ខេត្តកំពត ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានិងសម្ពោធឆ្លងទីសេនាសនៈក្នុងវត្តប្រាសាទ ស្ថិតនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត កាលពីថ្ងៃទី២២ មិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា កាលពីឆ្នាំ២០០៨ មកដល់ឆ្នាំ២០១៣ រយៈពេល៥ឆ្នាំនេះ តើរាជរដ្ឋាភិបាលគណបក្សប្រជាជនបានធ្វើអ្វីខ្លះ? សម្រាប់ប្រជាជននៅខេត្តកំពត និងសម្រាប់ប្រជាជននៅអង្គរជ័យ និយាយដោយឡែកបានធ្វើអ្វីខ្លះ?
សម្រាប់ប្រជាជននៅទូទាំងប្រទេសដើម្បីនឹងធ្វើការប្រៀបធៀបឱ្យឃើញថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនដែលមានហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនេះបានរីកចម្រើនឬអត់? សម្តេចមានប្រសាសន៍ថា ដូចជានៅក្នុងវត្តប្រាសាទនេះកសាងបានព្រះវិហារមួយ និងសេនាសនៈដទៃទៀត ក៏មានសាលារៀនជាច្រើនបានកើតឡើង ផ្លូវថ្នល់ជាច្រើនកំពុងតែរីកលូតលាស់ ផ្លូវជាតិលេខ៣ក៏បានកើត នៅក្នុងអាណត្តិទី៤ ផ្លូវដែកកំពុងកសាងនេះនឹងបញ្ចប់សម្ពោធនៅអាណត្តិទី៥ អគ្គិសនីកើតក្នុងអាណត្តិទី៤…។ សូមពិនិត្យមើលនូវសមិទ្ធផលដែលបានកើតនៅក្នុងអាណត្តិទី៤ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តគូសសន្លឹកឆ្នោតមួយសន្លឹកសម្រាប់គណបក្សប្រជាជន ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានសម្តែងនូវការអរគុណចំពោះព្រះសង្ឃ បងប្អូនជនរួមជាតិនៅក្នុងខេត្តកំពតនេះគឺការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១២ កន្លងទៅនេះ ប្រជាពលរដ្ឋក្នុងខេត្តកំពតចំនួន៦៣,០៨% បានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដែលស្នើនឹង៥អាសនៈ ។ កាលពីឆ្នាំ២០០៨ យើងមាន៥អាសនៈរួចហើយក្នុងចំណោម៦អាសនៈ យើងយក៥អាសនៈ ។ យោងទៅលើប្រជាពលរដ្ឋខេត្តកំពតដែលបានបោះបានចំនួន៦៣,០៨% យើងនឹងបន្តកាន់កាប់អាសនៈ៥បន្តទៅទៀត ។ សម្តេចតេជោ ហ៊ុន សែន មានជំនឿជឿជាក់ថា ព្រះសង្ឃប្រជាពលរដ្ឋដែលបានគាំទ្រគណ បក្សប្រជាជនរួចហើយ ដែលបានគាំទ្រតួនាទីរបស់ខ្ញុំជានាយករដ្ឋមន្ត្រីរួចមកហើយ ហើយកំពុងតែទទួលផលពីការដឹកនាំរបស់ខ្ញុំ នឹងបន្តការបោះឆ្នោតនេះជាបន្តទៀត គឺបោះឆ្នោតជូនគណបក្សប្រជាជនដែលមាននៅលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា គូសក្នុងរង្វង់មួយខ្វាច់ទៅបានហើយ ។
ខ្ញុំសូមអរគុណទុកជាមុន ជាមួយនឹងចិត្តសប្បុរស ការស្រឡាញ់ ការអាណិត ការពេញចិត្ត និងការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋលើតួអង្គខ្ញុំដែលជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់អាណត្តិជាបន្តទៀត ។ ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់សរុបព្រឹត្តិការណ៍សំខាន់ៗ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចជាប្រមុខចំនួន៣ចំណុចសំខាន់ៗរួមមាន១-វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក ២-ការឈ្លានពានពីប្រទេសថៃ និង៣-គ្រោះមហន្តរាយព្យុះកេតសាណា និងគ្រោះទឹកជំនន់ ។ ពាក់ព័ន្ធនឹងបញ្ហាប្រឈមធំៗ សម្តេចមានប្រសាសន៍ជម្រាបប្រជាពលរដ្ឋថា មេដឹកនាំរាជរដ្ឋាភិបាលដែលមានខ្ញុំដឹកនាំ នៅពេលជួបប្រទះនឹងវិបត្តិធំៗ កើតឡើង តើត្រូវដោះស្រាយរបៀបណា ?
