សម សាក់ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យដឹងថា បន្ទាប់ពីការតាមដានសកម្មភាពលួចមូ៉តូអស់ជាច្រើនគ្រឿងនៅក្នុងខេត្តកំពង់ស្ពឺមក នៅល្ងាចថ្ងៃទី២១ មិថុនា លោកបានដឹកនាំកម្លាំងព័ទ្ធចាប់បានជនល្មើសម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ទៀតដែលបានគេចខ្លួន ។ ជននេះឈ្មោះ ភឺន ចាន់ថន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងកក់ ឃុំក្រាំងអំពិល ស្រុកសំរោងទង ។ លោកវរសេនីយ៍ត្រី សម សាក់ បន្តថា ជនល្មើសម្នាក់នេះក្នុងចំណោមបក្ខពួក៣នាក់ទៀតបានធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម តាំងពីដើមខែមករារហូតមកដល់ខែមិថុនា ២០១៣ នេះបានចំនួន៦គ្រឿង សុទ្ធតែម៉ាកហុងដាសេ១២៥ ទាំងអស់ ហើយក៏បានលក់ចែកលុយគ្នាអស់ហើយដែរ ។
នៅចំពោះមុខសមត្ថកិច្ចសួរចម្លើយជនឈ្មោះ ភឺន ចាន់ថន សារភាពថា កន្លងមកពួកខ្លួនបានលួចកាច់សោ.កម៉ូតូ ១-នៅមហោស្រពខេត្ត ពេលកំពុងប្រគំតន្ត្រី ២-នៅចំណតរថយន្តខេត្តកំពង់ស្ពឺ ៣-ម៉ូតូសិស្សសាលានៅវិទ្យាល័យសុខា ផល្លី ៤-នៅចំណុចប្រឡាយសង្កាត់ច្បារមន ៥-នៅចំណុចសំរោងបាក់ក្នុងស្រុកភ្នំស្រួច និង៦-នៅមុខមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ។
ជនឈ្មោះ ភឺន ចាន់ថន ដែលជាមេខ្លោងបានប្រាប់ទៀតថា បក្ខពួកខ្លួន៣នាក់ទៀតដែលគេចខ្លួន ក៏នៅភូមិក្បែរៗភូមិរបស់ខ្លួនដែរ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការតាមចាប់មុខសញ្ញានេះបន្ត និងបញ្ជូនជនឈ្មោះ ភឺន ចាន់ថន ទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