ខេត្តកំពង់ឆ្នាំង ៖ បុរសជាឪពុកបានរងរបួសរយះទ្រូងត្រូវគ្រូពេទ្យដេរអស់៤ថ្នេរ ដោយសារតែកូនប្រុសរមិលគុណគប់នឹងអង្កត់អុសកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ មិថុនា នៅក្នុងភូមិជាងហ្លួង ឃុំពន្លៃ ស្រុកបរិបូណ៌ ។ ទោះបីជាយ៉ាងណា យុវជនជាកូនគ្មានស្គាល់បាបបុណ្យម្នាក់នេះត្រូវបាននគរបាលចាប់ខ្លួនភ្លាមៗដែរ ។
លោក ជាង សុវណ្ណារិទ្ធ អធិការនគរបាលស្រុកបរិបូណ៌បានឱ្យដឹងថា កូនប្រុសមិនស្គាល់គុណរូបនេះឈ្មោះ ឡៅ វាសនា អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិខាងលើ ចំណែកជនរងគ្រោះជាឪពុកឈ្មោះ នៅ ឆាយ អាយុ៥៦ឆ្នាំ ។ ប្រភពដដែលបានបន្តដោយស្រង់សម្តីស្ត្រីជាប្រពន្ធបុរសរងគ្រោះឈ្មោះ ទូច ធួន អាយុ៥៨ឆ្នាំឱ្យដឹងថា មុនពេលកើតហេតុ កូនប្រុសរបស់គាត់ឈ្មោះ ឡៅ វាសនា កំពុងដាំស្លនៅចង្ក្រានបាយ ពេលនោះប្តីរបស់គាត់ដែលផឹកស៊ីស្រវឹងខួបរាល់ថ្ងៃបានអង្គុយរអ៊ូរទាំមិនចេះចប់ និងរករឿងឈ្លោះជាមួយគាត់ជាប្រពន្ធ ។
ស្ត្រីជាប្រពន្ធរៀបរាប់ទៀតថា ពេលនោះកូនប្រុសគាត់ក៏បានស្រែកឃាត់ឪពុកឱ្យឈប់រអ៊ូរទាំទៅ ថ្លង់ណាស់។ ដោយសារឪពុកមិនស្តាប់ គេក៏ទាញអង្កត់អុសទំហំប៉ុនកដៃគប់ចំកណ្តាលទ្រូងឪពុក បណ្តាលឱ្យរងរបួសហូរឈាមជោកខ្លួន ។ ភ្លាមៗនោះ រូបគាត់និងក្រុមគ្រួសារបាននាំគ្នាយកអ្នករងគ្រោះទៅកាន់មណ្ឌលសុខភាពស្រុកបរិបូណ៌ ហើយត្រូវគ្រូពេទ្យដេរមុខរបួសចំនួន៤ថ្នេរ ។ ស្ត្រីជាប្រពន្ធជនរងគ្រោះឱ្យដឹងទៀតថា កន្លងមកពេលប្តីគាត់ស្រវឹង កូនគាត់ឈ្មោះ ឡៅ វាសនា ធ្លាប់បានវាយធ្វើបាបឪពុក២ទៅ៣ដងរួចមកហើយ ព្រោះតែគេស្អប់ពេលស្រវឹងម្តងៗរអ៊ូមិនចេះចប់ ។
លោកអធិការបានបន្តថា ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានទៅដល់លំនៅឋាន ហើយចាប់ខ្លួនជនដៃដល់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្ត រួចបន្តបញ្ជូនសំណុំរឿងទៅសាលាដំបូងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