១-វិបតិ្តសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក សម្តេចមានប្រសាសន៍ថា សព្វថ្ងៃអាមេរិកនិងអឺរ៉ុបមិនទាន់ដោះរួចខ្លួនទេ ។ ប៉ុន្តែប្រទេសកម្ពុជាបានបញ្ចៀសនូវការកើនឡើងថ្លៃទំនិញ ប្រេងឥន្ធនៈ និងការទិញផលិតផលពីខាងក្រៅប្រទេសដែលធ្លាក់ចុះ ។ រាជរដ្ឋាភិបាលក៏បានទប់មិនឱ្យឡើងថ្លៃ ភ្លើងនិងថ្លៃទឹក ។ នៅឆ្នាំ២០១២ កំណើនសេដ្ឋកិច្ចយើងបានឡើង៧,៣% ដែលនៅឆ្នាំ២០១៣ នេះ កម្ពុជាសង្ឃឹមថា នឹងមានកំណើនកើនឡើងលើ៧% ។ ក្នុងការដឹកនាំគឺវាមិនសាមញ្ញទេ គឺពោរពេញទៅដោយការលំបាក ។ ប៉ុន្តែយើងបានជម្នះបានប៉ុណ្ណេះគឺជារឿងមិនមែនធម្មតាទេ ។
ដើម្បីធានានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា នៅឆ្នាំ២០០៩ រោងចក្រមួយចំនួនបានបិទទ្វារ ដែលធ្វើឱ្យកម្មករប្រមាណ៤ម៉ឺននាក់បាត់បង់ការងារ ។ ប៉ុន្តែតាមរយៈភាពរឹងមាំនៃសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានឆ្លងផុត ហើយបានទាក់ទាញអ្នកវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា អ្នកដែលមានហើយត្រូវរក្សាអ្នកដែលមកថ្មីគឺត្រូវបានបង្កើត ។ កម្ពុជាបានឆ្លងផុតការលំបាកនេះដោយការបញ្ចៀសនូវវិបត្តិ តាមរយៈការគ្រប់គ្រងដ៏ប្រុងប្រយ័ត្នទៅលើបញ្ហាសេដ្ឋកិច្ច ព្រោះបញ្ហាសេដ្ឋកិច្ចនេះ សម្តេចបញ្ជាក់ថា គ្រាប់បែកអាចបំផ្លាញភូមិមួយ បំផ្លាញក្រុមគ្រួសារមួយបាន ប៉ុន្តែមិនអាចបំផ្លាញប្រទេសទាំងមូលបានទេ ។ ប៉ុន្តែគ្រាប់បែកសេដ្ឋកិច្ច កាលណាវាផ្ទុះហើយ គឺវាប៉ះពាល់មនុស្សទាំងអស់ក្នុងមួយប្រទេស ។
ដោយឡែក ផ្នែកសិកម្មបានកើនឡើងឥតឈប់ឈរក្នុងប៉ុន្មានឆ្នាំនេះ ទោះបីថាយើងជួបប្រទះនូវបញ្ហាព្យុះកេតសាណាឆ្នាំ២០០៩ ទឹកជំនន់ឆ្នាំ២០១១ ក៏ប៉ុន្តែយើងមានលទ្ធភាពនាំចេញជាង៤លានតោនស្រូវ ប្រហែល២,៥លានតោនអង្ករ ។ ឥឡូវយើងកំពុងទាក់ទាញវិនិយោគិនមកវិនិយោគពីមា៉ស៊ីនកិនស្រូវ វិនិយោគឃ្លាំង និងការប្រមូលទិញ ដើម្បីបង្កើនតម្លៃបន្ថែមឱ្យកសិកររបស់យើង ព្រោះកាលណាផលិតនៅក្នុងស្រុកយើង នៅសល់កន្ទក់ កញ្ចុងអង្ករ និងអង្គាមសម្រាប់ការចិញ្ចឹមសត្វក្នុងប្រទេសយើងទៀត ។ ដូច្នេះទាំងវិស័យកសិកម្ម ទាំងវិស័យឧស្សាហកម្ម សុទ្ធតែមានការកើនទាំងអស់ ។ វិស័យសេវាក៏កាន់តែកើនថែមទៀត ឆ្នាំកន្លងទៅយើងទទួលបានភ្ញៀវទេសចរចំនួន៣,៥លាននាក់ ។ ដោយឡែក៤ខែកន្លងទៅនេះ យើងទទួលបានភ្ញៀវទេសចរ១,៥លាននាក់អ៊ីចឹងឆ្នាំនេះសង្ឃឹមថា ទទួលការភ្ញៀវទេសចរលើសពី៤លាននាក់ ។
សម្តេចតេជោមានប្រសាសន៍បន្តទៀតថា ចំណុចនេះត្រូវឃើញអំពីការខិតខំរបស់រាជរដ្ឋាភិបាលគ្មានអ្នកណាផ្សេងទេ ឯអ្នកដទៃបានត្រឹមតែឱ្យបរទេសផ្តាច់ជំនួយកម្ពុជា កុំទិញទំនិញពីកម្ពុជា ែបរជាដូច្នេះទៅវិញ ហើយបែរថា កុំឱ្យបរទេសចុះហត្ថលេខាលើគម្រោងនានា។ ប៉ុន្តែផ្ទុយទៅវិញ សហភាពអឺរ៉ុបបានចុះហត្ថលេខាផ្តល់ជំនួយឱ្យរាជរដ្ឋាភិបាលកម្ពុជាចំនួន២៦លានដុល្លារ ខាងកសិកម្ម ។ សភាពការណ៍សេដ្ឋកិច្ចពិភពលោក ប៉ះ ពាល់ប៉ុណ្ណឹង ហើយរាជរដ្ឋាភិបាលក៏នៅតែអនុវត្តនូវការសន្យារបស់ខ្លួនគឺដំឡើងបៀវត្សរ៍២០% ប្រចាំឆ្នាំដល់មន្ត្រីរាជការស៊ីវិលនិងកម្លាំងប្រដាប់អាវុធ ។ ដល់ឆ្នាំខាងមុននេះ(អាណត្តិខាងមុខនេះ )យើងផ្លាស់ប្តូរពីការបង្កើនបៀវត្សរ៍ មានរយៈរង្វង់កញ្ចប់ចង្អុល២០% យើងបង្កើនបៀវត្សរ៍តាមកំណើនសេដ្ឋកិច្ចវិញ ។ តក់ៗពេញបំពង់ជំហានគីង្គក់ មួយព្រឹប ផ្លូវ១០០គីឡូម៉ែត្រ ជំហានគីង្គក់មួយព្រឹប ស្ពានពីរបី ព្រះវិហារមួយ…ពីរទៅ…។
បញ្ហាប្រឈមទី២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ អំពីការខុសគ្នាមានការបោះឆ្នោតឆ្នាំ២០០៨ និងការបោះឆ្នោតឆ្នាំ២០១៣ ។ មុនការបោះឆ្នោតឆ្នាំ២០០៨ រយៈពេលប៉ុន្មានថ្ងៃ កងទ័ពថៃបានចូលឈ្លានពានវត្តកែវសិក្ខាគិរីស្វារៈ និងតំបន់ប្រាសាទព្រះវិហារ ។ សឹងតែពាក់កណ្តាលអាណត្តិរហូតដល់ឆ្នាំ២០១១ ទើបសភាពការណ៍ស្ងប់ស្ងាត់ ។ សម្តេចពន្យល់ថា តើការលំបាកក្នុងឋានៈធ្វើជាមេដឹកនាំក្នុងការធ្វើការសម្រេចចិត្តរបៀបណា ?ថ្ងៃនេះខ្ញុំត្រូវតែទម្លាយជាសាធារណៈដើម្បីឱ្យមន្ត្រីក៏ដូចជាប្រជាពលរដ្ឋបានដឹងថា តួនាទីរបស់នាយករដ្ឋមន្ត្រីខុសគ្នា ពីតួនាទីរបស់អភិបាលខេត្ត ចៅហ្វាយស្រុក រដ្ឋមន្ត្រី មេឃុំ… ។ បើសិនសម្រេចខុសគឺមានគ្រោះមហន្តរាយ មិនមែនសម្រាប់តែតំបន់ព្រះវិហារទេ គឺទូទាំងប្រទេស ។
