ណាថាន់ ក្លេវើលី គ្រោងឡើងប្រកួតការពារខ្សែក្រវាត់ស្ថាប័នWBO ក្នុងប្រភេទទម្ងន់Light-heavyweight របស់ខ្លួនជាលើកទី៦ ប្រឆាំងនឹងកីឡាកររុស្ស៊ី Sergey Kovalev នាថ្ងៃទី១៧ សីហា ខាងមុខនេះ នៅសង្វៀន Motorpoint Arena ស្ថិតក្នុងក្រុង Cardiff ប្រទេសអង់គ្លេស។
ប្រកួតចុងក្រោយកាលពីពេលថ្មីៗកន្លងមកនេះ កីឡាករសញ្ជាតិវែលរូបនេះបានយកឈ្នះកីឡាករ កូសូវ៉ូ Robin Krasniqui ដោយពិន្ទុ ការពារបាននូវខ្សែក្រវាត់របស់ខ្លួនជាលើកទី៥ ។ ក្លេវើលី ពេលនេះឯតទគ្គកម្មប្រកួតរបស់គេគឺឈ្នះ២៦លើក មិនដែលចាញ់ ។ ថ្លែងតាមគេហទំព័រ Twitter ក្លេវើលីបានបញ្ជាក់ថា៖ «ទីបំផុត ការប្រកួតនេះលេចចេញជារូបរាងពិតប្រាកដហើយគឺការប្រកួតជាមួយជើងខ្លាំងមិនធ្លាប់ចាញ់ជំនាញខាងផ្តួលគួប្រកួតឱ្យសន្លប់របស់រុស្ស៊ី Sergey Kovalev »។
សម្រាប់ក្លេវើលី ការជួបជាមួយ Kovalev អាចជាឱកាសមួយឱ្យគេរៀបចំខ្លួនក្នុងការឈានទៅផ្តួលជើងខ្លាំង២រូបផ្សេងទៀតក្នុងប្រភេទទម្ងន់ជាមួយគ្នា ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះមានគោលដៅឯកភាពខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ Light heavyweight តាមរយៈការផ្តួលម្ចាស់ខ្សែក្រវាត់ស្ថាប័ន IBF បឺណាដ ហប់ឃីន និងម្ចាស់ខ្សែក្រវាត់ស្ថាប័ន WBA -Beibut Shumenov ។
ទោះជាយ៉ាងណា ក្តីរំពឹងរបស់គេទាំងនេះ ស្ថិតនៅជាស្រមោលនៅឡើយទេខណៈKovalev ត្រូវគេទទួលស្គាល់ថា ជាកំពូលជើងខ្លាំងខាងផ្តួលគូប្រកួតឱ្យសន្លប់ ។ កីឡាករវ័យ៣០ឆ្នាំរូបនេះ នៅក្នុង២២ប្រកួតគឺគេឈ្នះ២១លើក ស្មើ១លើក និងផ្តួលគូប្រកួតឱ្យសន្លប់បាន១៩លើក ។ សម្រាប់ Kovalev នេះជាលើកទី១ហើយដែលរូបគេទទួលបានឱកាសឡើងប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ។ គេបានថ្លែងថា៖ «គោលដៅរបស់ខ្ញុំគឺយកឈ្នះខ្សែក្រវាត់ពិភពលោកមួយស្ថាប័នឱ្យបានឆាប់បំផុត ។ ដូច្នេះខ្ញុំក៏ទទួលយកឱកាសដ៏កម្រលើកនេះ»៕
ចែករំលែកព័តមាននេះ