ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជបុត្រ​​​ជួប​លោកពូ​ទី​ន ​ដើម្បី​ចរចា​ពី​បញ្ហា​ប្រេង

5 ឆ្នាំ មុន

ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ៖ ព្រះរាជបុត្រ Mohammed bin Salman របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​វ្លា​ដឺ​មៀរ ពូ​ទី​ន (Vladimir Putin)…

ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ៖ ព្រះរាជបុត្រ Mohammed bin Salman របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​វ្លា​ដឺ​មៀរ ពូ​ទី​ន (Vladimir Putin) ក្រៅផ្លូវការ​ក្នុង​អំឡុង​កិច្ចប្រជុំ G20 នៅ​ប្រទេស​​អា​ហ្ស​ង់​ទី​ន​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ និង​បាន​ពិភាក្សា​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ផ្នែក​ជា​ច្រើន​ដូច​ជា​ការ​ស្វែងរក​តុល្យភាព​ទីផ្សារ​ប្រេង​ពិភពលោក​ជាដើម ។

អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​ប្រទេស​រុ​ស្ស៊ី​រួម​ជាមួយនឹង​ប្រទេស​ផលិត​ប្រេង​សំខាន់​ៗ​ជុំវិញ​ពិភពលោក នឹង​ជួប​គ្នា​នៅ​ទីក្រុង​វី​យែ​ន​នៃ​ប្រទេស​អូ​ទ្រី​ស​ចាប់ពី​ថ្ងៃ​ទី​៦​ដល់​៧ ខែធ្នូ ដើម្បី​ពិភាក្សា​ពី​ទីផ្សារ​ប្រេង ខណៈ​ដែល​តម្លៃ​ប្រេង​ធ្លាក់​ចុះ ព្រោះតែ​ការ​ផ្គត់ផ្គង់​លើសលប់ ។

អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ស្នើ​ដល់​OPEC និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ឲ្យ​កាត់​បន្ថយ​ទិន្នផល​ប្រេង​ប្រមាណ​១​លាន​ធុង​ក្នុង​១​ថ្ងៃ​ពី​ខែមករា​ឆ្នាំ​២០១៩ ដើម្បី​ទប់ស្កាត់​តម្លៃ​មិន​ឲ្យ​ធ្លាក់​ចុះបន្ត ។

លោក​ប្រធានាធិបតី​ពូ​ទី​ន បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា លោក​មិន​អាច​ឲ្យ​តួលេខ​ច្បាស់លាស់​ទាក់ទិន​នឹង​ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​ទេ ប៉ុន្តែ​ប្រទេស​រុ​ស្ស៊ី​នឹង​បន្ត​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​ជុំវិញ​ពិភព​លោក ។

កាលពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​ពូ​ទី​ន និង​ព្រះរាជបុត្រ​បាន​ផ្តោះ​ប្តូរ​ការ​ស្វាគមន៍​គ្នា​យ៉ាង​ជិត​ស្និទ្ធ ខណៈ​ដែល​អ្នកដឹកនាំ​ទាំង​ពីរ​អង្គុយ​ជិត​គ្នា​នៅ​កិច្ចប្រជុំ G20 ។

អាកប្បកិរិយា​របស់​លោកពូ​ទី​ន មាន​លក្ខណៈ​ខុស​គ្នា​នឹង​អ្នកដឹកនាំ​ដទៃ​នៅ​កិច្ចប្រជុំ​ខាងលើ​យ៉ាង​ខ្លាំង តាម​រយៈ​ការ​ស្វាគមន៍​ជាមួយ​រាជបុត្រ​រូប​នេះ​ដោយ​ការ​ទះដៃ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