នៅប្រាសាទព្រះវិហារ ថ្ងៃទី១៥ កក្កដា ២០០៨ កងទ័ពថៃលើកចូលរាប់រយនាក់ បានឈ្លានពានមិនត្រឹមតែគ្រប់គ្រងវត្តកែវសិក្ខាគិរីស្វារៈទេ គឺគ្រប់គ្រងទាំងផ្លូវឡើងទៅប្រាសាទព្រះវិហារទៀត ដោយចែកគ្នាឈរនៅលើផ្លូវនោះ ។ ពេលនោះកម្ពុជាកំពុងតែឃោសនាបោះឆ្នោត ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីដែលមានសិទ្ធិបញ្ជាលើកម្លាំងប្រដាប់អាវុធ តើត្រូវយកការសម្រេចចិត្តបែបណា? ខ្ញុំសូមវិភាគជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដើម្បីយល់ពីការលំបាករបស់នាយករដ្ឋមន្ត្រី តើគប្បីត្រូវធ្វើរបៀបដូចម្តេច? បើសិនជាមិនមែននាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ តើសភាពការណ៍វានឹងប្រែប្រួលយ៉ាងម៉េច?
សម្តេចមានប្រសាសន៍ថា ជម្រើសរបស់យើងនៅពេលនោះ តើមួយណាអាក្រក់តិចជាង ក្នុងចំណោមជម្រើសរបស់យើង ។ ពេលនោះលទ្ធភាព៣ដែលអាចកើតឡើង លទ្ធភាពទី១ យើងបញ្ជាផ្ទុះអាវុធភ្លាមគឺវាយកងទ័ពឈ្លានពាននេះតែម្តងនៅនឹងតំបន់ប្រាសាទព្រះវិហារ ។ ជម្រើសនេះមិនមែនជាជម្រើសល្អទេ ដែលវាអាចរុញច្រានសភាពការណ៍ឱ្យផ្ទុះអាវុធទ្រង់ទ្រាយធំ ។ ដូច្នេះលទ្ធភាពទី១នេះគឺត្រូវឱ្យសភាពការណ៍នៅទ្រឹងប៉ុណ្ណឹង សុខចិត្តទ្រាំឱ្យគេជាន់ក្បាលបន្តិចសិន ។ លទ្ធភាពទី២ គឺលទ្ធភាពផ្ទុះអាវុធនៅ តំបន់វត្តកែវសិក្ខាគិរីស្វារៈ ប្រាសាទព្រះវិហារនិងតំបន់ជិតខាង តម្រូវឱ្យយើងលុបចោលការិយាល័យបោះឆ្នោតមួយចំនួន ។
ឯលទ្ធភាពទី៣ គឺមានការផ្ទុះអាវុធទ្រង់ទ្រាយធំទូទាំងព្រំដែនកម្ពុជា-ថៃ ហើយអាចមានការវាយលុកយ៉ាងជ្រៅចូលដីរបស់យើងដោយកងទ័ពថៃ តម្រូវឱ្យយើងលុបចោលការបោះឆ្នោតជាតិមួយទំាងស្រុងតែម្តង ។ ដូច្នេះលទ្ធភាពទាំងពីរនេះដែលវានឹងលេចឡើងនេះ តើរើសយកមួយណា? នេះហើយជាបញ្ហានៃមេដឹកនាំដែលត្រូវធ្វើការសម្រេចចិត្ត ។ សម្តេចមានប្រសាសន៍បន្តថា ក្នុងឋានៈជាអតីតទាហានម្នាក់ដែលធ្លាប់ចូលសមរភូមិ ១០៥លើក របួស៥ដង ពិការភ្នែកម្ខាង ឈាមស្ទើរតែហូរក្នុងបេះដូងដែលត្រូវឱ្យគេជាន់ឈ្លីលើអធិបតេយ្យ ហើយមិនព្រមផ្ទុះអាវុធ ។
