រាជធានីភ្នំពេញ ៖ ព្រោះតែចិត្តក្តៅក្រហាយដូចពាក្យចាស់លោកថា ខ្លាមួយមិនអាចមានខ្លា២នោះ ធ្វើឱ្យស្ត្រីម្នាក់ដែលអះអាងថា ខ្លួនជាប្រពន្ធដើម បាននាំកូនប្រុស២នាក់ទៅរករឿងប្តីខ្លួន ដែលជាមន្ត្រីប៉ូលិសកំពុងនែបនិត្យជាមួយប្រពន្ធចុងនោះ បណ្តាលឱ្យផ្ទុះការឈ្លោះគ្នាបែកផ្សែងរវាងប្តីនិងប្រពន្ធ រួមទាំងកូនៗ ធ្វើឱ្យផ្អើលគេឯងពេញភូមិកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៣ មិថុនា ២០១៣ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជម្លោះរវាងប្តីប្រពន្ធមានស្នេហាត្រីកោណយ៉ាងក្តៅគគុកខាងលើនេះ ឪពុកនិងកូនបានដកអាវុធខ្លីភ្ជង់គ្នាទៅវិញទៅមក ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនម្តាយនិងកូនប្រុស២នាក់ ដែលអះអាងថា ជាប្រពន្ធដើមភ្លាមៗនោះដែរ ។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មន្ត្រីនគរបាលឃ្មួញដែលមានប្រពន្ធចុងនៅក្បែរស្នាក់ការប៉ុស្តិ៍នោះឈ្មោះគួយ សុខា អាយុ៤៦ឆ្នាំ ។ ចំណែកស្ត្រីដែលអះអាងថាជាប្រពន្ធដើមឈ្មោះស្រី ច័ន្ទសុគា អាយុ៤០ឆ្នាំ និងកូនប្រុស២នាក់ ម្នាក់ឈ្មោះគួយ សុខេង ជាកូនប្រុសបង អាយុ១៩ឆ្នាំ និងម្នាក់ទៀតឈ្មោះគួយ សុខុន អាយុ១៥ឆ្នាំ ជាកូនប្អូន ៕
ចែករំលែកព័តមាននេះ