ប៉ុន្តែឥឡូវនេះតើការសម្រេចចិត្តរបស់ខ្ញុំត្រូវឬខុស ? បើសិនជាយើងសម្រេចចិត្តទៅតាមការចង់បានរបស់មនុស្សខ្លះនៅក្នុងបក្សប្រឆាំងនោះសង្គ្រាមធំនឹងកើតឡើង ។ ប៉ុន្តែឥឡូវយើងដោះស្រាយបាន បញ្ចៀសការផ្ទុះអាវុធនៅទីនោះ យើងអត់បានលុបចោលការិយាល័យបោះឆ្នោតណាមួយនៅក្នុងតំបន់នោះទេ ។ ដូច្នេះការសម្រេចចិត្តបែបនេះ បញ្ចៀសបានសង្គ្រាមហើយបោះឆ្នោតបាន ។ រឿងនេះនៅទីក្រុងបាងកក គេប្រើបញ្ហាប្រាសាទព្រះវិហារដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលស្និទ្ធនឹងថាក់ស៊ីនស៊ីណាវ៉ាត្រា ។ ឯនៅកម្ពុជា គេប្រើប្រាស់បញ្ហាទល់ដែននេះដើម្បីកុំឱ្យមានការបោះឆ្នោត ព្រោះបក្សប្រឆាំងគេដឹងថា គេចាញ់ ។ បោះឆ្នោតរួចហើយយើងខិតខំចរចាកាត់បន្ថយកងទ័ពជាបណ្តើរៗ…។
បន្តមកចូលដល់ឆ្នាំ២០១០ បានឯកភាពគ្នាចេញពីវត្តកែវសិក្ខាគិរីស្វារៈចុះទៅនៅខាងក្រោមទាំងអស់គ្នាដកជាបន្តបន្ទាប់ ។ ដល់ចុងឆ្នាំ២០១០ បានឯកភាពគ្នាដាក់មនុស្ស៥-៥ ។ នេះជាការសម្រេចត្រូវរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាការសម្រេចចិត្តបញ្ចៀសសង្គ្រាម ។ បើសិនជាមិនមែនជានាយករដ្ឋមន្ត្រី ហ៊ុន សែន សភាពការណ៍ក្លាយទៅជាការដូរទិសផ្សេងហើយ ។ បន្ទាប់មកហេតុការណ៍ផ្ទុះអាវុធថ្ងៃទី៤ កុម្ភៈ និងទី៦ កុម្ភៈ ខ្ញុំបញ្ជាតាមទូរស័ព្ទផង វិទ្យុទាក់ទងផងVideo Conferene ផង ។ ស្រាប់តែរដ្ឋមន្ត្រីការពារជាតិថៃទូរស័ព្ទមកសំុឈប់បាញ់…ដល់ថ្ងៃ៦វាយគ្នាទៀតដាក់មួយទៀត ប្រើដោយកាំភ្លើងធ្ងន់ ដាក់BM21 ចូលបន្ទាយស្រែកយ៉ៃ សូមឈប់ទៀត ។
សម្តេចមានប្រសាសន៍ថា នៅពេលនេះអត់ធ្វើនយោបាយតែមួយផ្លូវទេ យោធាទប់នៅនឹងកន្លែង បញ្ជូនឯកសារទៅក្រុមប្រឹក្សាសន្តិសុខ ទៅអង្គការសហប្រជាជាតិទៀតនិងប្រធានមហាសន្និបាតអ.ស.ប អាវុធមិនទាន់ឈប់ផ្ទុះទេ ឯខ្ញុំចុះហត្ថលេខាបញ្ជូនឯកសាររួចស្រេច ។ កោះប្រជុំបន្ទាន់ ទីបំផុតប្រតិបត្តិការត្រឹមរង្វង់តែមួយ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប កោះប្រជុំបន្ទាន់។ ក្រោយមកកម្ពុជាដាក់រឿងនេះទៅតុលាការអន្តរជាតិទីក្រុងឡាអេ ។ តើវិធីដោះស្រាយរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមវិធីមុមចង្ក្រានបីសមស្របឬទេ ? សម្រាប់ការវិនិច្ឆ័យរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។ ទី១-យោធាទប់ទល់នៅនឹងកន្លែង កុំឱ្យគេឈ្លានពានបាន
ទី២-ដំណើរការការទូតតាមរយៈយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងតាមរយៈអាស៊ាន ។
ទី៣-តាមរយៈផ្លូវច្បាប់ទៅតុលាការអន្តរជាតិ ទីក្រុងឡាអេរ ។ តើការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឹមត្រូវហើយឬនៅ? បញ្ចៀសបានការកេណ្ឌទាហានយកទៅច្បាំង មិនបានរើសទាហានថ្មីពី បណ្តាខេត្តនានាយកទៅច្បាំងទេ ។ នេះគឺជាចំណុចដែលពាក់ព័ន្ធនឹងបញ្ហាមិនធម្មតាទេ ។ បញ្ហាប្រឈមទី៣-នៅថ្ងៃទី២៤ មេសា ក្រោយចូលឆ្នាំខ្មែរបន្តិច តើការសម្រេចចិត្តនៃសមរភូមិមួយនេះត្រឹមត្រូវឬអត់ ។ ម៉ោង៩ព្រឹក ថៃចាប់បាញ់កាំភ្លើងធំ១៣០និង១៥៥មិល្លីម៉ែត្រ ចូលមកដីខ្មែរ ។ ខ្ញុំនិងទាហាន ប៉ូលិស ប៉េអឹម អង្គុយនៅមុខ Video Conferene នៅផ្ទះរបស់ខ្ញុំ និងបញ្ជាតាមទូរស័ព្ទ ។ សមរភូមិខ្មែរសុំបាញ់តបតទៅវិញដោយកាំភ្លើងធំ ។ ព្រោះគេបាញ់កាំភ្លើងធំមកខ្លាំងពេក ពេលនោះជម្លៀសប្រជាជនមករកកន្លែងសុវត្ថិភាពរហូតមកដល់ស្រុកសំរោង ចូលមករាប់ម៉ឺនគ្រាប់ ។
សម្តេចបានបញ្ជាក់ថា មិនឱ្យបាញ់តប ប្រាប់ឱ្យខាងមុខទប់ថ្មើរជើងឱ្យជាប់ ។ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា នេះគឺជាឆន្ទៈនយោបាយដើម្បីកុំឱ្យពង្រីកសង្គ្រាម ។ ប៉ុន្តែនៅក្នុងយុទ្ធវិធីកងទ័ព យើងឱ្យកងទ័ពរបស់យើងទប់ថ្មើរជើងឱ្យជាប់ យើងអត់ធ្មត់ជាង១០០ម៉ោង ទើបឱ្យវាយបក ។ បានសេចក្តីថា ថ្ងៃទី២៤ រហូតដល់ថ្ងៃ២៧ មេសា ម៉ោង៣កន្លះ ទើបយើងចាប់ផ្តើមវាយវិញតែម្តង ។ វាយម្តងចេញរាប់រយចំណុចទៅតែម្តង…។ ថៃផ្ងារបេរ៉េត៍តែម្តង ។ ១៧នាទីរដ្ឋមន្ត្រីការពារជាតិថៃទូរស័ព្ទមកសុំចរចាឈប់បាញ់ ខ្ញុំនិយាយឱ្យថៃឮ ។
សម្តេចតេជោ ហ៊ុន សែន បានរិះគន់ថា វាយខ្មែរជាង១០០ម៉ោងអត់បបួលចរចា ដល់ខ្មែរវាយវិញ១៧នាទីសុំចរចា ។ នេះហើយជាបញ្ហា ឈា្លនពានរបស់ថៃបាននាំដល់អ្វីសម្រាប់យើង គឺបន្ទុកចំណាយ ជម្រើសនយោបាយនិងការចេញបទបញ្ជាទ័ព ពេលណាត្រូវវាយ ពេលណាមិនត្រូវវាយ ។ ប៉ុន្តែអ្វីដែលធំគឺវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោកដែលជះឥទ្ធិពលមកដល់យើង វាមានចំណុចពាក់ព័ន្ធជាមួយនឹងបញ្ហាចំណាយទៅលើយោធាយ៉ាងច្រើន កាត់បន្ថយលើការធ្វើផ្លូវ ស្ពាន … ជាច្រើនដើម្បីសម្រាប់វិស័យការពារបូរណភាពទឹកដីអធិបេតយ្យ ។ យើងសង្គ្រោះបានប្រជាពលរដ្ឋដែលលិចលង់ ដោយគ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០១១ ស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ ស្ពាន ជួយប្រជាជនដែលរងគ្រោះធ្វើឱ្យកំណើនសេដ្ឋកិច្ចកើន ។
ដូច្នេះពិបាកណាស់ក្នុងបញ្ហានេះ នេះហើយជាបញ្ហាមេដឹកនាំ បើមិនមែននាយករដ្ឋមន្ដ្រី ហ៊ុន សែន ច្បាស់ជាសភាពការណ៍ត្រូវដូរទិសមួយផ្សេងទៅវិញ ។ សង្គ្រាមកម្ពុជា-ថៃ នៅអត់បញ្ចប់បានទេ ។ សម្ដេចតេជោ សែន គូសបញ្ជាក់ថា រឿងប្រាសាទព្រះវិហារជារឿងមួយក្នុងចំណោមបញ្ហាធំៗជាច្រើនទៀត ដែលយើងត្រូវដោះស្រាយជាមួយថៃ សហការជាមួយគ្នាដើម្បីកសាងសេដ្ឋកិច្ច ការអភិវឌ្ឍនៅតាមព្រំដែន ។ នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោះស្រាយបញ្ហាបែបនេះឯង ។ សម្ដេចបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំប្រទេសថៃ ក្នុងសម័យរដ្ឋាភិបាលអាប់ភីស៊ីតវេចាជីវ៉ា ថាមានអ្នកជិតខាងអាក្រក់ប្រៀបដូចជាមានមីន ប៉ុន្តែក្នុងអំឡុងរដ្ឋាភិបាលថៃថ្មី ក្រោមការដឹកនាំរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ជាអ្នកជិតខាងល្អដូចជាមានមាស៕
ចែករំលែកព័តមាននេះ